អានតួអត្ថបទ
កម្ពុជា

កង​រក្សា​សន្តិភាព​របស់​កម្ពុជា​វិល​ពី​ម៉ាលីវិញ​ជាមួយ​«មោទនភាព»

ការងារ​រក្សា​សន្តិ​ភាពជា​ជំនាញ និង​ជា​«មោទនភាព»​របស់​កម្ពុជា។ នេះ​ជាការ​ថ្លែង​របស់​លោក​​ឧត្តមសេនីយ៍ឯក ខៀវ ឆេន ដែល​ជា​ទីប្រឹក្សា និង​ជា​នាយករង​ខុទ្ទកាល័​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា ក្នុងឱកាស​ដែល​កងកម្លាំង​រក្សា​សន្តិភាព​សញ្ជាតិ​ខ្មែរ​របស់​អង្គការ​សហ​ប្រជាជាតិ​ចំនួន​១២១​នាក់​ចុង​ក្រោយ បាន​ត្រឡប់​ពី​បំពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី​​វិញ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

ពិធីជូន​ដំណើរ​ក​ង​ក​ម្លាំង​ក​ម្ពុជាទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព អ.ស.ប នៅប្រ​ទេស ម៉ាលី និង​ប្រ​ទេស ស៊ូដ​ង់ខាង​ត្បូង
ពិធីជូន​ដំណើរ​ក​ង​ក​ម្លាំង​ក​ម្ពុជាទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព អ.ស.ប នៅប្រ​ទេស ម៉ាលី និង​ប្រ​ទេស ស៊ូដ​ង់ខាង​ត្បូង រូបថត៖ក្រសួង​ការពារជាតិ
ផ្សាយពាណិជ្ជកម្ម

កងទ័ព​មួក​ខៀវ​សញ្ជាតិ​ខ្មែរ​របស់​អង្គការ​សហប្រជាជាតិ​ទាំង​៣០៩​នាក់ បាន​ធ្វើ​មាតុ​ភូមិនិវត្តន៍​ពី​សាធារណរដ្ឋ​ម៉ាលី​វិញ​អស់​ហើយ បន្ទាប់​ពី​កង​រក្សា​សន្តិភាព​ពិភពលោក​ចំនួន​១២១​នាក់​ចុងក្រោយ​របស់​កម្ពុជា បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​៦​និង​៣​នាទី។

នាយករង​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា ដែល​បាន​ទទួល​កង​វិស្វកម្ម​ព្រលានយន្តហោះ និង​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ពី​ប្រទេស​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​នោះ បាន​ថ្លែង​ថា ការងារ​រក្សា​សន្តិ​ភាព​ជា​ជំនាញ និង​ជា​«មោទនភាព»​របស់​កម្ពុជា។

យោងតាម​លោក​ឧត្តមសេនីយ៍ឯក ខៀវ ឆេន ដែល​ជា​ទី​ប្រឹក្សា​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​កម្ពុជា​ផង កង​កម្លាំង​រក្សា​សន្តិភាព​សញ្ជាតិ​ខ្មែរ​របស់​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ឱ្យ​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង​ដោយសារ​គុណសម្បត្តិ​សំខាន់ៗ​ចំនួន​៤៖  

១) ការ​ទទួល​បាន​នូវ​ការ​ហ្វឹក​ហ្វឹន​ប្រកប​ដោយ​វិជ្ជាជីវៈ​តាម​និយាម​របស់​អង្គការ​សហប្រជាជាតិ  
២) សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ​និង​ការ​សម្រេច​បាន​ជោគជ័យ​ច្រើន​ក្នុង​ការងារ
៣) ភាព​អង់អាច​ក្លាហាន​ក្នុងការ​បំពេញ​ភារ​កិច្ច និង​ការ​គោរព​វិន័យ​និង​ការ​ចាត់​តាំង​របស់​អង្គការសហប្រជាជាតិ
និង៤) សីលធម៌​ល្អ ទំនាក់ទំនង​ល្អ និង​ទឹក​ចិត្ត​មនុស្ស​ធម៌​ក្នុង​ការ​ជួយ​អប់រំ​គាំទ្រ​ដល់​ប្រជាជន​នៅក្នុង​ប្រទេស​គោលដៅ។

ក៏​មាន​ដែរ​ការ​ប្រឈម​ខ្លះ​ចំពោះ​កងកម្លាំង​កម្ពុជា​នៅ​បរទេស ជាពិសេស​នៅ​អាហ្វ្រិក ទី​ដែល​វីរុស អ៊ីបូឡា បាន​រាត​ត្បាត ក្នុង​នោះ​ក៏​មាន​នៅ​ប្រទេស​ម៉ាលី​ដែរ។ ដូច្នេះ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ភ្នាក់ងារ​របស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​ពិនិត្យ​សុខភាព​របស់​កងកម្លាំង​មួយ​ខៀវ​ទាំង​១២១​នាក់​នោះ​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។
 

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​កង​រក្សា​សន្តិភាព​សញ្ជាតិ​ខ្មែរ​របស់​អង្គការសហ​ប្រជា​ជាតិ​​បាន​ចេញទៅ​ប្រទេស​ម៉ាលី​ដើម្បី​បន្ត​បេសកកម្ម​របស់​ទាហាន​ទាំង៣០៩នាក់​នោះ​ហើយ បន្ទាប់​ពី​ពិធី​ជូន​ដំណើរ​នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ