ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/02 12h00 GMT
កម្ពុជា

​ក្រសួង​មហា​ផ្ទៃ៖ ​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ ​គឺច​ង់​ចូល​រួម​ជួយ​ជាតិ​

media  
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ @សហការី

គិត​មក​ត្រឹម​ថ្ងៃ​សុក្រ ទី១៨ ខែមករានេះ ក្រសួង​មហាផ្ទៃ​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​បន្ថែម​ទៀត​ពី​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ឡើយ​ទេ​។ បើ​ទោះ​ជា​បែប​នេះ​ក្តី ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា ការ​មិន​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ គឺ​ជា​ការ​បំផ្លាញ​ខ្លួន​ឯង ហើយ​ថា បើ​មក​សុំ​សិទ្ធិ គឺ​មាន​ន័យ​ចង់​ជួយ​ដល់​ប្រទេស​ជាតិ​។ 

លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ការ​មក​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មិន​មែន​ជា​ផល​ប្រយោជន៍​របស់​រដ្ឋា​ភិបាល​ទេ តែ​ជា​ផល ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំង​មូល​។ លោក​ខៀវ សុភ័គ យល់​ថា ប្រសិន​មន្រ្តី​អតីត​បក្ស​ប្រឆាំង​បាន​ធ្វើ​នយោបាយ​ឡើង​វិញ គឺ​មាន​កម្លាំង​កាន់​តែ​ច្រើន​សម្រាប់​ជួយ​ដល់​ជាតិ​កម្ពុជា ហើយ​នៅ​ពេល​នេះ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ឲ្យ​ពួក​គេ​បាន​ចូល​រួម​ជួយ​ដល់​ជាតិ​ឡើង​វិញ​។

ការ​អះអាង​របស់​លោក​ខៀវ សុភ័គ នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​មហា​ផ្ទៃ​កំពុង​បើក​ទ្វារ​រង់ចាំ​ការ​ដាក់​សំណើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​សំណាក់​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​។ ការ​បើក​ទ្វារ​រង់​ចាំ​នេះ មិន​មាន​ពេល​កំណត់​ថា​បិទ​បញ្ចប់​នៅ​ពេល​ណា​មួយ​ឡើយ​។ គិត​មក​ដល់​ពេល​នេះ គឺ​មាន​តែ​មន្រ្តី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង​តែ​ពីរ​នាក់​ទេ​ដែល​បាន​ដាក់​សំណើ និង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​ព្រះ​មហាក្សត្រ​កម្ពុជា​។ នោះ គឺ​លោក​គង់ គាំ និង​កូន​ប្រុស​គង់ បូរ៉ា​។

លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ហៅ​ស្ថាន​ភាព​នេះ​ថា ជា​ការ​បរាជ័យ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​។ បរាជ័យ ព្រោះ​លោក​នាយក​រដ្ឋ​មន្រ្តី​អូស​ទាញ​បាន​តែ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ពីរ​នាក់​ប៉ុណ្ណោះ ខណៈ​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​លោក​សម រង្ស៊ី អះ​អាង​ថា រួប​រួម​គ្នា​យ៉ាង​រឹង​មាំ​ដែល​មិន​អាច​បំបែក​បាន​។ ក៏​ប៉ុន្តែ​លោក​គង់ គាំ បាន​លើក​ឡើង​ថា ការ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ស្រប​ច្បាប់​ឡើង​វិញ​នៅ​ពេល​នេះ គឺ​ជា​ការ​សម្លាប់​ជីវិត​នយោបាយ​ខ្លួន​ឯង និង​ទុក​ចោល​ឱកាស​បម្រើ​លំហ​ប្រជា​ធិបតេយ្យ និង​បម្រើ​ប្រជា​ពលរដ្ឋ​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​។

ចំណែក​លោក​ខៀវ សុភ័គ​វិញ ក៏​យល់​ស្រប​ដូច​លោក​គង់ គាំ​ដែរ​។ លោក​បាន​ប្រាប់​ទៅ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ដែល​មិន​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ថា ការ​សុំ​ឬ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ជា​សិទ្ធិ​របស់​ពួក​គេ ប៉ុន្តែ​កុំ​មក​ចោទ​ថា​ រដ្ឋា​ភិបាល​បង្រួម​លំហ​លទិ្ធ​ប្រជា​ធិបតេយ្យ និង​គាប​សង្កត់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​សោះ​។ តែ​ទោះ​យ៉ាង​ណា លោក​ខៀវ សុភ័គ លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​មាន​ភាព​ក្លាហាន​បង្ហាញ​ពី​ឆន្ទៈ​ចូល​រួម​កសាង​ជាតិ​តាម​រយៈ​ការ​មក​សុំ​សិទិ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ បើ​ទោះ​បី​លោក​ថា ពួក​គេ​កំពុង​រង​គំនាប​ពី​លោក​សម រង្ស៊ី ក៏​ដោយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ