អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​យុត្តិ​ធម៌ ​កំពុង​សាង​សង់​សាលា​ឧទ្ធរណ៍​តំបន់​ចំនួន​២ ​មុន​នឹង​ដាក់​ដំណើរ​ការ​នា​ពេល​ខាង​មុខ​

ក្រសួង​យុត្តិធម៌​គ្រោង​ដាក់​ឲ្យ​ដំណើរការ​សាលា​ឧទ្ធរណ៍​តំបន់​ថ្មី​ចំនួន​ពីរ​នា​ពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ​នេះ ខណៈ​ការ​សាងសង់​សាលា​ឧទ្ធរណ៍​ទាំង​ពីរ​នេះ ​អាច​នឹង​ត្រូវ​ប្រើ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៩​។ តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​សាលា​ឧទ្ធរណ៍​ទាំង​ពីរនា​ពេល​អនាគត ​ក្រសួង​យុត្តិធម៌ជឿ​ជាក់​ថា វា​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​អាច​បង្ខិត​សេវា​ផ្នែក​ច្បាប់​ឲ្យ​នៅ​ជិត​ពលរដ្ឋ​ថែម​ទៀត​។ 

ក្រសួងយុត្តិធម៍
ក្រសួងយុត្តិធម៍ @Trip Advisor
ផ្សាយពាណិជ្ជកម្ម

ដំណើរការ​សាងសង់​សាលា​ឧទ្ធរណ៍​តំបន់ នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​បាត់ដំបង អាច​ប្រើ​ប្រាស់​ពេល​ពេញ​មួយ​ឆ្នាំ​២០១៩​នេះ​។ ក្រោយ​ពេល​ការ​សាងសង់​បិទ​បញ្ចប់ សាលា​ឧទ្ធរណ៍​តំបន់​ទាំង​ពីរ ត្រូវ​ការ​ពេល​មួយ​រយៈ​ទៀត​ដើម្បី​បំពាក់​សម្ភារៈ​ផ្សេង​ៗ មុននឹង​អាច​ដាក់​ឲ្យ​ដំណើរការយ៉ាង​ពេញ​លេញ​និង​ពេញ​ប្រសិទ្ធភាព​។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​គូស​បញ្ជាក់​នៅ​ថ្ងៃ​ទី​១២​កុម្ភៈ​ថា ការ​បង្កើត​សាលា​ឧទ្ធរណ៍​តំបន់​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ខិត​សេវា​ផ្នែក​ច្បាប់​ឲ្យ​នៅ​ជិត​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ខេត្ត និង​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​សាលា​ឧទ្ធរណ៍​​។

គួរ​ជម្រាប​ជូន​ថា សព្វ​ថ្ងៃ​នេះ កម្ពុជា​មាន​សាលា​ឧទ្ធរណ៍​តែ​មួយ​ប៉ុណ្ណោះ ​នៅ​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ដោះ​ស្រាយ​រាល់​សំណុំ​រឿង​ទាំង​អស់ ទាំង​​សំណុំ​រឿង​ព្រហ្មទណ្ឌ​និង​សំណុំ​រឿង​​រដ្ឋប្បវេណី។ ការណ៍​នេះ ត្រូវ​បាន​លោក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ពន្យល់​ថា ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​សំណុំ​រឿង​​។ នៅ​ពេល​មាន​សាលា​ឧទ្ធរណ៍​តំបន់ ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​សាលា​ឧទ្ធរណ៍​នា​រាជធានី​ភ្នំពេញ​​នឹង​ត្រូវ​កាត់​បន្ថយ ដោយ​សាលា​ឧទ្ធរណ៍​តំបន់ នឹង​ទទួល​ដោះ​ស្រាយ​រឿង​ក្ដី​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ​​។

យ៉ាង​ណា​ក៏​ដោយ លោក ជិន ម៉ាលីន គូស​បញ្ជាក់​ថា ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​តំបន់​ដំណើរការ​ដោយ​រលូន ក្រសួង​យុត្តិធម៌​ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ ព្រម​ទាំង​ធនធាន​មនុស្ស​បន្ថែម​ទៀត​​​។ ក្នុង​នោះ ការ​បណ្ដុះ​បណ្ដាល និង​រៀបចំ​​ចៅក្រម ព្រះ​រាជ​អាជ្ញា និង​ក្រឡាបញ្ជី សម្រាប់​បម្រើ​ការងារ​នៅ​សាលា​ឧទ្ធរណ៍​តំបន់​ថ្មី​ទាំង​ពីរ គឺ​ជា​ការងារ​បន្ទាប់​ដែល​ក្រសួង​យុត្តិធម៌​ត្រូវ​ធ្វើ​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ