ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT
កម្ពុជា

ព្រះអង្គ លួន សុវ៉ាត ចោទ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ថា​បាន រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ព្រះ​សង្ឃ

media  
ព្រះអង្គ លួន សុវ៉ាត ចោទ​អា​ជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ថា​បាន រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ព្រះសង្ឃ

ព្រះអង្គ លួន សុវ៉ាត ដែល​តែង​ធ្វើ​សកម្មភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​សង្គម ដោយ​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​មធ្យោបាយ​ចែក​ផ្សាយ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​នេះ បាន​ចោទ​ប្រកាន់ ស្នង​ការ​រង ខេត្ត​ឧត្តរមានជ័យ ថា គំរាម​កំហែង និង​រំលោភ​សិទ្ធិ​សេរីភាព​ព្រះសង្ឃ។ ព្រះ​សង្ឃ​ការពារ​សិទ្ធិ​មនុស្ស រូប​នេះ បាន​ប្រើ​ហ្វេស​ប៊ុក ស្រែក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្តល់​យុត្តិធម៌​ជូន​ព្រះអង្គ ចំពោះ​ទង្វើ​អាជ្ញាធរ ដែល​បាន​ដក​ហូត​បណ្តោះ​អាសន្ន​ទូរស័ព្ទ​ផ្ទាល់​ខ្លួន ព្រះ​សង្ឃ ៤​គ្រឿង ឃាត់​ដំណើរ​ព្រះ​សង្ឃ ៤​អង្គ អស់ ជិត ៤ម៉ោង និង​បង្ខំ​លុប​វិដេអូ​ចោល​ទាំងអស់។

ព្រះអង្គ លួន សុវ៉ាត ព្រះ​សង្ឃ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា នៅ​ថ្ងៃ​សុក្រ​នេះ លោក​ឧត្តមសេនីយ៍ ហង្ស បូរ ស្នង​ការ​រង​ខេត្ត​ឧត្តរមានជ័យ បាន​បញ្ជា​ផ្ទាល់​ឲ្យ​កង​កម្លាំង ចាប់​ដក​ហូត​ទូរស័ព្ទទំនើប​ ៤​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន ពី​ព្រះអង្គ និង​ព្រះសង្ឃ​សមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ផ្សេង​ទៀត ក្នុង​ពេល​ដែល ក្រុម​ព្រះអង្គ កំពុង​ថត​វិដេអូ​ផ្សាយ​បន្ត​ផ្ទាល់​តាម ហ្វេសប៊ុក ក្នុង​ព្រឹត្តិការណ៍​ឃោសនា​បោះ​ឆ្នោត។
 
ព្រះអង្គ លួន សុវ៉ាត បាន​បន្ថែម​ថា មុន​ពេល​ប្រគល់​សម្ភារៈ​ដក​ហូត​ជូន​ព្រះសង្ឃ ៤​អង្គ​វិញ អាជ្ញាធរ​បានឃាត់ដំណើរព្រះសង្ឃ ជិតបួនម៉ោង បង្ខំ​ឲ្យ​ព្រះសង្ឃ​ដោះ​លេខ​កូដ​ទូរស័ព្ទ ដើម្បី​អាជ្ញាធរ​អាច​លុបចោល​វិដេអូ​ចោល​ទាំងអស់ ទាំង​ក្នុង​ទូរស័ព្ទ និង​វិដេអូ​ដែល​ផ្សាយ​រួច​លើ​ហ្វេស​ប៊ុក ព្រម​ទាំង​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ចំនួន​ផង​ដែរ។
 
ព្រះសង្ឃ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​រូប​នេះ ចាត់​ទុក​ថា ទង្វើ​របស់​អាជ្ញាធរខេត្ត​ឧត្តរមានជ័យ គឺ​ជា​ការ​គំរាម​កំហែង​លើ​សិទ្ធិ​បោះឆ្នោត​ព្រះសង្ឃ និង​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​ព្រះ​សង្ឃ។ ព្រះអង្គ លួន សុវ៉ាត ក៏​បាន​ប្រើ​ហ្វេស​ប៊ុក​ដដែល ដើម្បី​ស្វែង​រក​យុត្តិធម៌ ខណៈ​វិដេអូ​ដែល អាជ្ញាធរ​បាន​ប៉ុន​ប៉ង​លុប​លើ​ហ្វេស​ប៊ុក មិន​បាន​សម្រេច។
 
អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ថ្លែង​ថា ការ​ដក​ហូត​ទូរស័ព្ទ​ពី​ព្រះ​សង្ឃ ក៏​ព្រោះ​អាជ្ញាធរ​មាន​លេស​ថា ក្រុម​ព្រះ​សង្ឃ​បាន​ថត​ផ្សាយ វិដេអូ មួល​បង្កាច់​ថា សមត្ថកិច្ច​បាន​វាយ​ធ្វើ​បាប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ យ៉ាង​ណា​ក៏​ដោយ មន្ត្រី​អាដហុក​រូប​នេះ យល់​ថា ការ​ប្រើ​អំពើហិង្សា​របស់​សមត្ថកិច្ច​ចាប់​កាច់​ដៃ​ព្រះ​សង្ឃ​ដើម្បី​ដណ្តើម​ទូរស័ព្ទ​ទំនើប ជេរ​ប្រមាថ​ព្រះសង្ឃ ជា​ទង្វើ​មិន​សមរម្យ និង​ជាការ​រារាំង​សេរីភាព​សម្តែង​មតិ​របស់​ពលរដ្ឋ​ទូទៅ។
 
អ្នក​នាំ​ពាក្យ និង​អភិបាល​ខេត្ត​ឧត្តរមានជ័យ មិន​ទាន់​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ នៅ​ថ្ងៃ​សុក្រ​នេះ។ តែ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ដាក់​មន្ទិល​ថា ការ​ប្រឈម​នៅ​ខេត្ត​ឧត្តរមានជ័យ អាច​ជា​បញ្ហា​រវាង​អាជ្ញាធរ និង​ព្រះ​សង្ឃ ឬ​អាច​មាន​ចំណែក​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត ដែល​ជា​តួនាទី គជប ប៉ុន្តែ គជប នឹង​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ដរាប​ណា​មាន​បណ្តឹង​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ភាគី​ពាក់​ព័ន្ធ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ