ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
កម្ពុជា

លទ្ធផល​​បាក់​ឌុប​​ឆ្នាំ​នេះ​៖ ​ជាប់​​ជាង​៦២% ​និង​​មាន​​អ្នក​​និទ្ទេស​​A​ ចំនួន​​ជាង​៤០០​នាក់​

media  
សិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​​កាល​ពី​ឆ្នាំ​២០១៥​ RFI/Vann Sokunthea

លទ្ធផល​នៃ​ការប្រឡង​បាក់​ឆ្នាំ២០១៦នេះ ត្រូវបាន​ក្រសួង​អប់រំ​ប្រកាស​ឲ្យ​ដឹង​ហើយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ព្រឹក​នេះ គឺ មាន​បេក្ខជន​​ចំនួន​៥ម៉ឺន៥ពាន់៧រយ៥៣នាក់ ត្រូវជា៦២,១៨% បាន​ប្រឡង​ជាប់​នៅក្នុង​ចំណោម​បេក្ខជន​ប្រឡង​ចំនួន ​៨ម៉ឺន​៩ពាន់​៦រយ​៦១​នាក់​(៨៩ ៦៦១នាក់)​។ លទ្ធផល​ប្រឡង​បាក់​ឌុប​នេះ នឹង​បិទ​ផ្សាយ​ជា​ផ្លូវការ​នៅតាម​មណ្ឌល​នីមួយៗនៅ​រសៀល​នេះ​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។ ចំណែក​នៅ​ខេត្ត​ផ្សេង​ៗ​ទៀតនឹង​បិទ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ស្អែក។

នៅក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ទាំងនេះ មាន៣ ម៉ឺន៨ពាន់៤រយ១៥នាក់(៣៨៤១៥នាក់) ត្រូវជា ៥៧,២៨% បាន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ រីឯ​បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​វិញ មាន​ចំនួន ១ម៉ឺន៧ពាន់៣រយ៣៨នាក់(១៧៣៣៨នាក់) ត្រូវជា ៧៦,៧៥% នៃ​បេក្ខជន​ដែល​បាន​ចូល​រូ​ម​ប្រឡង។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ គឺ បេក្ខជន​ជាប់​និទ្ទេស​Aមាន​ចំនួន​ដល់​ទៅ៤០៥នាក់ និទ្ទេស B មាន​ចំនួន ២ពាន់៨រយ១នាក់(២៨០១នាក់) និទ្ទេស C មាន​ចំនួន ៥ពាន់៥រយ៩៥នាក់(៥៥៩៥ នាក់) និទ្ទេស D មាន​ចំនួន៨ពាន់៨រយ៣៥នាក់(៨៨៣៥នាក់) និង​និទ្ទេស E មាន​ចំនួន ៣ម៉ឺន៨ពាន់១រយ១៧នាក់(៣៨១១៧នាក់)។

បើតាម​ក្រសួង​អប់រំ បេក្ខជន​ដែលជា​ប់​និទ្ទេស​A ទាំងនេះ គឺ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ១៨៣ នាក់ ខេត្តសៀមរាប​មាន​ចំនួន ៣៦ នាក់ បាត់ដំបង​មាន​ចំនួន ៣៤ នាក់ កណ្តាល​មាន​ចំនួន ២៩ នាក់ កំពង់ចាម​មាន​ចំនួន ២០ នាក់ បន្ទាយមានជ័យ​មាន​ចំនួន ១៦ នាក់  ព្រៃវែង​មាន​ចំនួន ១៤ នាក់ កំពត​មាន​ចំនួន ១១ នាក់ ត្បូងឃ្មុំ​មាន​ចំនួន ១១ នាក់ តាកែវ​មាន​ចំនួន ១១ នាក់ កំពង់ធំ​មាន​ចំនួន ១០ នាក់ ខេត្តក្រចេះ​មាន​ចំនួន ០៩ នាក់ ខេត្តកំពង់ឆ្នាំង មាន​ចំនួន ០៧ នាក់ ព្រះសីហនុ​មាន​ចំនួន ០៧ នាក់ កំពង់ស្ពឺ​មាន​ចំនួន ០២ នាក់ ពោធិ៍សាត់​មាន​ចំនួន ០២ នាក់ មណ្ឌលគិរី​មាន​ចំនួន ០១ នាក់ ប៉ៃលិន​មាន​ចំនួន ០១ នាក់ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ចំនួន ០១ នាក់។

ក្រសួង​អប់រំ បានកត់សម្គាល់​ឃើញថា ការប្រឡង​បាក់​ឌុប​ឆ្នាំ២០១៦ ទាំង​ដំណើរ​ការប្រឡង ទាំង​ដំណើរការ​កំណែ និង​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ពុំមាន​ឧ​ប​ទ្ទ​ហេតុអ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២២-២៣សីហា មាន​មណ្ឌល​ប្រឡង​ចំនួន១៥៧មណ្ឌល​នៅ​ទូទាំងប្រទេស​ហើយ​មាន​បេក្ខជន​ប្រឡង​ជាង៩ម៉ឺន​នាក់​ក្នុងនោះ​ជាង៧ម៉ឺន​នាក់​មកពី​គ្រឹះស្ថានសិក្សា​រដ្ឋ បេក្ខជន​ចំនួន​ជិត៥ពាន់​នាក់​មកពី​គ្រឹះស្ថានសិក្សា​ឯកជន និង​បេក្ខជន​ចំនួន​ជាង១ម៉ឺន៥ពាន់​នាក់​ជា​បេក្ខជនស្វៃរិន។

សូមបញ្ជាក់ថា ការប្រឡង​បាក់​ឌុប​កាលពី​ឆ្នាំ២០១៥កន្លងទៅ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន៤ម៉ឺន៦ពាន់៦រយ៦០នាក់(៤៦៥៦០នាក់) ត្រូវជា៥៥,៨៨ ភាគរយ​នៅ​ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ក្នុង​ការប្រឡង​ជាង៨ម៉ឺន​នាក់( ៨៣៣២៥នាក់)។ កាលនោះ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ១០៨ នាក់ ខណៈ​នៅក្នុង​ឆ្នាំ២០១៤ មានតែ១១នាក់​ប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ