ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT
កម្ពុជា

​ក្រសួង​ការពារ​ជាតិ​មានមោទនភាព​នឹង​លទ្ធ​ផល​ការងារ​៩​ខែ​របស់​ខ្លួន ខណៈ​សង្គម​ស៊ីវិល​ថា​នៅ​ខ្វះ​ចន្លោះ​

media  
រូបភាព៖ និស្សិតនាយទាហានសកម្ម @FB/ លោក ឈុំ សុជាតិ

ក្រសួង​ការពារ​ជាតិ​ក​ម្ពុ​ជា ​បាន​អះអាង​ថា ​ស្ថាប័ន​ការពារ​ជាតិ​មួយ​នេះ ​បាន​ទប់ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​នៅ​តាម​ព្រំដែន ​បាន​ចំនួន ​៤២៣៣​លើក​។ ​ការ​ប្រកាស​នេះ ​ធ្វើ​ឡើង​ខណៈ ដែល​ក្រសួង​ការពារជាតិ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​កាល​ពី​ម្សិលមិញ ​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ ​រយៈពេល ​៩​ខែ ​ឆ្នាំ​២០១៨ ​នេះ ​និង​ការ​អនុវត្ត​ការងារ​បន្ត​ក្នុង​ត្រីមាស​ទី​៤​នា​ចុង​ឆ្នាំនេះ​។ 

ក្នុង​ចំណោម​បទល្មើស ​ដែល​កងទ័ព​បាន​ទប់ស្កាត់​និង​បង្ក្រាប​បាន ​ចំនួន ​៤២៣៣​លើក​នេះ ត្រូវ​បាន​ចែក​ជា​បទ​ល្មើស​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ​ចំនួន​២០៥៤​លើក ​ព្រំដែន​កម្ពុជា-វៀតណាម ​ចំនួន ​១០០៨​លើក ​និង​ព្រំដែន​កម្ពុជា-ឡាវ ​ចំនួន​១១៧១​លើក​។ ​ក្នុង​ចំណោម​បទល្មើស ​ដែល​កងទ័ព​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​ទាំងនេះ ​ភាគច្រើន​ជា​បទល្មើស​រត់​ពន្ធ​គ្រឿងញៀន​ឆ្លងដែន ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់ ​និង​ការ​រត់ពន្ធ​ពលករ​ឆ្លងដែន​ខុសច្បាប់​។

យោងតាម​ការ​បញ្ជាក់​រ​បស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ​ឈុំ សុជាតិ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ​កងទ័ព​បាន​អនុវត្ត​ភារកិច្ច​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ​បន្ត​ពង្រឹង​ប្រៀប​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំដែន ​រួមមាន​ការធ្វើ​ល្បាត​ជា​ប្រចាំ​ដើម្បី​ត្រួត​ពិនិត្យ ​គ្រប់គ្រង​សភាពការណ៍ ​និង​ភូមិសាស្ត្រ​ទទួល​ខុសត្រូវ ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ​និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ ​ព្រមទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង ​និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ​ដែល​កើត​មាន ​ដោយ​សន្តិវិធី ​ហើយ​ប្រែក្លាយ​តំបន់​ព្រំដែន ​ជា​ព្រំដែន​ដែល​ប្រកប​ដោយ​សុខ​សន្តិភាព ​អភិវឌ្ឍន៍ ​និង​កិច្ច​សហ​ប្រតិបត្តិការ​។

ដោយឡែក​ អ្នក​តាមដាន​សង្គម​នា​នា​បាន​ទទួល​ស្គាល់​ថា ​នេះ​គ្រាន់តែ​ជា​ការ​ប្រឹងប្រែង​មួយ​ជ្រុង​ប៉ុណ្ណោះ ​នៅ​ក្នុង​ការងារ​របស់​កងទ័ព​តាម​ព្រំដែន​។ ​លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ​មើល​ឃើញថា​ លទ្ធផល​ដែល​កងទ័ព​ទទួល​បាន​រយៈពេល​៩ខែ​នេះ ​មិនទាន់​បាន​ឆ្លុះបញ្ចាំង​នូវ​ប្រសិទ្ធភាព​ការងារ​នៅ​ឡើយ​ទេ​ ដោយសារ ​តែ​នៅមាន​កំណើន​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស ​ការ​ដឹកឈើ​ខុសច្បាប់​ពី​ក្រុម​មនុស្ស​ដែល​ប្រើ​ស្លាក​លេខ​ ខ.ម ​ជាដើម​។

ក៏​ប៉ុន្តែ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​ឈុំ សុជាតិ ​បាន​ចាត់ទុក​ថា ​សកម្មភាព​ការងារ​រយៈពេល​៩​ខែ​ ឆ្នាំ២០១៨ ​របស់​កងទ័ព ​គឺ​ជា​លទ្ធផល​នៃ​កំណែ​ទម្រង់រ​របស់​កង​យោធពល​ខេមរភូមិន្ទរ​យៈ​ពេល៥​ឆ្នាំ ​និង​ការ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ​និង​ទី៤ របស់​រដ្ឋាភិបាល​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ