អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នាំ​ចូល​ឱសថ​ពី​បរទេស​ប្រមាណ​ជា ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ

ការ​នាំ​ចូល​ឱសថ​ពី​បរទេស​ចូល​មក​ស្រុក​ខ្មែរ មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១០% ក្នុង​មួយ​ឆ្នាំៗ។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន សាណូហ្វី​កម្ពុជា ដែល​បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មី​នេះ។ ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា ក៏​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ ១០០ លាន​ដុល្លារ​ផង​ដែរ ដើម្បី​នាំ​ចូល​ឱ​សថ មក​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​មាន​ដូច​ជា បារាំង ឥណ្ឌា ថៃ ចិន ឥណ្ឌូនេស៊ី ហើយ​និង​បណ្តា​ប្រទេស​ដទៃ​ផ្សេង​ទៀត។

ការ​នាំចូល​ឱសថ​ពី​បរទេស​ចូល​មក​ស្រុក​ខ្មែរ ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១០% ​ក្នុង​មួយ​ឆ្នាំ​ៗ។ ​
ការ​នាំចូល​ឱសថ​ពី​បរទេស​ចូល​មក​ស្រុក​ខ្មែរ ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១០% ​ក្នុង​មួយ​ឆ្នាំ​ៗ។ ​
ផ្សាយពាណិជ្ជកម្ម

ការ​នាំ​ចូល​ឱសថ​ពី​បរទេស​មាន​ការ​កើន​ឡើង​នៅ​ពេល​នេះ គឺ​មិន​មែន​មក​ពី​សុខភាព​ប្រជាពលរដ្ឋ​មិន​ល្អ​នោះ​ទេ ប៉ុន្តែ​ម​កពី​កំណើន​ប្រជាជន​កើន​ឡើង​ខ្លាំង។ នេះ​បើ​តាម​មន្ត្រី​ជំនាញ។ រហូត​មក​ទល់​នឹង​ពេល​នេះ កម្ពុជា​មាន​សហគ្រាស​ផលិត​ឱសថ​នៅ​ក្នុង​ស្រុក​ប្រមាណ ១៣ ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​អស់​ទាំង​នេះ​ក៏​បាន​កំពុង​តែ​ផ្គត់​ផ្គង់​ទាំង​ទីផ្សារ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ។ ក្រៅ​ពី​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​ក៏​បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​មាន​វិនិយោគិន​មក​បណ្តាក់​ទុន​ខាង​ផ្នែក​ផលិតផល​ថ្នាំ​ពេទ្យ នៅ​ក្នុង​ក្រសួង​សុខា​ភិបាល។

លោក​ហៃ លីអ៊ាង ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ PPM បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ឱសថ​ដែល​ក្រុម​ហ៊ុន​របស់​លោក​ផលិត​បាន លក់​នៅ​ក្នុង​ស្រុក​បាន​ចំនួន ៤៥% និង​នាំ​ចេញ​ទៅ​កាន់​បរទេស​បាន​រហូត​ដល់​៥៥%។ ហើយ​បណ្តា​ប្រទេស​ដែល​អស់​ទាំង​នោះ​មាន​១៤ ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ ដែល​និយាយ​ភាសា​បារាំង និង​៦​ប្រទេស​ទៀត ដែល​ស្ថិត​នៅ​ក្បែរ​ៗ​នោះ​ដែរ។

ទាក់ទង​នឹង​ទីផ្សារ​ឱសថ​នៅ​កម្ពុជា​នេះដែរ ​មន្ត្រី​ជំនាញ​ដែល​ធ្វើ​ការងារ​ខាង​ផ្នែក​ត្រួត​ពិនិត្យ​ផលិត​ផល​ក្លែង​ក្លាយ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ចំនួន​ឱសថ​ក្លែង​ក្លាយ​គឺ​មាន​ចំនួន​ច្រើន ដោយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ជំហាន​ដំបូង​របស់​ក្រុម​មន្ត្រី​ជំនាញ និង​អង្គការ​ដែល​ធ្វើ​ការងារ​ពាក់​ព័ន្ធ​ខាង​ផ្នែក​នេះ។ ហើយ​ចំពោះ​ការ​គ្រប់គ្រង​ពី​ចំនួន​នាំ​ចូល​វិញ ក៏​នៅ​មិន​ទាន់​មាន​ភាព​ត្រឹមត្រូវ​និង​ច្បាស់លាស់ ហើយ​ក៏​គ្មាន​តួរលេខ​ពិត​ប្រាកដ​ណា​មួយ​ដែរ។

បើ​និយាយ​ពី​ថ្នាំ​ពេទ្យ​ដែល​ត្រូវ​បាន​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​វិញ គឺ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់​ខាង​ផ្នែក​តម្លៃ។ ឧទាហរណ៍​ថ្នាំ​ប៉ារ៉ា​មួយ​មុខ គឺ​មក​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​ជា​ច្រើន ហើយ​ក៏​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ដែរ។ ថ្នាំ​ខ្លះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​លួច​ចម្លង​រូបមន្ត​គេ​ទាំង​ស្រុង ហើយ​ខ្លះ​វិញ​ក៏​ត្រូវ​បាន​ផលិត​ឡើង ដោយ​កាត់​បន្ថយ​សមាសធាតុ​ផ្សំ​សំខាន់​ៗ​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម ហើយ​ទទួល​បាន​ប្រាក់​ចំនេញ​ខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ