អានតួអត្ថបទ
កម្ពុជា

ជំនាញ​ភាសាវិទ្យា នរវិទ្យា និង ប្រវត្តិសាស្រ្ត នឹង​ត្រូវ​បើក​បង្រៀនបន្ថែមទៀត​​នៅក្នុង​ពេល​ឆាប់ៗ​នេះ!​

ជំនាញ​ផ្នែក​​ភាសា​វិទ្យា នរវិទ្យា និង​ប្រវត្តិសាស្ត្រ កម្រិត​ឧត្តមសិក្សា នឹង​ត្រូវ​បើក​បង្រៀននិង​ស្រាវជ្រាវ បន្ថែមទៀត​ នៅក្នុង​ពេល​ឆាប់​ៗ​​​ខាង​មុខ​នេះ!​ ការ​បើក​កម្មវិធី​បណ្តុះបណ្តាល​និង​សិក្សា​ស្រាវជ្រាវ​នេះ គឺ​ស្ថិត​ក្រោម​គម្រោង​ជំនួយ​របស់​សហគមន៍អឺរ៉ុប សហការ​ជាមួយ​ក្រសួង​អប់រំ​កម្ពុជា។ ការ​បើក​បង្រៀន​និង​ស្រាវជ្រាវ ទៅលើផ្នែក​ភាសានិង​មនុស្ស​សាស្ត្រ​ គឺ​ស្រប​ពេល​ដែល​កម្ពុជា​ កំពុង​ខ្វះ​ធនធានមនុស្ស ​ដែ​លចេះដឹង​​ច្បាស់​លាស់​ចំពោះ​ជំនាញ​ទាំង​អស់​នេះ។

សាស្ត្រាស្លឹករឹត
សាស្ត្រាស្លឹករឹត @eBudinst
ផ្សាយពាណិជ្ជកម្ម

​ជំនាញផ្នែកភាសា នរវិទ្យា និង ប្រវត្តិ​សាស្ត្រ​វិទ្យា នេះ គឺ​នឹង​មាន​ការ​ស្រាវជ្រាវ​និង​បង្រៀន​បន្ថែមទៀត​​ នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា​​ចំនួន​៣ គឺ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ, សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និងនៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កម្ពុជា។ 

​នៅ​ក្នុង​ឱកាស​ពិធី​ចុះ​អនុស្សា​រណៈ ​ភាព​ជា​ដៃ​គូ​ក្នុង​ក្រប​ខណ្ឌ​គម្រោង​សហគមន៍​អឺរ៉ុប កាលពី​សប្តាហ៍​មុន​ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, លោក​ សាមីឌី ស៊ីវឌ្ឍនា អនុរដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ បាន​លើកឡើង​ថា គម្រោង​ពង្រឹង​ការ​ស្រាវ​ជ្រាវ លើ​វិស័យ​ភាសា​វិទ្យា នរវិទ្យា និង​ប្រវត្តិសាស្រ្ត  គឺ​ស្រប​ពេល​ដែល​និស្សិត​ភាគ​ច្រើន​ ពុំ​សូវ​ចាប់​អារម្មណ៍​រៀន​ជំនាញ​ទាំង​នេះ ហើយ​ ស្រុក​ខ្មែរ ក៏​ខ្វះ​ខាត​អ្នក​ជំនាញ​ផ្នែក​ទាំង​អស់​នេះ​ដែរ​ ក្នុង​ការ​បណ្តុះ​បណ្តាល បន្ត​ដល់​និស្សិត​ជំនាន់​ក្រោយ។

ចំណែក​បណ្ឌិត​ ថាច់ ដេត អ្នក​សម្រប​សម្រួល​គម្រោង​ INALCO វិទ្យាស្ថាន​ជាតិ​ភាសា​និង​អារ្យធម៌​ នៅរដ្ឋាធានីប៉ារីស៍ បាន​ឱ្យ​ដឹង​ ក្នុង​ឱកាស​ពិធី​ចុះ​អនុស្សារណៈ នោះ​ដែរ​ថា គម្រោង​នេះកំពុង​ដំណើរ​ការ​ រួម​មាន ទាំង​ការ​រៀប​ចំ​គម្រោង​ និង​រចនា​សម្ព័ន្ធ​នៃ​ការ​ស្រាវ​ជ្រាវ​ ដែលផ្តោត​សំខាន់​លើ​វិស័យ​បី​នេះ​។ ការ​ស្រាវ​ជ្រាវ​នេះ អាច​នឹង​ឈាន​ដល់​ការ​បង្កើត ស្ថាប័ន​អន្តរ​សកល​វិទ្យាល័យ​នៅ​ក្នុង​កម្ពុជា​ បន្ទាប់​ពី​រក​ឃើញ​ធនធាន​ និង​តម្រូវ​ការ​របស់​កម្ពុជា​។

បើ​តាម​លោក ថាច់ ដេត ដដែល កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​! ដូច្នេះ​ តម្រូវ​ការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ច្បាស់​លាស់ គឺ​ជា​ការ​ចំា​បាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​ រីក​ចម្រើន​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​លើ​លោក។​

គួរ​បញ្ជាក់ថា គម្រោង​សិក្សា​ស្រាវជ្រាវ​និង​បណ្តុះ​បណ្តាល​នេះ គឺ​ស្ថិត​ក្នុង​ក្រោម​ជំនួយ​របស់​សហគមន៍អឺរ៉ុប ដែល​គ្រោងនឹង​ចំណាយ​លុយ​ប្រមាណ​ជាង​១​លាន​អឺរ៉ូ និង​ដែល​​មាន​រយៈ​ពេល​បី​ឆ្នាំ  ចាប់​ពី​ឆ្នាំ​នេះ ដល់​ចុង​ឆ្នាំ២០១៩​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ