អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​ណែនាំ​ឲ្យ​អាជ្ញាធរ​ត្រៀម​ធ្វើការ​ជាមួយ​ថៃ​និង​ត្រៀម​ទទួល​ពលករ​ខ្មែរ​ឲ្យ​បាន​ល្អ

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៤​ខែ​កក្កដា​ម្សិលមិញ ​បាន​ណែនាំ​ទៅ​ដល់​អភិបាល​ខេត្ត​-រាជធានី ​ឲ្យ​យកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន​ជុំវិញ​បញ្ហា​ពលករ​ខ្មែរ​ខុសច្បាប់​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​វិញ​។ ​សេចក្តី​ណែនាំ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ថៃ​ធ្វើការ​ដឹកជញ្ជូន​ពលក​រ​ខ្មែរ​ខុសច្បាប់​កាន់តែ​ច្រើនទៅ​ៗ​មក​ប្រទេស​កម្ពុជា​វិញ ​ដោយ​អនុវត្ត​ទៅតាម​ច្បាប់​ការងារ​ថ្មីរ​ថៃ ​តម្រូវ​ឲ្យ​និយោជក​ប្រើប្រាស់​កំលាំង​ពលកម្ម​បរទេស​មាន​ភាព​ស្រប​ច្បាប់​។

ពលករ​ខ្មែរ​ពេល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​ប្រទេស​វិញ
ពលករ​ខ្មែរ​ពេល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​ប្រទេស​វិញ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន ​ចុះ​ហត្ថលេខា​ដោយ​លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​អ្នក​កាសែត​ទើបតែ​បាន​ទទួល​នៅ​ថ្ងៃ​ពុធ​នេះ ​ក្រសួង​មហា​ផ្ទៃ​បានធ្វើ​ការណែនាំ​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន ​ទៅដល់​អភិបាល​ខេត្ត-​រាជធានី ​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​ថា ​ត្រូវ​ជួប​ប្រជុំ​ជា​បន្ទាន់​ជាមួយ​អាជ្ញាធរ​ខេត្ត ​អាជ្ញាធរ​មូលដ្ឋាន ​និង​សមត្ថកិច្ច​នៃ​ប្រទេស​ថៃ ​ដើម្បី​បង្កើន​កិច្ច​សហការ ​អំពី​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ស្តីពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​ត្រលប់​មក​កម្ពុជា​វិញ ​ដោយ​ស្នើ​ឲ្យ​ភាគី​ថៃ​យកចិត្ត​ទុកដាក់​លើ​ការ​ដឹកជញ្ជូន ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ ​សុវត្ថិភាព ​សុខភាព ​និង​ស្បៀងអាហារ​ឲ្យ​បាន​សមស្រប​។

បន្ថែម​ពីនេះ ​ក្រសួង​មហាផ្ទៃ​ក៏ ​បញ្ជា​ឲ្យ​មានការ​ស្រាវជ្រាវរ​កមេ​ក្លោង​ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ស្របតាម​ច្បាប់​ជា​ធរមាន​។ ​ក្រៅពីនេះ​ ក្រសួង​ក៏បាន​ណែនាំ​ទៅដល់​សមត្ថកិច្ច​ទ​ទួល​បន្ទុក​ច្រកទ្វារ​ព្រំដែន ​និង​ច្រក​របៀង ​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ឯទៀត​ អនុវត្ត​នូវ​តួនាទី​របស់​ពួកគេ ​ក្នុងការ​ គ្រប់គ្រង ​សម្រួល​ដល់​ពលករ​ រៀបចំ​ជម្រក​បណ្តោះអាសន្ន ​ផ្តល់​សេវា​ថ្នាំសង្កូវ​និង​ត្រៀម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​។​ល​។​និង​។​ល​។

ជាមួយគ្នានេះ ​អាជ្ញាធរ​ខេត្ត-រាជធានី ​ដែលមាន​ព្រំដែន​មិន​ជាប់​ប្រទេស​ថៃ ​ក៏​ត្រូវ​បាន​ណែនាំ​ដែរ​ឲ្យ​យកចិត្តទុកដាក់​ឧបត្ថម្ភ ​និង​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ពលករ​ខ្មែរ​ទៅកាន់ ​លំនៅដ្ឋាន​របស់​ពួកគាត់​នៅតាម​ដែន​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ​ប្រកបដោយ​សុវត្ថិភាព​។

ដោយឡែក​អ្នក​នាំពាក្យ​ក្រសួង​ការងារ​កម្ពុជា​លោក​ហេង សួរ ​នៅ​ថ្ងៃ​នេះ​ដែរ ​បាន​ប្រាប់​វិទ្យុ​បារាំង​RFI ​ថា​មាន​ពលករ​ខុស​ច្បាប់​សរុប​ចំនួន​១៩០០​នាក់ ​ត្រូវបាន​ថៃ​បញ្ជូនមក​ស្រុក​វិញ ​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៤​កក្កដា​ម្សិលមិញ​។​ ពោលគឺ​មានការ​កើនឡើង​ប្រមាណ​ជា​៣​ដង​ធៀប​ទៅនឹង​ថ្ងៃ​ធម្មតា ​តែ​រូបភាព​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​ប្រទេស​ពេលនេះ ​មាន​លក្ខណៈ​ខុសគ្នា​កាលពី​លើក​មុន ​ដោយសារ​ ភាគី​ថៃ​បាន​ទុកពេល​ឲ្យ​និយោជក ​និង​សហគ្រាស​ថៃ ​រួមទាំង​ពលករ​បរទេស​ផងដែរ ​ត្រៀម​លក្ខណៈ​និង​រៀបចំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បំពេញ​ភាព​ស្របច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ