អានតួអត្ថបទ
កម្ពុជា-សង្គម

៥​ខែ​ក្នុង​ឆ្នាំ​២០១៨៖ រន្ទះបាញ់​សម្លាប់​មនុស្ស​៥១​នាក់

យ៉ាងហោច​ណាស់​មាន​មនុស្ស​៥១​នាក់​បាន​ស្លាប់ និង​របួស​ជាង​៣០​នាក់ ដោយ​សារហេតុការណ៍​រន្ទះ​បាញ់។ ចំនួន​នេះ​គិត​ត្រឹម​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ក្នុង​នោះរួម​ទាំង មនុស្ស​៥​នាក់ ដែល​បាន​ស្លាប់ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​រន្ទះ​បាញ់ នៅ​ស្រុកថ្ម​បាំង ខេត្ត​កោះកុង។ នេះ​បើ​តាម គណៈកម្មាធិ​ការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

បាតុភូតរន្ទះ
បាតុភូតរន្ទះ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក កែវ វី អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​ស្លាប់ ដោយ​សារ​ហេតុការណ៍​រន្ទះ​បាញ់​នៅ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៥១​នាក់ និង​របួស​ជាង​៣០​នាក់។ ចំនួន​នេះ មាន​ការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ ដែល​មាន​មនុស្ស​ស្លាប់​៤១​នាក់។ នេះ​បើ​គិត​ត្រឹម​រយៈ​ពេល​៥​ខែដូច​គ្នា។ ហេតុការណ៍​រន្ទះ​បាញ់​ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​កត់​សម្គាល់​ថា មាន​ការ​កើន​ឡើងនិង​មាន​មនុស្ស​ស្លាប់​ច្រើន ក្នុង​ពេល​តែ​មួយ​រហូត​ដល់​៥​នាក់ នៅ​ក្នុង​ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង។

មុន​កើត​មាន​ករណី​មនុស្ស​ស្លាប់​៥នាក់ ក្នុង​ពេល​តែ​មួយ កន្លែង​តែ​មួយ ដោយ​សារ​រន្ទះ កោះ​កុង​នេះ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ថ្ងៃ​ទី​១៤​ឧសភា ​ពី​ខេត្ត​ឧត្តរមានជ័យ​ឯណោះ​វិញ ក៏​មាន​ករណី​មនុស្ស​២​នាក់​ស្លាប់​និង​៣​នាក់​របួស​ ដោយ​សារ​រន្ទះ​ដែរ។ មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ កើត​ឡើង​ដោយ​សារ ជន​រង​គ្រោះ​ទៅ​ភ្ជួរ​ស្រែ ហើយ​ពេល​មាន​ភ្លៀង​ធ្លាក់​ក៏​នាំ​គ្នា​ទៅ​ជ្រក​ក្រោម​ដើម​ឈើ ក៏​ត្រូវ​រន្ទះ​បាញ់​តែ​ម្តង។

ចំណុច​នេះ​លោក កែវ វី ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ការ​នៅ​កណ្ដាល​វាល​ស្រែ​ ​ឬ​នៅ​លើ​ផ្ទៃ​ទឹក​ក្រោម​ហេតុផល​បញ្ចប់​ការងារ ដោយ​មិន​សូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ រន្ទះ​បាញ់​ជា​ហេតុការណ៍​មួយ​មិន​អាច​បញ្ជៀស​បាន តែ​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង នៅ​ពេល​មេឃ​រក​ភ្លៀង គួរ​ស្វែង​កន្លែង​មាន​សុវត្ថិភាព ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​ជា​ទី​កន្លែង​មាន​សុវត្ថិភាព​បំផុត។ ម្យ៉ាង​ទៀត ពលរដ្ឋ​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ស្ថាប័ន​ជំនាញ​នា​ពេល​កន្លង​មក​ដោយ​រួម​មាន ផ្អាក​ប្រើ​ទូរស័ព្ទ បិទ​ទូរទស្សន៍ ជៀស​វាង​កាន់​របស់​ដែល​មាន​ជាតិ​ដែក​នៅ​ក្នុង​ដៃ។ នេះ​បើ​តាម​លោក កែវ វី ។

ពាក់​ព័ន្ធ​ករណី​គ្រោះ​ធម្មជាតិ​បង្ក​ឡើង​ដោយ​បាតុភូត​ខ្យល់​កន្ត្រាក់​វិញ ៥​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ កើត​ឡើង​៨៦​លើក នៅ​ក្នុង​រាជធានី​ខេត្ត​២៤​លើក​លែង​តែ​ខេត្ត​កែប​និង​រលំ​ផ្ទះ​សម្បែង​ក្នុង​រូបភាព​ធ្ងន់​ធ្ងរ​ជាង​៣០០​កន្លែង បណ្តាល​ឲ្យ មនុស្ស​ស្លាប់​២​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ