អានតួអត្ថបទ
កម្ពុជា

លោក មឿន តុលា បដិសេធ​ការ​ចោទ​ប្រកាន់​ថា​បាត់​លុយ​បច្ច័យ​បុណ្យ​លោក កែម ឡី

គណកម្មការ​បុណ្យ​សព លោក បណ្ឌិត កែម ឡី បាន​ចូល​បំភ្លឺ នៅ​ចំពោះ​មុខ តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​រង​ការ​ចោទ​ធ្វើ​ឲ្យ​បាត់​លុយ​បច្ច័យ​បុណ្យ​ ទៅ​តាម​បណ្តឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។ ប៉ុន្តែ​លោក មឿន តុលា ជា​គណកម្មការ​បុណ្យ​ម្នាក់​ចំណោម​៣​នាក់ ​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ ​បាន​បដិសេធថា ​គ្មានការ​ពិត​ទេ និង​ថា​ជា​រឿង​ដែល​កម្រ​កើត​នឹង​មាន​។

លោក មឿន តុលា ​គណៈ​កម្មការ​​​បុណ្យ​​​សព លោក បណ្ឌិត កែម ឡី
លោក មឿន តុលា ​គណៈ​កម្មការ​​​បុណ្យ​​​សព លោក បណ្ឌិត កែម ឡី ©soklim/RFI
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន

ការ​ចោទ​អស់​ហ្នឹង​ខ្ញុំ​បដិសេធ​ថា​គ្មាន​ការ​ពិត ហើយ​ត្រង់​ថា​ឆន្ទៈ​អ្នក​ប្តឹង​យ៉ាង​ណា​នោះ ​ខ្ញុំ​មិនអត្ថា​ធិប្បាយ​ទេ ទុក​ឲ្យ​សាធារណៈ​ជន​ជា​អ្នក​វិនិច្ឆ័យ​ចុះ”។

នេះ​ជា​ការ​គូស​បញ្ជាក់​របស់ លោក មឿន តុលា ជា​គណៈ​កម្មការ​​បុណ្យ​​សព លោក បណ្ឌិត កែម ឡី ដែល​ឆ្លើយ​តប​​នឹង​​សំណួរ​​អ្នក​កាសែត​ បន្ទាប់​ពី​ចេញ​ពី​​បំភ្លឺ​អស់​រយៈ​ពេល​២​ម៉ោង ចំពោះ​​មុខ​​អយ្យការ​​អម​​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​អង្គារ​។

ប៉ុន្តែ​ព្រះ​រាជ​អាជ្ញា​នៅ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​ឬ​ទម្លាក់​ចោល​ការ​ប្រកាន់​នៅ​ឡើយ​ទេ។​នេះ​បើ​តាម​លោក មឿន តុលា​។ ការ​ចូល​បំភ្លឺ​របស់​លោក​នៅ​ពេលនេះ​ បន្ទាប់ពី​លោក​បានពន្យារ​ពេល​ក្នុង​ការ​ចូល​បំភ្លឺ នាពេល​កន្លង​មក​។

នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​រង​បណ្តឹង​ពី​លោក ពេជ្រ ស្រស់ ​ដែល​ចោទ​ថា ធ្វើ​ឲ្យ​បាត់​លុយ​បច្ច័យ​បុណ្យ​សព​លោក បណ្ឌិត កែម ឡី។​ ប៉ុន្តែ​ចំពោះ​បណ្តឹង​ចោទ​ថា​បាត់​លុយ​បច្ច័យ​បុណ្យ​ដ៏​កម្រ​នេះ លោក មឿន តុលា អះអាង​ថា​លោក​មិន​ដឹង​ថា​គេ​ប្តឹង​ចោទ​ប្រកាន់​រឿង​បាត់​លុយ​ចំនួន​ប៉ុន្មាន​នោះ​ទេ។

ក្រៅ​ពី​លោក​មឿន​តុលា លោក​ពេជ្រ ស្រស់ ក៏​បាន​ប្តឹង​លោកប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) និង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ដោយ​ចោទ​ថា​ធ្វើ​ឲ្យ​បាត់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិតកែម ឡី ដែរ។

លោក ប៉ា ងួនទៀង តុលាការ​តម្រូវ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​នេះ​ដែរ តែ​ដោយ​សារ​លោក​ជាប់​រវល់នៅ​ក្រៅ​ប្រទេស ទើប​លោក​ផ្តល់​សិទ្ធិ​ឲ្យ​មេធាវី​ទៅ​ជំនួស ខណៈ​ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក។

អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ធ្លាប់បាន​លើក​ឡើង​ថា គណៈកម្មការបុណ្យ បាន​ត្រឹមតែ​ជួយ​ផ្នែក​បច្ចេកទេស និង​សកម្មភាព​ទូទៅ មិន​មាន​តួនា​ទី​កាន់​លុយ​បុណ្យនោះ​ទេ ហើយ​រាល់​បច្ច័យ​ទាំងអស់​ត្រូវ​កាន់​កាប់​ដោយ​ម្ចាស់​ដើម​បុណ្យ និង​បញ្ចូល​ផ្ទាល់​ទៅកាន់​គណនេយ្យ​ធនាគារ​របស់​ភរិយា​នៃ​សព​លោក កែម ឡី។

ចំណែក អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ក៏ធ្លាប់​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា ពុំ​មាន​ការ​បាត់​លុយ​បច្ច័យ​បុណ្យ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ