អានតួអត្ថបទ
កម្ពុជា

ជំនួប​​កំពូល​​ហ៊ុន ​សែន ​សម រង្ស៊ី​៖ ​បញ្ចប់​​ភាព​ទាល់​ច្រក​​រឿ​ង​គ.ជ.ប​

ប្រមុខ​​ដឹកនាំ​​កំពូល​​នៃ​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ​ នៅ​​ថ្ងៃ​​សុក្រ​​ទី២៨​ វិច្ឆិកា​​នេះ​​ឆ្លៀត​​ជួប​ប្រជុំ​គ្នា​​មួយ​​ទល់​នឹង​​មួយ​។ ​ជា​​ជំនួប​​ដែល​​បាន​សម្រេច​​បញ្ចប់​​លើ​​ការ​ខ្វែង​គំនិត​​គ្នា​​រវាង​​បក្ស​​ទាំង​ពីរ​​ស្តី​ពី​​គ.ជ.ប​។ ​ក្រៅ​ពី​នោះ​​ជំនួប​​កំពូល​​នេះ​​ក៏​បាន​​សម្រេច​​លើ​​បញ្ហា​​មួយ​ចំនួន​ទៀត​​ផង​ដែរ​។​

លោកហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ​ជួប​គ្នា​នៅ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨​ វិច្ឆិកា​
លោកហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ​ជួប​គ្នា​នៅ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨​ វិច្ឆិកា​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

បញ្ចប់​ហើយ​ការខ្វែងគំនិត​គ្នា​ស្តីពី គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ក្រុមការងារ​នៃ​បក្ស​ទាំងពីរ​ជាប់ផុង។ នេះ​បើ​យោងតាម​លទ្ធផល​មួយ​នៃ​ប្រជុំ​កំពូល​ដ៏​កម្រ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី​នៅ​ថ្ងៃ​សុក្រ​ទី២៨ វិច្ឆិកា​នេះ។ មេដឹកនាំ​បក្ស​ទាំងពីរ​បានសម្រេច​ជាគោលការណ៍​កំណត់​រចនា​សម្ព័ន្ធ​ដឹកនាំ​គ.ជ.ប លក្ខន្តិក និង​លក្ខ​ណៈស​ម្ប​តិ្ត​ជាដើម។

អ្នកនាំពាក្យ​កិច្ចប្រជុំ លោក​កើត​រិ​ទ្ធ តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណៈអចិន្ត្រៃយ៍​របស់​ស​ភា​ជា​អ្នករៀបចំ​សមាសភាព​ប្រធាន និង​អនុប្រធាន និង​សមាជិក​ទាំង៧រូប​ផ្សេងទៀត​របស់​គ.ជ.ប។ ជាការ​រៀបចំ​ដើម្បី​ដាក់ឈ្មោះ​ឱ្យ​សមាជិកសភា​ពេញអង្គ​ទាំង១២៣ អាច​បោះឆ្នោត​ជ្រើសរើស​ដោយ​សម្លេង៥០ បូក១ ជា​លក្ខណៈ​កញ្ចប់​តែម្តង។ ចំណែកឯ ដំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​វិញ បេក្ខជន​ទាំងពីរ​រូបនេះ​នឹងត្រូវ​តែងតាំង​ដោយ​ព្រះ​រាជ្យ​ក្រិ​ត្យ​ដែលជា​ស្នើ​ដោយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មានការ​យល់ព្រម​ពី​សមាជិក។ យ៉ាងណាក៏ដោយ រដ្ឋសភាជាតិ មាន​អាជ្ញា​សិទ្ធ​ដើម្បី​បោះ​ទម្លាក់ ឬ​ដក​សេចក្តីទុកចិត្ត​ទៅលើ​សមាជិក​ទាំង៩នៃ​គ.ជ.ប។

ចំពោះ​លក្ខ​ខណៈ​សម្បត្តិ​របស់ សមាជិក​គ.ជ.ប វិញ បេក្ខជន​ទាំងអស់​ត្រូវតែ​ជា​បេក្ខជន​ដែលមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​មួយ​ជាដាច់ខាត។ ពោលគឺ​សមាជិក គ.ជ.ប​ដែលមាន​សញ្ជាតិ​លើសពី១នោះ ត្រូវ​លាលែង​ពេល​បំពេញការងារ។ នេះ​ជាការ​គូសបញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​កំពូល គឺ​លោក កើត រិ​ទ្ធ និង​លោក គួ​យ ប៊ុន​រឿន។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​បានសម្រេច​ត្រូវ​មិនឱ្យ​មាន​អ្នក​ជាប់​ញាតិពន្ធ សាច់​សារ​លោហិត​នៃ​ប្រធាន និង​អនុប្រធាន​នៃ​គណបក្សនយោបាយ​អាច​ឈរឈ្មោះ​បាន​នោះទេ។

ក្រៅពី​បញ្ហារ​ស៊ើប និង​ចម្រូងចម្រាស់​នៃ​គ.ជ.ប នេះ ជំនួប​បិទទ្វា​មួយ​ទល់នឹង​មួយ​ដែល​ធ្វើឡើង​ប្រមាណ​ជាង១ម៉ោង​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ហ្វ្រេ​កង់​ទូរ​រទស្ស​ន៍​សម្រាប់​ការផ្សាយ​នៅ​ទូទាំងប្រទេស។ មួយវិញទៀត អ្នកនយោបាយ​កំពូល​ទាំងពីរ គឺ​លោកនាយក​រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ក៏បាន​យល់ព្រម​វិសោធនកម្ម​ប្រការ៤៨ថ្មី(ពីរ) នៃ​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា។ ជា​បទ​ប​ញ​ញ្ញ​តិ​មានការ​តែងតាំង​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅ​សភា ដើម្បី​ជា​គូសន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ហើយ​មាន​ឋានៈ​ស្មើរ​នឹង​នាយករដ្ឋមន្ត្រី។ ប​ញ្ញ​តិ្ត​ដែល​ប្រធាន​បក្ស​ទាំងពីរ​យល់ព្រម​ឱ្យ​វិសោធន​កម្មនេះ ត្រូវ​ចាត់ទុកជា​អាទិភាព។  

យ៉ាងណាក៏ដោយ ជំនួប​កំពូល​ផ្ទាល់​មុខរ​វា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សមរង្ស៊ី​នេះ មិនបាន​សម្រេច​ជា​ផ្លូវការ​ចំពោះ​ការដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​ដីធ្លី និង​អតីត​ព្រះសង្ឃ​នោះទេ។

អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​ដដែល បាន​គូស​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា ករណី​ចាប់ឃុំខ្លួន​ទាំងនោះ គឺជា​នឹង​ប្រព្រឹត្ត​ទៅតាម​និតិ​វិធី​របស់​តុលាការ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី​នៅ​ថ្ងៃទី២៨វិច្ឆិកា​នេះ គឺជា​ជំហាន​មួយ​សំខាន់​ដើម្បី​អាចឱ្យ​បង្កើត​គ.ជ.ប​ថ្មី។ គ.ជ.ប​ថ្មី​ដែល​នឹង​អាច​ចាប់កំណើត យ៉ាងយូរ​នៅ​ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ