ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

មេ​ដឹក​នាំ​ប្រទេស​៦​តាម​ទន្លេ​មេគង្គ ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ រក្សា​សន្តិភាព និង​ស្ថិរភាព ក្នុង​អនុតំបន់

media  
មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​តាម​ទន្លេ​មេគង្គ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​ឡានឆាង លើក​ទី​ពីរ នៅ​ថ្ងៃ​ទី ១០ មករា នៅ​ទីក្រុង​ភ្នំពេញ។ @Samdech Hun Sen, Cambodian Prime Minister

ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​មេគង្គ​ឡាន​ឆាង​លើក​ទី​២ កាល​ពី​ថ្ងៃ​ម្សិល​មិញ មេ​ដឹក​នាំ​កម្ពុជា វៀតណាម មីយ៉ាន់ម៉ា ថៃ ឡាវ និង​ចិន បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រក្សា​សន្តិភាព និង​ស្ថិរភាព ក្នុង​អនុតំបន់។ ជា​ពិសេស មេ​ដឹក​នាំ​ប្រទេស​ទាំង​៦ ក៏​ប្តេជ្ញា​ថា នឹង​ប្រកាន់​យក​គោលការណ៍ មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ជា​សមាជិក​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ ឡានឆាង​លើក​ទី​២ របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១១ ខែ​មករា នេះ។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ និង​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​ប្រកប​ដោយ​និរន្តភាព និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព នៅ​តំបន់​ទន្លេ​មេគង្គ ដែល​កាល​ពី​អតីត​កាល​ធ្លាប់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សង្រ្គាម និង​ការ​ប្រកួត​ប្រជែង​មនោគមវិជ្ជា។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ការ​ប្រកាន់​យក​គោលការណ៍ មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ជា​សមាជិក បាន​ធ្វើ​ឲ្យ​យន្តការ មេគង្គ-ឡានឆាង រក្សា​បាន​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ទីក្រុង​ភ្នំពេញ នៃ​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ ឡានឆាង លើក​ទី​ពីរ ក្រោម​មូល​បទ «ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» ​មេដឹក​នាំ​ប្រទេស​ទាំង​៦ ក៏បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​អភិវឌ្ឍ​តំបន់​អនុ​មេគង្គ​។ ក្នុង​នោះ​រួម​មាន៖ ការ​ពង្រីក​ទំនាក់​ទំនង និង​កំណត់​កិច្ចសហប្រតិបត្តិការ​ថ្មី ធ្វើ​ឡើង​ក្រោម​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​បី​បូក​ប្រាំ​។ ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​នេះ​សំដៅ​សរសរ​ស្តម្ភ​បី​បូករួម​ជាមួយ​វិស័យ​អាទិភាព​ចំនួន​ប្រាំ​ដែល​ត្រូវបាន​កំណត់ដោយ​កិច្ចប្រជុំ​មេ​ដឹក​នាំ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី ១​។ សរសរ​ស្តម្ភ​ទាំងបី​នោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ រួម​ជាមួយ​សង្គម និង​ទំនាក់​ទំនង​ប្រជាជន​ទៅ​ប្រជាជន។ ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មាន​ដូច​ជា​ ការ​ផ្សាភ្ជាប់​, កិច្ច​សហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លង​ដែន​, កិច្ច​សហប្រតិបត្តិការ​នៃ​ការ​គ្រប់​គ្រង​ទឹក និង​កសិកម្ម និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​មេគង្គ ឡានឆាង មេ​ដឹក​នាំ​ទាំង​៦​ប្រទេស ក៏​បាន​បង្ហាញ​ពី​តាំង​ចិត្ត ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទប់​ស្កាត់ និង​ការ​បន្ថយ​គ្រោះ​មហន្តរាយ ជំនួយ​មនុស្ស​ធម៌ ដោយ​លើក​ឡើង​អំពី​ផល​ប៉ះ​ពាល់​នៃ​បំរែ​បំរួល​អាកាសធាតុ ការ​ធានា​នូវ​សន្តិសុខ​ស្បៀង ទឹក និង​ថាមពល រួម​បញ្ចូល​ទាំង​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​ព័ត៌មាន​ជា​ដើម ដើម្បី​បន្ត​តួ​នាទី​ជា​កម្លាំង​ចលករ​នៃ​កំណើន​សេដ្ឋកិច្ច កិច្ច​សហប្រតិបត្តិ​ការ។

ក្រៅ​តែ​ពី​ការ​ដាក់​ចេញ​គោល​ដៅ​ពង្រឹង​កិច្ច​សហប្រត្តិបត្តិការ​លើ​វិស័យ​អាទិភាព មេ​ដឹក​នាំ​ប្រទេស​នៃ​តំបន់​ទន្លេ​មេគង្គ ក៏​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទៅ​លើ​វិស័យ​ថ្មីៗ​ទៀត ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវិឌ្ឍន៍​ចំពោះ​មុខ​នៃ​បណ្តា​ប្រទេស​មេគង្គ ឡាន ឆាង​ព្រម​ទាំង​បង្កើន​ប្រសិទ្ធិភាព​គំរូ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សំដៅ​សហការ​ដោយ​សន្សឹមៗ ឈាន​ទៅ​រក​គម្រោង​អនុតំបន់​ខ្នាត​ធំ​ ដូច​ជា​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវ៉ាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​កិច្ច​សហប្រតិបត្តិ​ការ មេគង្គ ឡានឆាង។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​កំពូល​មេគង្គ​ឡានឆាង បាន​សម្រេច​យល់​ព្រម​គ្នា​ជា​កុង​សង់​ស៊ីស អនុម័ត​លើ​ឯកសារ​សំខាន់ៗ​ចំនួន​២។ ទី​១ គឺ៖ សេចក្ដី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ នៃ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គឡាន​ឆាង​លើក​ទី​២។ និង​ទី​២៖ គឺ​ផែនការ​សកម្មភាព​៥​ឆ្នាំ កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​ឡាន​ឆាង ២០១៨ ដល់​ឆ្នាំ ២០២២។ យ៉ាង​ណា​ក៏​ដោយ ខ្លឹមសារ​លម្អិត​នៃ​ផែនការ​សកម្មភាព​៥ ឆ្នាំ មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ