អានតួអត្ថបទ
កម្ពុជា

មេ​ខ្លោង​ដែល​បង្ខំ​ឲ្យ​ក្មេង​ៗ​ដើរ​សុំទាន ត្រូវ​បាន​ព្រះ​រាជអាជ្ញារង​ចោទ​ប្រកាន់

កាល​ពី​ថ្ងៃ​ម្សិលមិញ តុលាការ​ក្រុង បាន​បើក​ការ​ស៊ើប​សួរ ដោយ​ចោទ​ប្រកាន់​លើ​មេ​ខ្លោង ដែល​បង្ខំ​ឲ្យ​ក្មេងៗដើរ​សុំទាន​ឈ្មោះ ​ភួង ចន្នី ទាក់​ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​។ ការ​បើក​ការ​ស៊ើប​សួរ​នេះ​ធ្វើ​ឡើង ក្រោយពី ជនសង្ស័យ​ខាង​លើ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី៣០ មិថុនា កន្លង​ទៅ​។

ឈ្មោះភួង ចន្នី(កណ្តាល) អាយុ ៥០ ដែលត្រូវបាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួនកាលពីថ្ងៃទី៣០ មិថុនា
ឈ្មោះភួង ចន្នី(កណ្តាល) អាយុ ៥០ ដែលត្រូវបាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួនកាលពីថ្ងៃទី៣០ មិថុនា កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ សឿង ភារៈ និងហេង ពុធីរៈ

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ប្រាប់​អ្នក​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៤ ខែ​កក្កដា​ថា ព្រះរាជ​អាជ្ញា​រង​បាន​បើក​ការ​ស៊ើប​សួរ ដោយ​ចោទ​ប្រកាន់​លើ​ឈ្មោះ ភួង ចន្នី អាយុ ៥០​ឆ្នាំ ពី​បទ ការជ្រើស​រើស ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​កេង​ប្រវ័ញ្ច តាម​មាត្រា១២ ច្បាប់​ស្តី​ពី​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរមនុស្ស ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

ស្ត្រី​ខាង​លើ រួម​ជា​មួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​កង​រាជអាវុធ​ហត្ថ​រាធានី​ភ្នំពេញ សហការ​ជា​មួយ ភាគី​ពាក់​ព័ន្ធ ចាប់​បាន​កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា នៅ​ចំណុច​មុខ​សណ្ឋាគារ​កាហ្សា ផ្លូវ​៤៧ សង្កាត់វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ខណៈ​ដែល​ពួក​គេ​បាន​បង្ខំ​ឲ្យ​ក្មេងៗ​ដើរ​សុំទាន​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​កង​រាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ក៏​បាន​រំដោះ​កុមារ​រង​គ្រោះ​០៧​នាក់ ក្នុង​នោះ​មាន​ទារក​០២​នាក់។ ទំព័រ​ហ្វេស​ប៊ុក​របស់​កងរាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឃាត់​ខ្លួន ស្ត្រី​ជា​មេ​ខ្លោង​ខាង​លើ បាន​សារភាព​ថា រូប​គេ​ពិត​ជា​បាន​ប្រមូល​ក្មេងៗ ពី​ឳពុក​ម្តាយ​ក្រីក្រ និង​អ្នក​សុំទាន​ផ្សេង​ទៀត ឲ្យ​មក​នៅជា​មួយ​ក្នុង​នាម​ជា​កូន​ចៅ​ ឬ​ក្មួយ ដើម្បី​ឲ្យ​ដើរ​សុំទាន ពិត​ប្រាកដ​មែន ហើយ​រូប​គេ​ធ្វើ​បែប​នេះ​ ប្រហែល​៧​ទៅ​៨ឆ្នាំ​មក​ហើយ​។

លោក​ស្រី ជូ ប៊ុន​អេង អនុ​ប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​RFI ​នា​ព្រឹក​ថ្ងៃ​ទី​៥​កក្កដា​ថា ការ​ដែល​ប្រើ​ប្រាស់​កុមារ​ឲ្យ​ទៅ​ធ្វើ​បែប​នេះ​គឺ​មិន​ត្រឹម​តែ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ​នោះ​ទេ តែ​វា​ពាក់​ព័ន្ធ​ទៅ នឹង​សិទ្ធិ​កុមារ ដែល​មិន​បាន​ឲ្យ​កុមារ​ទៅ​សិក្សា​រៀន​សូត្រ​។​ ករណី​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​សមត្ថ​កិច្ច​ចុះ​ទៅ​បង្ក្រាប វា​មាន​ច្រើន​លើក​រួច​មក​ហើយ​។ នេះ​បើ​តាមលោក​ស្រី ជូ ប៊ុន​អេង​។

លោក​ស៊ឹង សែន​ករុណា មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​ថា ការ​ចាត់​វិធាន​ការ​ទៅ​លើ​មេ​ខ្លោង​នេះ គឺ​ជា​រឿង​ដដែលៗ ព្រោះ​កន្លង​មក​អាជ្ញាធរ​ធ្លាប់​ចាត់​ការ​លើ​រឿង​កុមារ​សុំទាន​នៅ​តាម​ផ្លូវ​នេះ​ជា​ច្រើន​ដង​មក​ហើយ តែ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​ដដែល​។

ជា​ដំ​ណោះ​ស្រាយ​ដ៏ល្អ លោក​ស៊ឹង សែន​ករុណា​បន្ថែម​ថា ការ​ដាក់​ទោស​លើ​មេ​ខ្លោង​ជា​រឿង​មួយ​ ប៉ុន្តែ​អាជ្ញាធរ​គួរ​តែ​មាន​វិធាន​ការ​ស្រោច​ស្រង់​ល្អ​ជាង​នេះ ​ជា​ជាង​ការ​ដាក់​ទណ្ឌ​កម្ម ឬ​ទោស​ទណ្ឌ​លើ​អ្នក​ទាំង​នោះ។ ​បើតាម​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ការ​បង្កើត​មណ្ឌល​មួយ ដែល​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​ និង​ជីវភាព ​គឺ​ជា​វិធាន​ការមួយ​ជួយ​កុមារ​សុំទាន​តាម​ភ្លើង​ស្តុប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ