អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់ ​គ្រោង​លើក​ឡើង​ពី​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​អំណាច​របស់​មន្ត្រី​ប្រាប់​នាយក​រដ្ឋ​មន្ត្រី​

ពីរ​ថ្ងៃ​មុន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​លើក​ទី២ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៨​ខែសីហា​ខាង​មុខ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បាន​ជួប​មន្ត្រី​រដ្ឋា​ភិបាល​ជា​មុន​សិន​ដោយ​ក្នុង​នោះ​រួម​មាន រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ និង​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ បើ​តាម​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ មាន​គម្រោង​លើក​ឡើង​ពី​បញ្ហា EBA អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម ជម្រាប​ទៅ​កាន់ លោក ហ៊ុន សែន​។ 

(រូបតំណាង)
(រូបតំណាង) @Google
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​ការងារ​ពេញ​មួយ​ឆ្នាំ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បាន​ក្លាយ​ជា​របៀប​វារៈ​អាទិ​ភាព​នៅ​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នៅ​ថ្ងៃ​ទី២៨​សីហា​ខាង​មុខ​។ សកម្ម​ភាព​ទាំង​នោះ​រួម​មាន ការ​រក​ឃើញ​នូវ​តំរុយ​ឬ​ភាព​អសកម្ម​នៃ​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​អំណាច​របស់​មន្ត្រី​។ ក្នុង​នោះ ពួក​គេ​ក៏​បាន​ចុះ​ធ្វើ​ទៅ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពល​រដ្ឋ ជា​ពិសេស​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តាម​បណ្តា​ខេត្ត​។

ចំពោះ​ក្រប​ខណ្ឌ​គតិ​យុត្តិ​វិញ សកម្ម​ភាព​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​បាន​ពិនិត្យ និង​ផ្តល់​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នា​នា​មុន​ដាក់​ជូន​រដ្ឋា​ភិបាល​ពិនិត្យ និង​សម្រេច​។ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក៏​បាន​កោះ​ហៅ​ថ្នាក់​ដឹក​នាំ​តាម​ក្រសួង​ស្ថាប័ន​នា​នា មក​សាក​សួរ​លើ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ដែល​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់​ក្រសួង ស្ថាប័ន​ទាំង​នោះ​ផង​ដែរ​។

លោក ឈឹម ផលវរុណ ប្រធាន​លេខា​ធិកា​រដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​លើក​ឡើង​ថា សកម្មភាព​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​ក្លាយ​ជា​ធាតុ​ចូល​ដាក់​ជូន​រដ្ឋា​ភិបាល ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ និង​បញ្ហា​ដទៃ​ទៀត​កើត​មាន​នៅ​ក្នុង​សង្គម​។

បន្ថែម​ពី​លើ​របៀប​វារៈ​ដែល​មាន​ស្រាប់ លោក គង់ មុនីកា សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រូប​លោក​ផ្ទាល់​មាន​គម្រោង​លើក​ឡើង​អំពី​ការ​កកើត​នៃ​អំពើ​ពុក​រលួយ​ដែល​កើត​មាន​ក្នុង​ប្រព័ន្ធ​រដ្ឋ​បាល​កម្ពុជា​សព្វ​ថ្ងៃ​។ ចំណុច​នេះ​មុន​លើក​ឡើង​នៅ​ចំពោះ​មុខ​លោក​នាយក​រដ្ឋ​មន្ត្រី លោក គង់ មុនីកា នឹង​ចោទ​សួរ​ទៅ​កាន់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​ស្អែក​ផង​ដែរ​។ ក្រៅ​ពី​អំពើ​ពុល​រលួយ​ប្រតិ​ភូ​មក​ពី​គណ​បក្ស​ឆន្ទៈ​ខ្មែរ​នឹង​លើក​ឡើង​ពី​លំហ​ប្រជា​ធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ហើយ​ជា​អ្វី​ដែល​អឺរ៉ុប​ចង់​បាន​ជា​ថ្នូរ​នឹង​ការ​សង្គ្រោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។ នេះ​បើ​តាម​លោក គង់ មុនីកា​។

សូម​ជម្រាប​ជូន​ថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បង្កើត​ឡើង​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​សមាស​ភាព​មក​ពី​គណ​បក្ស​នយោបាយ​ចំនួន​១៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០​ដែល​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ