អានតួអត្ថបទ
កម្ពុជា

អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ បញ្ជាមន្រ្តី​ឲ្យ​ទប់​ស្កាត់​មិន​ឲ្យ​លោក សម រង្ស៊ី​ចូល​កម្ពុជា​

អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ បាន​បញ្ជា​ឲ្យ​មន្រ្តី​ទាំង​អស់​ដែល​នៅ​តាម​បណ្តា​ច្រកទ្វារ​អន្តរជាតិ ព្រមទាំង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ រាយការណ៍​ជា​បន្ទាន់ រារាំង​មិន​ឲ្យ លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​បាន។ នេះ​បើ​តាម​លិខិត​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ចុះ​ថ្ងៃទី ១៨ ខែ តុលា។​ សូម​បញ្ជាក់​ថាលិខិត​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី ស្នើ​សុំ​អន្តរាគមន៍​ពី​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់​វិធាន​ការ​បង្ការ​ទុក​មុន ចំពោះ​ការ​ប៉ុន​ប៉ងណា​មួយ ពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ចង់​វិល​មក​កម្ពុជា​វិញ​។

លោក សម រង្ស៊ី រៀបចំចេញដំណើរមកកម្ពុជា កាលពីពេលកន្លងទៅ។
លោក សម រង្ស៊ី រៀបចំចេញដំណើរមកកម្ពុជា កាលពីពេលកន្លងទៅ។ RFI/FB Sam Rainsy
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លិខិត ចុះថ្ងៃទី១៨ ខែតុលា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បង្គាប់​ឲ្យ អគ្គនាយក និង និង នាយកដ្ឋាន​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុកដាក់ ពង្រឹង​ការ​ត្រួត​ពិនិត្យ នៅ​តាម​ច្រក​ទ្វារអាកាសយានដ្ឋាន​ទាំ​ងបី នៅ​ភ្នំពេញ សៀមរាប និង ក្រុង​ព្រះសីហនុ ក៏​ដូច​ជា នៅ​តាម​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ នានា និង រាយការណ៍​ជា​បន្ទាន់​ក្នុង​ករណី លោក សម​ រង្ស៊ី ចាក​ចេញ​ផុត​ពី​យន្ត​ហោះ តាម​ច្រក​សំខាន់​ទាំង​នោះ។

លិខិត​ដដែល​សរសេរ​ទៀត​ថា ស្ថាប័ន​ពាក់​ព័ន្ធ​ខាង​លើ​ចំាបាច់​ត្រូវ​ចាត់វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​កុំ​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ ចូល​មក​កម្ពុជា​បាន និង ចាត់​វិធានការ​ផ្សេង​ទៀត​តាម​ការ​ចំា​បាច់​ដោយ​អនុវត្ត​ឲ្យ​បាន​ម៉ត់​ចត់​។

សូម​រំឮក​ជូន​ថា លិខិត​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ទី​ស្ដីការ​គណៈរដ្ឋ​មន្ដ្រី ចុះ​ថ្ងៃ​ទី​១២​តុលា​ឆ្នាំ​២០១៦​ ផ្ញើ​ជូន​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ជា​លិខិតដែល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន រារាំង និង​ហាម​ឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី និង​កិច្ច​ប្រជុំ​របស់គណៈកម្មាធិការ​សន្តិសុខ​អាកាសយានដ្ឋាន​អន្ដរជាតិ​។

លិខិត​របស់គណរដ្ឋមន្រ្តី នោះ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការ​៤​សំខាន់​ៗ គឺ​ការ​តម្រូង​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរ​ទាំង​អស់ ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ឡើង​យន្តហោះ​មក​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​មាន​ការ​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា​។

បន្ថែម​ពី​នេះ ករណី​ធ្វើដំណើរ​មក​កាន់​កម្ពុជា តាម​រយៈយន្តហោះ​ណាមួយ យន្តហោះ​នោះ​នឹង​ត្រូវ​បង្វែរ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះចត​នៅ​កម្ពុជា​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​ករណី​យន្តហោះ​ណា​ដែល​ដឹក​ប្រធាន​បក្ស​ប្រឆាំង​នេះ​ចុះ​ចត​ដល់​អាកាស​យានដ្ឋាន​ណាមួយ​នៅ​កម្ពុជា យន្តហោះ​នោះ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញ​ពី​យន្តហោះ​ឡើយ និង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ​។ និង​ចុង​ក្រោយ គឺ​ក្នុង​ករណី​ដែល​បុគ្គល សម រង្ស៊ី បាន​ចាកចេញ​ផុត​ពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូល​កម្ពុជា​បាន និង​ចាត់​វិធានការ​ផ្សេង​ទៀត​តាម​ការ​ចាំ​បាច់​។

ភ្លាមៗ ក្រោយ​ពី​លិខិត​​ដែល​បង្ហាញ​ពី​​វិធាន​ការ​របស់​រដ្ឋា​ភិបាល​ទប់​ស្កាត់​មិន​ឲ្យ​លោក​សម ​រង្ស៊ី​ចូលប្រទេស​កម្ពុជា ​ ​អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថារដ្ឋាភិ​បាល​កំពុង​តែ​រក​វិធី​មិន​ឲ្យ​លោក​សម​ រង្ស៊ី ​ចូល​ស្រុក ជា​ជាង​ការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​។ លោកថា​វត្តមាន​របស់​លោក​សម​ រង្ស៊ី​​​នឹ​ងធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយ​គណបក្ស​កាន់​អំណាច​។

សូម​ជម្រាប​ជូន​ថា ជាញឹកញាប់ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ពី​ជំហ​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្មជន​និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិលដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង​៣០​នាក់។ ជា​ថ្នូរ​នឹង​ការ​ដោះលែង​នេះ លោក​សុខ​ចិត្ត​វិលត្រលប់​មក​កាន់ប្រទេស​កម្ពុជា​វិញ និង​យល់​ព្រម​ដើរ​ចូល​គុក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ