អានតួអត្ថបទ
កម្ពុជា-ព្រំដែន

រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ទាំង​អស់​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​មន្ដ្រី​ក្រោម​បង្គាប់ បិទ​ឲ្យ​អស់​ច្រក​របៀង ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​គ្រប់​ប្រភេទ​។ បទ​បញ្ជា​របស់​លោក ស ខេង ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​លោក​អញ្ជើញ​ចូល​រួម​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង នៅថ្ងៃ​ទី​២៣​មករា​កន្លង​ទៅ​។

លោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ
លោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ការ​បិទ​ច្រក​របៀងឲ្យ​អស់​នេះ រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​សង្ឃឹម​ថា វា​នឹង​អាច​លុប​បំបាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ការ​ជួញ​ដូរ​មនុស្ស​​ខុស​ច្បាប់ ព្រម​ទាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​​ផ្សេង​ៗ​ទៀត​។ គួរ​ជម្រាប​ថា នេះ មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក ស ខេង បញ្ជា​ឲ្យ​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​បិទ​ច្រក​របៀង​ឲ្យ​អស់​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ បើ​ទោះ​បីជា​មាន​បញ្ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា នៅ​តែមាន​ការ​បើកច្រក​របៀង​នៅ​តាម​ព្រំដែន​ដដែល​។ សម្រាប់​លោក ស ខេង ប្រសិន​បើ​ច្រក​របៀង​ត្រូវ​បាន​បិទ​អស់​ នោះ​សមត្ថកិច្ច​នឹង​អាច​បង្ការ បង្ក្រាប និង​ឈាន​ទៅ​បញ្ឈប់​ទាំង​ស្រុង​នូវ​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​គ្រប់​ប្រភេទ​។

គួរ​ជម្រាប​ជូន​ថា មិន​មែន​មាន​តែ​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ឯង​ទេ ដែល​ចង់​ឲ្យ​បិទ​ច្រក​របៀង​​​ឲ្យ​អស់​។ នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ គឺ​ថ្ងៃ​ទី​២៣​មករា អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក លី ឡេង បាន​ប្រាប់​ទៅ​កាន់មន្ដ្រី​​ក្រោម​បង្គាប់​របស់​ខ្លួន ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ច្រក​របៀង​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ឡើយ​។ បទ​បញ្ជា​របស់​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ស្ដី​បន្ទោស និង ព្រមាន​ដក​ចេញ​ពី​តំណែង ប្រសិនបើ​នៅ​តែ​កើត​មាន​បទ​ល្មើស​ឆ្លង​ដែន ពិសេស​បទ​ល្មើស​ព្រៃ​ឈើ ឆ្លង​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​ត្បូង​ឃ្មុំ​ទៀត​នោះ​។

បទ​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ទាំង​អស់​ពី​សំណាក់​អាជ្ញាធរ ត្រូវ​បាន​ស្វាគមន៍​ដោយ​អង្គការ​សង្គម​ស៊ីវិល​។ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​ដើម្បី​គណនេយ្យភាព​សង្គម យល់​ឃើញ​ថា ច្រក​របៀង​មួយ​ចំនួន បាន​បង្ក​ជា​បញ្ហា​ដល់​សង្គម ពិសេស​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ជា​ដើម​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​បាន​រំឭក​ថា ច្រក​របៀង​មួយ​ចំនួន ក៏​មាន​គុណ​សម្បត្តិ​ផង​ដែរ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​។

ដូច្នេះ ជា​ជាង​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ទាំង​អស់ លោក សន ជ័យ យល់​ឃើញ​ថា អាជ្ញាធរ​គួរ​តែ​សិក្សា​ស្រាវ​ជ្រាវ​ពី​ច្រក​របៀង​ដែល​ល្បី​ឈ្មោះ​ខាង​បង្ក​បញ្ហា ហើយបង្កើន​ការ​ត្រួត​ពិនិត្យ​ជា​មុន​សិន មុន​នឹង​ឈាន​ទៅ​​បិទ​ច្រក​របៀង​ទាំង​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ