អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ហ៊ុន សែន ជួប​គណបក្ស​អត់​សម្លេង​ក្នុង​សភា​ចំនួន​១៦ ដើម្បី​បង្កើត «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់»

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នា​ព្រឹក​នេះ បាន​ជួប​ជា​លើក​ដំបូង​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩​កក្កដា កន្លង​ទៅ ខណៈ​គណបក្ស​ចំនួន​៤​ផ្សេង​ទៀត​បដិសេធ ការ​ចូល​រួម​ជជែក​ពិភាក្សា​នេះ។ ជា​ជំនួប​ដែល​លោក ហ៊ុន សែន អះអាង​ថា ធ្វើ​ឡើង លើ​ការងារ​កសាង និង​អភិវឌ្ឍន៍​កម្ពុជា។

ជំនួប​លោក ហ៊ុន សែន និងគណបក្ស​នយោបាយ​នៅ​វិមាន​សន្តិភាព
ជំនួប​លោក ហ៊ុន សែន និងគណបក្ស​នយោបាយ​នៅ​វិមាន​សន្តិភាព @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា នេះ​គឺ​ជា​លើក​ទី​មួយ ជា​ប្រវត្តិសាស្រ្ត​កម្ពុជា ដែល​មាន​វត្តមាន​ចូល​រួម​របស់​គណបក្ស​នយោបាយ នៅ​ក្នុង​វិមាន​សន្តិភាព។

គណបក្ស​នយោបាយ​ទាំង​១៦ ដែល​ចូល​រួម​ក្នុង​វេទិកា​នៅ​វិមាន​សន្តិភាព​នោះ​រួម​មាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ, គណបក្ស​ពន្លឺ​ថ្មី, គណបក្ស​សញ្ជាតិ​កម្ពុជា, គណបក្ស​ខ្មែរ​ក្រោក, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ, គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ, គណបក្ស​សាធារណរដ្ឋ​ខ្មែរ, គណបក្ស​រស្មី​ខេមរា, គណបក្ស​ហ៊្វុនស៊ិនប៉ិច, គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច, គណបក្ស​យុវជន​កម្ពុជា,​ គណបក្ស​ធម្មាធិបតេយ្យ, គណបក្ស​ឆន្ទៈ​ខ្មែរ,​ គណបក្ស​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា, គណបក្ស​ខ្មែរ​តែ​មួយ, និង​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ឡែក​គណបក្ស​ចំនួន​៤ ដែល​ប្រកាស​មិន​ចូល​រួម​វិញ​រួម​មាន គណបក្ស​មាតុភូមិ​យើង, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន, គណបក្ស​ខ្មែរ​ឈប់​ក្រ, និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះ​អាង​ថា ​ជំនួប​នា​ពេល​នេះ ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​គណបក្ស​ទាំង​នោះ ​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ជា​ពិសេស​ជា​ការ​បង្កើត​វប្បធម៌​សន្ទនា​រវាង​ បក្ស​នយោបាយ​នៅ​ក្នុង​រដ្ឋសភា​ និង​បក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋសភា​។

លោក ផៃ ស៊ីផាន​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​គណបក្ស​នយោបាយ​ទាំង​១៦​នោះ បាន​ផ្តួច​ផ្តើម​គំនិត និង ពន្យល់​ពី​ហេតុផល​នៃ​ការ​បង្កើត​ឲ្យ​មាន “ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់”។

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បើ​តាម​លោក ផៃ ស៊ីផាន គឺ​មាន​នាទី​ផ្តួច​ផ្តើម​គំនិត ឬ​ផ្តល់​មតិ នៅ​លើ​ការ​រៀប​ចំ​គោល​នយោបាយ ដល់​រាជ​រដ្ឋាភិបាល, ចូល​រួម​ផ្តល់​យោបល់​ដល់​សេចក្តី​ព្រាង​ច្បាប់, ធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា​ត​តាំង និង​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា។

លោក ឯម សុវណ្ណរ៉ា សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ និង​ជា​អ្នក​វិភាគ​នយោបាយ បាន​លើក​ឡើង​ថា វេទិកា​គណបក្ស​នយោបាយ ដែល​រៀប​ចំ​ដោយ​រដ្ឋាភិបាល​នា​ពេល​នេះ គឺ​គ្រាន់​ជា​យន្តការ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​ការ​ឯកភាព​គ្នា ហើយ​ក៏​ជា​យន្តការ​ដើម្បី​កុំ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​នោះ ងាក​ទៅ​ចង​សម្ព័ន្ធភាព​ជាមួយ​អតីត​គណបក្ស​ប្រឆាំង។

សូម​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន សន្យា​ថា​នឹង​ផ្តល់​តំណែង​ដល់​ប្រធាន​គណបក្ស​នយោបាយ ដែល​បាន​ចូល​រួម​ការ​បោះ​ឆ្នោត ហើយ​មិន​មាន​អាសនៈ​រដ្ឋសភា បាន​ធ្វើ​ជា​ទី​ប្រឹក្សា​ ​ឬ​រដ្ឋ​លេខាធិការ​នៅ​តាម​ក្រសួង​នានា​ ​ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ