អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល ក្រើន​រំឭក​ពលរដ្ឋ​កម្ពុជា​អំពី​ករណី​ពុល​អាហារ ក្នុងរដូវ​បុណ្យ​ភ្ជុំ

នាយកដ្ឋានប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល នៅ​ថ្ងៃអង្គារ​នេះ បាន​រៀបចំ​សិក្សា​សាលា​មួយ អំពីការ​បង្ការ​ការ​​​ពុល​ចំណី​អាហារ និង​ការ​ពុល​ស្រា​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​។ បើ​តាមនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ករណី​ពុល​ចំណី​អាហារ​និង​ស្រា​នៅ​កម្ពុជា កើត​ឡើង​បណ្ដាល​មក​ពី​ការ​រៀបចំ​មិន​មាន​អនាម័យ និង​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​។

ម្ហូប​អាហារ​ដាក់​តម្រៀប​នៅ​តាម​វត្ត​អារាម នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ពេល​កន្លង​មក
ម្ហូប​អាហារ​ដាក់​តម្រៀប​នៅ​តាម​វត្ត​អារាម នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ពេល​កន្លង​មក រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ការ​ពុល​ចំណី​អាហារ នៅ​តែ​ជា​បញ្ហា​សុខភាព​មួយ​យ៉ាង​សំខាន់ ទាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​អភិវឌ្ឍ​។ នៅ​ប្រទេស​កម្ពុជា ​ករណី​​ពុល​ចំណី​អាហារ​និង​ស្រា ដែល​​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ បា​នក្លាយ​​ជា​ហានិភ័យ​សម្រាប់​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​​នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​ទី​ជនបទ​ដាច់​ស្រយាល​​។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​គូស​បញ្ជាក់​នៅក្នុង​សិក្ខាសាលា ដែល​រៀបចំធ្វើ​នៅ​ថ្ងៃ​ទី​១២​កញ្ញា​នេះ​ថា ការ​ពុល​ចំណី​អាហារ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​រៀបចំ​និង​ចែក​ចាយ​​អាហារ​មិន​មាន​អនាម័យ​ល្អ​។ រោគ​សញ្ញា​នៃ​ការ​ពុល​ចំណី​អាហារ មាន​ដូច​ជា​ក្អួត ចង្អោរ រាគ រាគ​មួល ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។

ចំណែក​ករណី​ពុល​ស្រា​វិញ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ស្រា​នោះ ត្រូវ​បាន​ផលិត​ឬ​បិត​ដោយ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​ មាន​សារជាតិ​មេតាណុល​កម្រិត​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល​។ ការ​ពុល​ស្រា​មាន​រោគ​សញ្ញា​ដូច​ជា៖ ឈឺ​ក្បាល ក្អួត ឈឺ​ពោះ វិល​មុខ ងងឹត​ភ្នែក សន្លប់ ប្រកាច់ ពិបាក​ដក​ដង្ហើម និង​អាចធ្វើឲ្យ​​ស្លាប់​បានថែម​ទៀត​ផង​​។

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ធ្វើ​យ៉ាង​ណា​ចៀស​ឲ្យ​ផុត​ពី​បញ្ហា​សុខភាព​បណ្ដាល​មក​ពី​ការ​ពុល​អាហារ និង​ពុល​ស្រា​។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ណែនាំ​ពី​វិធានការ​ការពារសំខាន់​ៗ​មួយ​ចំនួន ដើម្បី​បង្ការ​ការ​ពុល​ចំណី​អាហារ ក្នុង​នោះ​រួម​មាន៖ រក្សា​អនាម័យ​ខ្លួន​ប្រាណនិង​​​ការ​ចម្អិន​​​អាហារ​ឲ្យ​បាន​ស្អាត ​ទុក​ដាក់​ចំណី​ឆ្អិន​និង​ឆៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ឲ្យ​មាន​អនាម័យ មិន​ត្រូវ​ទុក​អាហារ​ជា​ច្រើនថ្ងៃ និង​កុំ​ប្រើ​ប្រាស់​ចំណី​អាហារ​ហួស​កាល​កំណត់​។ ដោយ​ឡែក សម្រាប់​ការ​ពុល​ស្រា​វិញ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក លី សូវ៉ាន់ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពេល​ទិញ​ស្រា ពោល​គឺ​មិន​ត្រូវ​ទិញ​ស្រា​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ឬ​ស្រា​ដែល​ផលិត​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​តាម​​លក្ខណៈ​បច្ចេកទេស​ឡើយ​។

សូម​ជម្រាប​ជូន​ថា នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ករណី​ពុល​ចំណី​អាហារ​និង​ពុល​ស្រា​កើត​ឡើង​សរុប​ចំនួន​៣០​ករណី​។ ក្នុង​នោះ​ករណី​ពុល​ចំណី​អាហារ​មិន​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ទេ​ ខណៈ​ការ​ពុល​ស្រា​បាន​សម្លាប់​មនុស្ស​អស់​៤នាក់​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ