អានតួអត្ថបទ
កម្ពុជា-វប្បធម៌

ក្រសួង​វប្បធម៌៖ ចុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ដឹង​លទ្ធផល​ពី​ការ​ដាក់​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ

លទ្ធផល​ស្តី​ពី​ការ​ស្នើ​ដាក់​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​នៅ​អង្គការ​យូណេស្កូ​នឹង​ត្រូវ​ប្រកាស​នៅ​ចុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ ជា​ការ​បញ្ជាក់​បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន ចង់​ឲ្យ​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ។

លោកថៃ ​នរៈសត្យា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​
លោកថៃ ​នរៈសត្យា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​
ផ្សាយពាណិជ្ជកម្ម

លោក ថៃ នរៈសត្យា អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ជា​ទម្លាប់​របស់​អង្គការ​UNESCO ប្រកាស​ពី​លទ្ធផល​នៃ​សំណើ​ដាក់​សម្បត្តិ​វប្បធម៌​អ្វី​មួយ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​នៅ​ចុង​ឆ្នាំ។ អ្នក​នាំ​ពាក្យ​រូប​នេះ​រំពឹង​ថា ល្ខោន​ខោល​របស់​កម្ពុជា​(ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត)នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ព្រោះ​កម្ពុជា​មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាស់​លាស់។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​ឯកសារ​ទាក់​ទង​ទៅ​នឹង​ល្ខោន​ខោល​ទៅ​អង្គការ​យូណេស្កូ ​ ដំណាល​គ្នា​នឹង​ឯកសារ​គុន​ល្បុក្កតោ​ខ្មែរ។ ក្រសួង​វប្បធម៌​អះអាង​ថា​ ឯកសា​នីមួយៗ ដែល​ដាក់​ស្នើ​សុំ ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​វាយ​តម្លៃ​ជា​ច្រើន​ដំណាក់​កាល​ពី​ក្រុម​ជំនាញ​អន្តរជាតិ មុន​នឹង​ដាក់​ពិនិត្យ​សម្រេច​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល នៃ​អង្គការ​យូណេស្កូ នា​ចុង​ឆ្នាំ​២០១៨​នេះ។

ថ្មីៗ​នេះ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម បាន​សរសេរ​សារ​ខ្លីៗ​ដោយ​បញ្ជាក់​ថា​ល្ខោន​ខោល​ជា​របស់​ខ្មែរ ហើយ​ទាម​ទារ​ឲ្យ​អង្គការ​យូណេស្កូ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ។ ជា​ការ​ឆ្លើយ​តប លោក ថៃ នរៈសត្យា អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មាន​ភាព​ស្ងប់​ស្ងាត់​ទាក់​ទង​នឹង​ការ​ស្នើ​ដាក់​បញ្ចូល​ល្ខោន​ខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​នេះ ព្រោះ​ក្រសួង​វប្បធម៌​បាន​បំពេញ​តួនាទី​រួច​រាល់​អស់​ហើយ ចំពោះ​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ទាំង​រូបី និង​អរូបី។

សូម​ជម្រាប​ជូន​ថា រហូត​មក​ដល់​ពេល​នេះ​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា ដែល​មាន​រួម​មាន របាំ​ព្រះ​រាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ល្បែង​ទាញ​ព្រ័ត្រ និង​ចាប៉ី​ដង​វែង​ជា​ដើម ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។

យោង​តាម​គេហទំព័រ​របស់​អង្គការ​យូណេស្កូ ការ​ពិនិត្យ​សម្រេច​សំណើ​របស់​ប្រទេស​នានា ដែល​ចង់​ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ក្នុង​បញ្ជី​បេតិកភណ្ឌ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៣ នៅ​ចុង​ខែ​វិច្ឆកា និង​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ