ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/08 12h00 GMT
Cambodia

ក្រសួង​អប់រំ ​ចាត់​វិធាន​ការ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ នៅ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ​១៤​កុម្ភៈ​

media  
@HEAM Chetra

ក្រសួង​អប់រំ​យុវជន​និង​កីឡា ទើប​តែ​បាន​ចេញ​ផ្សាយ​សេចក្ដី​ណែនាំ​មួយ ស្ដី​ពី​វិធានការ​ទប់​ស្កាត់​សកម្មភាពមិន​​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​នានា​​។ មូលហេតុ​នៃ​ការ​ចេញ​សេចក្ដី​ណែនាំ​នេះ គឺ​ដោយ​សារ​តែ​កន្លង​មក​ មាន​សិស្សានុសិស្ស​មួយ​ចំនួន​យល់​ច្រឡំថា ទិវា​នៃ​ក្ដី​ស្រឡាញ់ ថ្ងៃ​ទី​១៤​កុម្ភៈ គឺ​ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គូ​ស្នេហ៍​។ ប៉ុន្តែ​ធាតុ​ពិត ក្រសួង​អប់រំ គូស​បញ្ជាក់​ថា ទិវា​នេះ​មិន​មែន​ជា​ពិធី​បុណ្យ​ប្រពៃណី​របស់​ជន​ជាតិ​ខ្មែរ​ទេ ហើយ​ពី​អតីតកាល​ក៏​គ្មាន​ការ​រៀបចំ​បុណ្យ​បែប​នេះ​ដែរ​។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​កាន់​តែ​មាន​ឥទ្ធិពល​ធំ​ឡើង​ៗ ធ្វើ​ឲ្យ​យុវវ័យ​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូរ​ ក៏​ដូច​ជា​ប្រាស​ចាក​វប្បធម៌​និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​។ ដោយ​សង្កេត​ឃើញ​ពី​ឥទ្ធិពល​ជា​អវិជ្ជមាន​នេះ ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នៅ​វិធាន​ការ​ចំនួន​៤​ចំណុច​សំខាន់​ៗ ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន​នានា​។

ក្នុង​នោះ ក្រសួង​អប់រំ​តម្រូវ​ឲ្យសាលា​​ទាំង​អស់ ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ ដូច​ជា​តាម​រៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់ជាតិ កុំ​ឲ្យ​មាន​ការ​យល់​ខុស​ពី​អត្ថន័យ​នៃ​ទិវា​នៃ​​ក្ដី​ស្រឡាញ់​។ សាលា​ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ជា​ពិសេស​លើ​ការ​គ្រប់​គ្រង​សីលធម៌​និង​វិន័យ ដោយ​តាម​ដាន​អវត្តមាន​របស់​សិស្ស​ជា​ប្រចាំ​។ ក្រៅ​ពី​នោះ សាលា​ត្រូវ​ជំរុញ​ផង​ដែរ ដំណើរការ​របស់​ក្រុម​ប្រឹក្សា​យុវជន ក្រុម​ប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំ​មិត្ត​។ ចុង​ក្រោយ ក្រសួង​តម្រូវ​ឲ្យ​សាលា​ទាក់ទង​ជាមួយ​មាតា​បិតា អាណាព្យាបាល​សិស្ស ដើម្បី​ផ្ដល់​​និង​ទទួល​ដំណឹង​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​សិស្ស ក៏​ដូច​ជា​ដើម្បី​អប់រំ ណែនាំ និង​កែ​លម្អ​សិស្ស​បាន​ទាន់​ពេល​វេលា​។
 
លោក តុង សុប្រាជ្ញ អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ ផ្នែក​សុខភាព​សាធារណៈ ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​ស្នេហា​និង​ទំនាក់ទំនង​ផ្លូវ​ភេទ​យុវវ័យ សម្រាប់​ទិវា​នៃ​ក្ដីស្រឡាញ់ បាន​លើក​ឡើង​ថា វិធានការ និង​ការ​អប់រំ​​ពី​អត្ថន័យ​របស់​ទិវា​នៃ​ក្ដី​ស្រឡាញ់​​កន្លង​មក បាន​ធ្វើ​ឲ្យ​យុវវ័យ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ច្រើន នៅ​ថ្ងៃ​១៤​កុម្ភៈ។ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ លោក​សង្កេត​ឃើញ​ថា ការ​លក់​ផ្កា លក់​កាដូ សម្រាប់​ថ្ងៃ​នៃ​​ក្ដី​ស្រឡាញ់ មាន​ការ​ថយ​ចុះ​​ច្រើន​។ ហើយ​យុវវ័យ​ក៏​បាន​ងាក​ទៅ​ប្រារព្ធ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ​ជាមួយ​គ្រួសារ​របស់​ខ្លួន ច្រើន​ជាង​មុន​ផង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក តុង សុប្រាជ្ញ នេះ​គ្រាន់​តែ​ជា​ការ​ថយ​ចុះ​តាម​រូបភាព​ខាង​ក្រៅ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥរិយាបទ​របស់​យុវវ័យ​ទាក់ទង​នឹង​រឿង​ផ្លូវ​ភេទ គឺតម្រូវ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត ថា​តើ​​នៅ​មាន​ផែនការ​រួម​ភេទ​នៅ​ថ្ងៃ​១៤​កុម្ភៈ​ដដែល ឬ​មួយ​មាន​ការ​ថយ​ចុះ​ហើយ?

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ