ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

ក្រសួងការងារចុះស៊ើបអង្កេតបន្ទាន់បន្ទាប់ពីលីកាដូប្រកាសថាមានពលកម្មកុមារ

media  
របបទាសភាពថ្មីក្នុងសម័យបច្ចុប្បន្ន កំពុងរីកដុះដាលនៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា @RFI

ក្រសួង​ការងារ​បន្ទោស​អង្គ​ការ​លីកាដូ ដែល​មិន​បាន​ជូន​ដំណឹង​ដល់ អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ករណី​ដែល​បាន​ដឹង​ពី​ពលកម្ម​កុមារ​នៅ​ក្នុង​វិស័យ​ឡ​ឥដ្ឋ។ ការ​លើក​ឡើង​របស់​ក្រសួងការងារ​ដូច​នេះ គឺ​បន្ទាប់​ពី​អង្គការ​លីកាដូ​បាន​រៀប​រាប់​នៅ​លើ​របាយ​ការណ៍​របស់​ខ្លួន ជុំវិញការងារ​បែប​ទាសភាព ការ​បញ្ចាំ​ខ្លួន​ពី​ជំនាន់​គ្រួសារ​១ ទៅ​១​ជំនាន់​ទៀត​របស់​កម្មករ​ឡ​ឥដ្ឋដើម្បី​ដោះ​បំណុល​គ្រួសារ​ ក្នុង​នោះ​ក៏​រួម​ទាំង​ពលកម្ម​កុមារ​ផង​ដែរ​។

ភា្លមៗ​បន្ទាប់​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ចេញ​របាយការណ៍​ទាក់​ទង​ទៅ​នឹង​ពលកម្ម​កុមារ ក្រសួង​ការងារ​កម្ពុជា បាន​ប្រតិកម្ម​ថា ក្រសួង​មាន​ការ​សោក​ស្តាយ ដែល​ក្រុម​អង្កេតរបស់​អង្គការ​លីកាដូ ខក​ខាន​មិន​បាន​ប្តឹង​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬក្រ​សួង​ដើម្បី​ចាត់​វិធានការ​ជួយ ដក​ហូត​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​បាន​ទាន់​ពេល​វេលា ក្នុង​ករណី​ដែល​ខ្លួនពិត​ជា​បាន​ឃើញ​សកម្មភាព​បែប​នេះ​ពេល​កំពុង​ចុះ​អង្កេត​។

 
កាល​ពី​ថ្ងៃ​ទី​០២​ធ្នូ​  ម្សិលមិញ អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​មួយ​ស្តី​ពី«ការ​អភិវឌ្ឍន៍​លើ​ទាស​ភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា» ដែល​មាន​ការ​បង្ហាញ​នូវ​ភស្តុតាង​អំពី​ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​ទម្រង់​ទាស​ភាពសម័យ​បច្ចុប្បន្ន​ក្នុង​ឧស្សាហកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​។

លើស​ពី​នេះ អង្គការលីកាដូ​បញ្ជាក់​ថា ទោះ​បី​ជា​មាន​បទ​បញ្ញត្តិ​ច្បាប់​ដ៏​ទូលំ​ទូលាយ ដែល​បានអនុវត្ត​ឡើង​ជា​យូរ​ឆ្នាំ ដើម្បី​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើ​ប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះបំណុល​និង​ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ខិត​ខំប្រឹង​ប្រែង​លុបបំបាត់​បទ​ល្មើស​ទាំង​នេះ​ទេ ហើយ​ជាក់​ស្តែង​បទ​ល្មើស​ទាំង​នេះ​កំពុង​តែ​បន្ត​កើត​មាន​ឡើង​។

ទោះ​យ៉ាង​ណា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ដែរ បន្ទាប់​ពី​សម្តែងការ​សោក​ស្តាយ​ជាមួយ​នឹង​ការ​លើក​ឡើង​របស់​អង្គការ​លីកាដូរ ក្រសួង​ការងារ​បាន​ចាត់​វិធានការ​ចុះ​ស៊ើប​អង្កេត​ជា​បន្ទាន់​លើ​ករណី​នេះ​។

ក្រសួង​ការងារ​ក៏​បាន​ការពារ​ខ្លួន​ដែរ​ថា កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន ក្រុម​អធិការ​កិច្ច​ក្រសួង​ការងារ​និង​គណៈកម្មការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ ក្រោម​កិច្ច​សហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភព​លោក និង​ដៃ​គូរ​នានា បាន​ចុះ​ផ្សព្វផ្សាយ​ដើម្បី​ដក​ហូត ទប់​ស្កាត់​ពល​កម្ម​កុមារ និង​ផាកពិន័យ​ធ្ងន់​ធ្ងរ ដល់​សហគ្រាស គ្រឹះស្ថាន​ទាំង​ឡាយ​ណា​ដែល​ប្រើ​ប្រាស់​ពលកម្ម​កុមារ​ខុសច្បាប់ រហូត​បាន​ទទួល​ការ​សរសើរ​ពី​ក្រសួង​ការងារ​អាមេរិក ដោយ​ចាត់​ទុក​ថា​ប្រទេស​គំរូ​មួយក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​ពលកម្ម​កុមារ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ