អានតួអត្ថបទ
កម្ពជា

សីតុណ្ហភាព​នៅ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជាចុះ​ត្រជាក់​ខ្លាំង​ ចាប់​ពី​ថ្ងៃ​ទី​ ២៥ ដល់ ២៦ មករា​ នេះ​

ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់ ថ្ងៃទី ២៦ មករា ស្អែក​នេះ កម្រិត​សីតុណ្ហភាព​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ពី ១៦ ដល់ ១៤ អង្សារសេ។ ក្រសួង​ធន​ធាន​ទឹក​ និង ឧតុនិយម ឲ្យ​ដឹង​ថា ការ​ចុះ​ត្រជាក់​នេះ ដោយ​សារ​តែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ស៊ីបេរី។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​នេះ​ នឹង​អស់​ឥទ្ធិពល​វិញ ចាប់​ពី​ថ្ងៃ​ទី ២៧ ខែ​មករា ខាង​មុខ​នេះ។ (អត្ថបទដោយ សរ ពិសី ) 

ប្រជាជនចាស់ជរា ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​
ប្រជាជនចាស់ជរា ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កម្រិត​សីតុណ្ហភាព​អប្បបរមា ​ធ្លាក់​ចុះ​ខ្លាំង​ពី ១៦ ដល់​ ១៤ អង្សារ​សេ នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ៩ នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៦ ខែ មករា ស្អែក​នេះ។​ ខេត្ត​ទាំង​នោះ​រួម​មាន​ ខេត្ត ឧត្តរ​មាន​ជ័យ​ ព្រះវិហារ បន្ទាយ​មាន​ជ័យ បាត់​ដំបង​ ប៉ៃលិន ស្ទឹង​ត្រែង រតនៈ​គិរី និង មណ្ឌល​គិរី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ​លោក ចាន់ យុត្ថា​ អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​ និង​ ឧតុ​និយម។

ជាមួយ​គ្នា​នេះ​ ខេត្ត​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​ដង​រែក​ សីតុណ្ហភាព​នឹង​អាច​ចុះ​ត្រជាក់ រហូត​ដល់ ១២ ឬ ១១ អង្សារ​សេ។ យ៉ាង​ណា​មិញ ចំពោះ​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ សីតុណ្ហ​ភាព​អប្បបរមា​ មិន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ពោល​គឺ​ចន្លោះ​ពី ២២ ទៅ ២៤ អង្សារ​សេ​តែ​ប៉ុណ្ណោះ ។​ ដោយ​ឡែក សម្រាប់​រាជធានី​ភ្នំពេញ​វិញ សីតុណ្ហភាព​អប្បបរមា​ ធ្លាក់​ចុះ​ចន្លោះពី ១៩ ទៅ ២១ អង្សារ​សេ។​

ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ត្រជាក់​ដែល​បាន​គ្រប​ដណ្តប់​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​នេះ លោក ចាន់ យុត្ថា ឲ្យ​ដឹង​ថា ដោយ​សារ​តែ​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ប្រព័ន្ធ​ជ្រលង​សម្ពាធ​ខ្ពស់ ស៊ីបេរី ឬ​មូសុងឥសាន។

យ៉ាង​ណា​ក៏​ដោយ សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នេះ នឹង​ថម​ថយ​ឥទ្ធិពល​ទៅ​វិញ ហើយ សីតុណ្ហ​​ភាព​អតិបរមា នឹង​ចាប់​ផ្តើម​កើន​ឡើង​ជា​បន្ត​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី ២៧ ខែ មករា ខាង​មុខ​នេះ។​

លោក ពន្យល់​ថា ជា​ទូ​ទៅ​ក្នុង​មួយ​ឆ្នាំ នៅ​រដូវ​រំហើយ កម្ពុជា ទទួល​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​នេះ រយៈ​ពេល​ពី​ ១៤ ទៅ ២០ ថ្ងៃ ប៉ុន្តែ នៅឆ្នាំ ២០១៦ នេះ មាន​លក្ខណៈ​ចម្លែក​។ ចម្លែកដោយ​សារ​តែ ឆ្នាំ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​មូសុង​ឥសាន ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ នេះ​ត្រឹម​តែ​ ៤ ថ្ងៃ​ប៉ុណ្ណោះ​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ