អានតួអត្ថបទ
កម្ពុជា

ឆ្នាំ​២០១៥​៖ មនុស្ស​ជាង​១០០​នាក់​រង​គ្រោះ​ដោយសារ​គ្រាប់​មីន

នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​ស្អែក គឺ​ជា​ទិវា​យល់​ដឹង​ពី​មីន លើក​ទី​១៧​នៅ​កម្ពុជា រដ្ឋាភិបាល​នៅ​ថ្ងៃ​នេះ​បាន​បញ្ចេញ​សារលិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អបអរ​សាទរ​នៃ​ទិវា​នេះ។ ក្នុង​នោះ​ រដ្ឋាភិបាល​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណ​ជាង​១០០​នាក់​បាន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន។

គ្រាប់មីន ដែល​បង្កប់​នៅ​​ក្នុង​ដី​
គ្រាប់មីន ដែល​បង្កប់​នៅ​​ក្នុង​ដី​ © រូបថត​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​មនុស្ស​១១១​នាក់​បាន​រងគ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​សារ​លិខិត​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​នេះ។ ក្នុង​រយៈ​ពេល​២៤​ឆ្នាំ​នៃ​ការ​សម្អាត​មីន​នៅ​កម្ពុជា អាជ្ញាធរ​បាន​សំអាត​ផ្ទៃ​ដី​បាន​ប្រមាណ​១​ពាន់​៤​រយ​គីឡូម៉ែត្រ​ក្រឡា និង​កំទេច​ចោល​នៅ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង​ ១លាន ២​ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថ​ក្រោះ​ជាង​២​ម៉ឺ៣​ពាន់​គ្រាប់ រួម​ទាំង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​២​លាន ៦​ម៉ឺន​គ្រាប់។ ដោយ​ឡែក​អ្នក​រង​គ្រោះ​បាន​ធ្លាក់​ចុះ​ពី​ជាង​៤​ពាន់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​១១១​នាក់ ក្នុង​ឆ្នាំ​២០១៥។ សម្រាប់​លោក ហេង រតនា ប្រធាន​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​បាន​បន្ថែម​ថា​ចំនួន​ករណី​នេះ មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ជាង​៣០​ករណី បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​១៤៦​ករណី។

កម្ពុជា​នៅ​មាន​ផ្ទៃដី​សង្ស័យ​ថា មាន​មីន​និង​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ​ជាង​១​ពាន់​៦​រយ​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត​ដែល​ត្រូវ​សំអាត។ គួរ​រំលឹក​បន្ថែម​ថា ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ ​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ បញ្ហា​គ្រោះ​ថ្នាក់​ដោយសារ​មីន​តោន​នៅ​តែ​បន្ត​កើត​ឡើង​ជា​ញឹកញាប់ ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​នៅ​ក្នុង​តំបន់​ដែល​មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​តោន។

លោក​ហេង រតនា បាន​បញ្ជាក់​ថា​សម្រាប់​ផ្ទៃ​ដី​ដែល​នៅ​សេស​សល់​ជាង​១​ពាន់​៦​រយ​គីឡូ​ម៉ែត្រ​ក្រឡា​នេះ មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន អាច​ត្រូវ​ការ​ពេល​វេលា​ប្រមាណ​ជាង​១០​ឆ្នាំ​ដើម្បី​សំអាត​ផ្ទៃ​ដី​ទាំង​នោះ។ ជា​ផ្ទៃដី​ដែល​សុទ្ធ​សឹង​តែ​ជា​តំបន់​សង្គ្រាម​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​កម្ពុជា។ លោក​បន្ថែម​ថា សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ៗ មជ្ឈ​មណ្ឌល​មាន​ផែន​ការ​សំអាត​ផ្ទៃ​ដី​ប្រមាណ​១៣០​គីឡូ​ម៉ែត្រ​ក្រឡា។ ជា​ការ​សំអាត​ដែល​ផ្តោត​ទៅ​លើ​តំបន់​អតិភាព​នៅ​តាម​ខែត្រ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ដូច​ជា​ព្រះ​វិហារ បន្ទាយ​មាន​ជ័យ ឧត្តរមាន​ជ័យ បាត់​ដំបង និង​ប៉ៃលិន​ជា​ដើម។ បើ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ ចំនួន​នៃ​ករណី​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​ឆ្នាំ​២០១៥​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ