អានតួអត្ថបទ
កម្ពុជា-សង្គម

​សារព័ត៌មាន​អន្តរជាតិ​ធំៗ​បាន​ចាប់​អារម្មណ៍​ខ្លាំង​រឿង​បាក់​អាគារ​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះ​សីហនុ​

តាំងពី​ថ្ងៃសៅរ៍ ទី២២ មិថុនា​ដែល​ជា​ថ្ងៃ​កើត​ហេតុការណ៍​បាក់​រលំ​អាគារ​កម្ពស់​៧ជាន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ រហូត​មក​ដល់​ពេល​នេះ សារព័ត៌មាន​អន្តរជាតិធំៗ​នៅ​លើ​ពិភពលោក​បាន និង​កំពុង​បន្ត​តាម​ដាន និង​ចុះផ្សាយ​ជា​បន្ត​បន្ទាប់​។ តើ​សារព័ត៌មាន​អន្តរជាតិ​ណា​ខ្លះ​ដែល​ចាប់​អារម្មណ៍​ខ្លាំង​ពី​រឿង​នេះ ហើយ​ថា​តើ​ពួក​គេ​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ម៉េច​ខ្លះ? 

ក្រុមជួយសង្គ្រោះបានរកឃើញសាកសពអ្នកស្លាប់ដោយសារការរលំអគារ
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពអ្នកស្លាប់ដោយសារការរលំអគារ @សហការី
ផ្សាយពាណិជ្ជកម្ម

មាន​សារព័ត៌មាន​អន្តរជាតិ​ច្រើន​ណាស់​ដែល​បាន​ចុះ​ផ្សាយ​ពី​រឿង​រ៉ាវ​បាក់​រលំ​អាគារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​នៅ​ពេល​នេះ​ខ្ញុំ​សូម​លើក​ឡើង​តែ​ពី​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​តែ​ប៉ុណ្ណោះ​។ កាសែត The New York Times របស់​អាមេរិក​បាន​ឡើង​ចំណង​ជើង​រឿង​នេះ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​២៤​បាន​ស្លាប់​ដោយ​សារ​តែ​បាក់​រលំ​អាគារ​នៅ​ក្នុង​ក្រុង​ជាប់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។​ កាសែត​នេះ ក៏​បាន​អះអាង​ដែរ​ថា អាគារ​ដែល​បាក់​រលំ​នេះ គឺ​មាន​ម្ចាស់​ជា​ជន​ជាតិ​ចិន​។

ចំណែក ប្រព័ន្ធផ្សព្វផ្សាយ BBC ដ៏​ល្បី​របស់​អង់​គ្លេស​វិញ មិន​បាន​ឱ្យ​ចំណង​ជើង​ពី​ចំនួន​អ្នក​ស្លាប់​ច្បាស់ៗ​ដូច​កាសែត The New York Times ឡើយ ដោយ​ដាក់​ត្រឹម​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​បាក់​រលំ​អាគារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​មាន​ការ​កើន​ឡើង​។ ខុស​ពី​កាសែត​ទាំង​ពីរ​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFPវិញ បាន​ងាក​ទៅ​ចាប់​អារម្មណ៍​ពី​ដំណើរ​ការ​នៃ​រុក​រក​អ្នក​ជាប់​ក្នុង​បំណែក​អាគារ​។ AFP បាន​ចុះ​ផ្សាយ​ថា ក្រុម​អ្នក​ជួយ​សង្រ្គោះ​បន្ត​កម្ទេច​បំណែក​អាគារ​រក​ជន​រង​គ្រោះ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ការ​បាក់​រលំ​អាគារ​បាន​បន្ត​កើន​ឡើង​។

មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ Aljazeera របស់​ប្រទេស​កាតា​វិញ បាន​ចុះផ្សាយ​ថា ការ​បាក់​អាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖កិច្ច​ខិត​ខំប្រឹង​ប្រែង​ជួយ​សង្រ្គោះ​កំពុង​បន្ត ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​។ Aljazeera បាន​អះអាង​ថា លោក​នាយករដ្ឋ​មន្រ្តី​កម្ពុជា​ហ៊ុន សែន បាន​ស្តី​បន្ទោស​ថា ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​ក្រុម​ហ៊ុន​សាង​សង់ ហើយ​បាន​បញ្ជាក់​ទៀត​ថា ជន​ជាតិ​ចិន​ដែល​ម្ចាស់​អាគារ ម្ចាស់​ក្រុមហ៊ុន​សាងសង់ និង អ្នកម៉ៅ​ការ​សាង​សង់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​។

ដោយ​ឡែក កាសែត​ចិន​ស៊ិន​ហួរ​ឯណោះ​វិញ បាន​បន្ត​តាម​ដាន​លើ​ចំនួន​អ្នក​ស្លាប់​ដោយ​សរសេរ​ថា អ្នក​ស្លាប់​ឈាន​ដល់​២៤​នាក់​នៅ​ក្នុង​ហេតុការណ៍​បាក់​អាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ស៊ិនហួរ ក៏​បាន​លើក​ឡើង​ពី​ការ​ចុះទៅ​កន្លែង​ហេតុ​ដោយ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង ការ​ចេញ​សារ​ចូល​រួម​រំលែក​ទុក្ខ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ចំពោះ​ជន​រង​គ្រោះ​ផង​ដែរ។ រីឯ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ Channel news asia របស់​សិង្ហបុរី​វិញ បាន​ចាប់​អារម្មណ៍​ចុះ​ផ្សាយ​បែបនេះ​ថា គ្មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ទៀត​ទេ​ក្នុង​ហេតុការណ៍​បាក់​អាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​២៤​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ