ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

ខួប៤១ឆ្នាំរបបខ្មែរក្រហម! CNRP នៅតែសង្ឃឹម​លើ​វប្បធម៌សន្ទនា ដើម្បី​បញ្ចប់​ហិង្សា!

media  
លោក គង់ គាំ កំពុង​ថ្លែងសារ ហើយ លោក សម រង្ស៊ី ចូលរួម​តាម skype @Sam Rainsy's Facebook

ថ្ងៃ​អាទិត្យ​ទី១៧​មេសា​នេះ គឺខួប​៤១​ឆ្នាំ ដែល​ខ្មែរក្រហម​បាន​លេប​ត្របាក់​យក​ក្រុងភ្នំពេញ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ពីធី​បង្សុកូលឧទ្ទិស​កុសល​ជូន​ដល់​អ្នកដែល​ស្លាប់​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក។ ប្រធាន​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង បាន​ថ្កោលទោស​អ្នក​នយោបាយ​​ដែល​ប្រកាន់​យក​វប្បធម៌​ហិង្សា និង​ដែល​នាំ​ឲ្យ​មានការ​កាប់​សម្លាប់ និង​កម្ចាត់​​ប្រជាជន​ខ្លួន​ឯង​។ បើ​តាម​បក្ស​ប្រឆាំង ដើម្បី​បិទបញ្ចប់​វប្បធម៌​ហិង្សា​​គ្រប់​រូបភាព គឺ​ត្រូវតែ​ប្រកាន់​យក​វប្បធម៌​សន្ទនា និង​ប្តូរ​ថ្នាក់​ដឹក​នាំ​ថ្មី។

គ្រាន់តែ​ចាប់​ផ្តើម​កម្មវិធី​ភ្លាម មន្ត្រី​ជាន់​ខ្ពស់​របស់​បក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងថា បក្ស​ប្រឆាំងតែងតែ​​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណ​ក្ខន្ធ​នេះ​ជា​រៀង​រាល់​ឆ្នាំ។ នៅ​ឆ្នាំ​នេះ ​មាន​គោល​បំណង​ពីរ​សំខាន់ គឺ​គោរពរម្លឹក​​វិញ្ញាណ​ក្ខន្ធ​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​បង់​ជីវិត​ ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និងទីពីរ ដើម្បី​រម្លឹក​ដាស់​តឿន​អ្នក​នយោបាយឲ្យ​បញ្ចប់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​​របស់​ខ្លួន​។ ពោល​គឺរម្លឹកដល់អ្នកនយោបាយ​មួយ​ចំនួន ដែល​បង្កឲ្យ​មាន​អំពើ​ហិង្សា ឃោរឃៅ ព្រៃផ្សៃ បណ្តាល​ឲ្យមានការកាប់សម្លាប់ ការឈឺចាប់ និងមិន​ឲ្យ​ប្រវត្តិសាស្ត្រនេះ វិលត្រឡប់មកវិញ។ 

បើ​តាម​លោក យឹម សុវណ្ណ មានតែ​ការ​បន្តជជែក​គ្នាដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ទេ ទើប​អាច​បញ្ចប់​អំពើ​ហិង្សា​បាន។ ក្នុង​ន័យ​នេះ លោក យឹម សុវណ្ណ ចង់​លើក​តម្កើង​វប្ប​ធម៌​សន្ទនា​ ដែល​បក្ស​កាន់​អំណាច​និងបក្ស​ប្រឆាំង​បាន​ផ្តួច​ផ្តើម​ឡើង។

ចំណែក​​លោក សម រង្ស៊ី  បាន​ថ្លែងសារតាមប្រព័ន្ធ​វីដេអូ Skype ក្នុង​ឱកាស​នេះដែរ​ លោក​យល់​ថា អ្នកនយោបាយ​ខ្មែរ​សព្វ​ថ្ងៃ​នៅ​តែ​ប្រកាន់វប្បធម៌​ហិង្សា​បែប​ ប៉ុល ពល ដដែល។ ប្រមុខ​បក្ស​សង្គ្រោះ​ជាតិដែល​កំពុង​និរទេសខ្លួនរូបនេះ​ បន្ត​ថា បើ​ទោះ​បី​របប​ខ្មែរ​ក្រហម​រលំ​រលាយ​ទៅ ប្រហែលជា​​៤០ឆ្នាំហើយក៏​ដោយ​ ក៏​វប្បធម៌​ខ្មៅ​ងងឹត​របស់​ក្រុម​របប ប៉ុល ពល ដែល​លោក​ សម រង្ស៊ី ហៅថា វប្បធម៌​កាប់​សម្លាប់ វប្បធម៌​សង្ក្រាម វប្បធម៌​ចម្ចាត់ វប្បធម៌​សងសឹក​នោះ នៅ​តែ​បន្ត​កើត​មាន​ដដែល។ ហេតុ​ផល​របស់​លោក សម រង្ស៊ី គឺ​ដោយសារតែ​​​​ អ្នក​នយោបាយ​ខ្មែរមួយ​ចំនួន​ ត្រូវ​បាន​គេ​ចាប់​ចង ដាក់​គុក​ដោយ​សារតែ​ការ​បញ្ចេញ​​មតិ ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លងទៅ​។

ទោះ​យ៉ាង​នេះ​ក្តី បើ​តាម​លោក សម រង្ស៊ី ដើម្បី​លុប​បំបាត់​វប្បធម៌ហិង្សា​​ខ្មែរក្រហម គឺ​មាន​តែ​ប្រកាន់​យក​វប្បធម៌​សន្ទនា​ដោយ​សន្តិភាព​យ៉ាង​ពិត​ប្រាកដ។ មុន​បញ្ចប់​សារ​តាម​ លោក សម រង្ស៊ី បានឆ្លៀត​ថ្លែង​សារ​នយោបាយ​ ដោយ​គូស​បញ្ជាក់ថា ដើម្បី​លុប​បំបាត់​វប្បធម៌​ខ្មែរក្រហម​ឲ្យ​ដល់​ទី​ជម្រៅ​មែនទែន​ ​ទាល់​តែ​ផ្លាស់​ប្តូរ​​ថ្នាក់​ដឹក​នាំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨ ខាង​មុខ​។

ចំណែក​លោក គង់​ គាំ ដែល​ឧត្តម​ក្រុម​ប្រឹក្សា​របស់​បក្ស​សង្គ្រោះ​ជាតិ​ ក្រៅ​តែ​ពី​រម្លឹក​ប្រវត្តិ​​ខ្មែរ​ក្រហម តាម​ការ​យល់​ដឹង​របស់​ខ្លួន លោក​បាន​ឆ្លៀត​ថ្កោល​ទោស​​​ប្រទេស​បរទេសជិត​ខាង​​ និង​ប្រទេស​មហាអំណាច​ ដែល​ជាកម្លាំង​ចលករ​សំខាន់​ ​នាំបណ្តាល​ឲ្យ​កើត​មាន​របប​ខ្មែរក្រហម។

សូម​ជម្រាប​ជូនថា លោក កឹម សុខា ប្រធាន​ស្តីទីគណ​បក្ស​សង្គ្រោះជាតិ​ ពុំ​​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ នោះ​ទេ ដោយ​ហេតុផល​ថា ជាប់​រវល់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ