ក្រសួងការពារជាតិមិនឲ្យតម្លៃ Human Right Watch ជុំវិញការចោទប្រកាន់លើមេទ័ពនិងមេប៉ូលីសជាន់ខ្ពស់១២រូប
ក្រសួងការពារជាតិ នៅថ្ងៃទី២៨ មិថុនានេះ បានធ្វើការច្រានចោលនូវរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ដែលបានចោទប្រកាន់ទៅលើមន្ត្រីយោធាជាន់ខ្ពស់របស់កម្ពុជាចំនួន ១២រូប "ដោយគ្មានមូលដ្ឋាន"។ ប្រតិកម្មរបស់ក្រសួងការពារជាតិនាពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ចេញផ្សាយនូវរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ កំរាស់ជាង២០០ទំព័រ ដែលមានចំណងជើងថា«បុគ្គលនាយឧត្តមសេនីយ៍បាតដៃកខ្វក់១២រូបរបស់កម្ពុជា៖ ប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែងនៃនាយឧត្តមសេនីយ៍របស់លោក ហ៊ុន សែន»។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
ភ្លាមៗបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃនេះ ក្រសួងការពារជាតិបានហៅរបាយការណ៍របស់អង្គការអន្តរជាតិនេះថា ជាការរំលោភបំពានម្តងហើយម្តងទៀត មកលើអធិបតេយ្យភាព ឯករាជ្យភាព និងនីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំរើនយោបាយទុច្ចរិត របស់ជនបរទេសមួយចំនួននិងក្រុមអ្នកនយោបាយក្បត់ជាតិ ដែលបានប៉ុនប៉ង បង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញដល់សន្តិភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងរបាយការណ៍របស់ខ្លួននៅថ្ងៃនេះដែរ បានលាតត្រដាងថាកម្ពុជា កាន់តែប្រែក្លាយទៅជារបបផ្តាច់ការ និងការដឹកនាំបែបឯកបក្ស ដោយសារតែនាយឧត្តមសេនីយ៍មានបាតដៃកខ្វក់ទាំង១២រូប ក្នុងជួរកងកម្លាំងសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាខ្នងបង្អែកនៃរបបនយោបាយមួយពោរពេញទៅដោយអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនិងមានលក្ខណៈផ្តាច់ការនិយម។
ក៏ប៉ុន្តែក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុង មិនទទួលស្គាល់ដាច់ខាត ចំពោះការចោទប្រកាន់នៃរបាយការណ៍ ដែលបង្កប់ឧបាយកលពិសពុលរបស់ក្រុមដែលហៅថា អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ។ ជាមួយគ្នានេះ ក្រសួងការពារជាតិក៏អំពាវនាវដល់អង្គការ Human Rights Watch បញ្ឈប់ជាបន្ទាន់នូវរបាយការណ៍ចោទប្រកាន់គ្មានមូលដ្ឋានទៅលើមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ដែលច្រានចោលដោយក្រសួងការពារជាតិ អង្គការ Human Right Watch បានផ្តោតទៅលើនាយឧត្តមសេនីយ៍យោធានិងប៉ូលីសចំនួន១២រូប ក្នុងនោះមានលោក គន់ គីម លោក សៅ សុខា លោក ប៉ុល សារឿន លោក នេត សាវឿន ជាដើម ដោយរបាយការណ៍ មិនបានពាក់ព័ន្ធទៅនឹងកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទីជាឧត្តមសេនីយ៍ ក្នុងជួរកងទ័ពជាតិនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ