អានតួអត្ថបទ
កម្ពុជា

លីកាដូ​ ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​ ដើម្បី​កុមារ​ដែល​មាន​ម្តាយ​ជាប់​ក្នុង​ពន្ធនាគារ

សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ នៅ​ថ្ងៃ​អង្គារ​ ​ទី​២៦​ឧសភា​នេះ ​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ កម្រាស់​ ៣៣​ទំព័រ​ និយាយ​អំពី​ «ម្តាយ​នៅ​ក្នុង​ពន្ធនាគារ​៖ ផល​ប៉ះពាល់​នៃ​ការ​ឃុំ​ខ្លួន​ស្ត្រី​ និង​កូន​របស់​អ្នក​ទាំង​នោះ»។ ខុស​ពី​របាយការណ៍​មុន​ៗ​ របាយការណ៍​លើក​នេះ​ គឺ​ផ្តោត​សំខាន់​លើ​ផលវិបាក​របស់​កុមារ​ ដែល​មាន​ម្តាយ​ជាប់​នៅ​ក្នុង​ពន្ធនាគារ។ កុមារ​នៅ​ក្រៅ​ពន្ធនាគារ​ ដែល​អង្គការ​លីកាដូ​ បាន​ស្រាវជ្រាវ​ឃើញ​ថា ​ពួកគេ​បាន​ទទួល​ផល​អវិជ្ជមាន​​ក្នុង​ជីវិត​ជា​ច្រើន ពេល​ត្រូវ​បំបែក​ពី​ម្តាយ។ លីកាដូ ​ចង់​ឲ្យ​មាន​ដំណោះស្រាយ​រយៈពេល​វែង​សមរម្យ​មួយ ដើម្បី​ឲ្យ​កុមារ​ដែល​មាន​ម្តាយ​ជាអ្នក​ទោស​ទាំង​នោះ ទទួល​​បាន​ប្រយោជន៍​សម្រាប់​ជីវិត​របស់​ពួកគេ។

អ្នក​ទោស​​ស្ត្រី​​ត្រូវ​​បាន​​ដោះ​លែង​​ចេញ​​ពី​​ពន្ធនាគារ​​នា​ពេល​កន្លង​មក។​
អ្នក​ទោស​​ស្ត្រី​​ត្រូវ​​បាន​​ដោះ​លែង​​ចេញ​​ពី​​ពន្ធនាគារ​​នា​ពេល​កន្លង​មក។​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​នឹង​ស្ត្រី​ជាម្តាយ​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ឬ​ដែល​ត្រូវ​បាន​ដោះលែង​ថ្មី​ៗ​ ចំនួន ៩៦នាក់ និង​ជាមួយ​អ្នក​ថែ​ទាំង​កុមារ​ក្រៅ​ពន្ធនាគារ ​ចំនួន ​៣៦​នាក់ ​ក្នុង​ ១២​ខេត្ត ​និង​រាជធានី​ភ្នំពេញ ​លីកាដូ ​បាន​ចេញ​ផ្សាយ​របាយការណ៍​កម្រាស់ ៣៣​ទំព័រ​ នៅ​ថ្ងៃ​ទី​ ២៦ឧសភា បញ្ជាក់ថា​ កុមារ​ជាច្រើន​ពាន់​នាក់​ ដែល​ត្រូវ​បាន​បំបែក​ចេញ​ពី​ម្តាយ​ ដែល​ជាប់​ក្នុង​ពន្ធនាគារ គឺ​ទទួល​រង​នៅ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​ ទំនាក់​ទំនង​រវាង​ម្តាយ​ និង​កូន អាច​ធ្វើ​ឲ្យ​មាន​គំលាត គ្មាន​ភាព​ស្និទ្ធស្នាល។ ប៉ះពាល់ ដល់​ការ​អប់រំ​ ដោយ​សារ​កូន​ៗ​ទាំង​នោះ ពុំ​មាន​អារម្មណ៍​សិក្សា​ឲ្យ​បាន​ល្អ ពួក​គេ​តែងតែ​នឹក​ម្តាយ​ដែល​នៅ​ក្នុង​ពន្ធនាគារ។ ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ ដោយ​សារ​គ្រួសារ​ ត្រូវ​បាត់បង់​ចំណូល។ ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ និង​ទំនាក់​ទំនង​សង្គម​ជា​ដើម។

ឆ្លង​តាម​ការ​រក​ឃើញ​ទាំង​នេះ​ លីកាដូ ​ចង់ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​គឺ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​មហា​ផ្ទៃ ​គួរ​តែ​មាន​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​សម្រាប់​បញ្ហា​ខាង​លើ។ ដំណោះ​ស្រាយ​រយៈពេល​វែង ដែល​បើ​តាម​អ្នក​នាង​នូ សំអន ​អ្នក​គ្រប់គ្រង​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​លីកាដូ បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ មាន​៤​ចំនុច​ចម្បង​គឺ​ការ​សម្រេច​ឃុំ​ខ្លួន​ ថា​តើ​បទល្មើស​របស់​ស្ត្រី​ជា​ម្តាយ ​និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​ មាន​សមាមាត្រ​គ្នា ដែល​គួរ​តែ​ត្រូវ​ឃុំ​ខ្លួន​ ឬ​អត់។ មួយ​ទៀត គឺ​ការ​រៀបចំ​ជា​ប្រព័ន្ធ ថា​តើ​ម្តាយ​គួរ​តែ​ឲ្យ​កូន​នៅ​ជាមួយ​ម្តាយ ឬ​នៅ​ខាង​ក្រៅ​ពន្ធនាគារ។ ហើយ​ចៅក្រម​ស៊ើបសួរ​ ក៏​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​សម្រាប់​កុមារ​ផង​ដែរ ប្រសិន​បើ​សម្រេច​ឲ្យ​ម្តាយ​របស់​ពួក​គេ​ត្រូវ​ឃុំ​ខ្លួន។ និង​ចំនុច​សំខាន់​ចុងក្រោយ ​គឺ​ពន្ធនាគារ​គួរតែ​មាន​ការ​រៀប​ចំ​ជា​ពិសេស​ សម្រាប់​កុមារ​ដែល​ចង់​រស់នៅ​ជាមួយ​ម្តាយ​របស់​ពួកគេ​ នៅ​ទីនោះ។

តាម​លីកាដូ អាជ្ញាធរ​នានា ជា​ពិសេស​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ជីវិត​កុមារ​ជាច្រើន​នាក់​ល្អ​ប្រសើរ ​ដោយ​គ្រាន់​តែ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដែល​មាន​ស្រាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កាត់​បន្ថយ​ចំនួន​ម្តាយ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​មិន​មាន​ភាព​ចាំបាច់។ ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ដោយ​មិន​ចាំបាច់​ គឺ​សម្តៅ​ដល់​ស្ត្រី​ជា​អ្នក​ទោស​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ឬ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទល្មើស​ស្រាល​ ឬ​បទល្មើស​អហិង្សា ដែល​មិន​គួរ​ជាប់​ពន្ធនាគារ។

គួរ​រម្លឹក​ជូន​ថា​ ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អាជ្ញាធរ​កម្ពុជា​ បាន​ដោះលែង​ស្ត្រី ដែល​មាន​ផ្ទៃពោះ និង​មាន​កូន​តូច​ៗ​ ក្នុង​ពន្ធនាគារ​ប្រមាណ​ជិត​ ៦០​នាក់​ប៉ុណ្ណោះ ​ក្នុង​រយៈពេល​មុន​និង​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ និង​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​ ឆ្នាំ​ ២០១៥ នេះ។ លីកាដូ បាន​បញ្ជាក់​ថា នៅ​មាន​អ្នក​ទោស​ស្តី្រ​ជា​ម្តាយ​ជា​ច្រើន​នាក់​ទៀត​ នៅ​ពុំ​ទាន់​ទទួល​បាន​ការ​លើក​លែង​ណា​មួយ​នោះ​ទេ មក​ទល់​នឹង​ពេល​នេះ ហើយ​ពួក​គេ​ទាំង​នោះ ​កំពុង​ត្រូវ​ការ​ដំណោះស្រាយ​រយៈពេល​វែង​ តាម​រយៈការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​មួយ​ចំនួន​ជា​ពិសេស​នៅ​ក្នុង​នីតិវិធី​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ