ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
កម្ពុជា

ក្រសួង​រ៉ែ​និង​ថាមពល​ប្រកាស​លេខ​ទូរស័ព្ទ​រាយការណ៍​ពី​បទល្មើស​បូមខ្សាច់

media  
រដ្ឋលេខាធិការ​ ក្រសួងរ៉ែ ​និង​ថាមពល ​លោក ​ឌិត ទីណា​​ (រូបទី២ រាប់ពីខាងស្តាំ) ​កំពុង​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ ក្នុង​​កិច្ច​ប្រជុំ​ពិភាក្សា​ ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​និង​ការ​ផ្គត់​ផ្គង់​តម្រូវការ​ខ្សាច់។ RFI/ Siv Channa

ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រកាស​លេខ​ទូរស័ព្ទ​បី​ខ្ទង់ ​គឺ​ ៧២៧ ដើម្បី​រាយការណ៍​ពី​បទល្មើស​បូមខ្សាច់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល។ ​ក្រសួង​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នកសារព័ត៌មាន​ជួយ​សហការ​រាយការណ៍​ពី​បទល្មើស​បូមខ្សាច់​នានា ​ខណៈ​ដែល​ក្រសួង​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​មាន​តែ​ក្រុមហ៊ុន​បូមខ្សាច់​មួយ​ប៉ុណ្ណោះ​ នៅ​កោះ​អន្លង់ចិន ​ដែល​មាន​អាជ្ញាប័ណ្ណ​ហើយ​មាន​សុពលភាព​ក្នុងការ​បូម​ខ្សាច់​ដោយ​ស្របច្បាប់។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល​ លោក ឌិត ទីណា ​បាន​ប្រកាស​ពី​លេខ​ទូរស័ព្ទ​បីខ្ទង់​ គឺ​ ៧២៧ ​ដើម្បី​រាយការណ៍​ពី​បទល្មើស​បូបខ្សាច់​នានា ​នៅ​ក្នុង​ខេត្ត​កណ្តាល​និង​រាជធានី​ភ្នំពេញ​។ ​ចំពោះ​អ្នក​ដែល​ចង់​ផ្ញើរ​ជា​រូបថត​វិញ​នោះ​អាច​ផ្ញើរ​តាម​កម្មវិធី​ WhatsApp ​បាន​តាមរយៈ​លេខ​ទូរស័ព្ទ ​០៩៥ ៧២៧​៧២៧។ ​ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំពិភាក្សា​ ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​និង​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ខ្សាច់​ រវាង​អាជីវករ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួង​រ៉ែ​និង​ថាមពល​ នៅ​សណ្ឋាគារ​សាន់វ៉េ នៅ​ព្រឹក​ថ្ងៃ​ទី ​០១ មេសា​នេះ។

លោក​រដ្ឋលេខាធិការ​ ក៏​បាន​សំណូមពរ​ឲ្យ​មាន​ការ​ចូលរួម​សហការ​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់​ពី​បណ្តា​ប្រជាពលរដ្ឋ​ទូទៅ​ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ និង​ជា​ពិសេស​គឺ​អ្នក​សារព័ត៌មាន​។ ​លោក​បាន​បន្ត​ថា​ការងារ​នេះ ​មិន​អាច​ធ្វើ​តែ​ម្នាក់ឯង​បាន​នោះ​ទេ​ គឺ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ​

សម្រាប់​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ព្រឹក​នេះ​វិញ​ លោកឌិត​ ទីណា ​បាន​បញ្ជាក់​ថា​ក្រសួង​ និង​ក្រុម​អាជីរករ​បាន​សម្រេច​យល់​ព្រម​លើ​ចំនុច​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​នេះ​ ដោយ​អាជីវករ​ទាំងអស់​បាន​និយាយ​ថា​ពួកគាត់​មិន​ចង់​ធ្វើអ្វី​ដែល​ខុស​នឹង​ច្បាប់​ហើយ​ក្លាយ​ជា​ឧក្រិដ្ឋជន​នោះ​ទេ។ ​ហើយ​នៅ​ពេល​ខាងមុខ​ក្រសួង​និង​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​បូម​ខ្សាច់​របស់​ក្រុម​អាជីករ​ ហើយ​និង​បោះត្រា​ទៅ​លើ​ក្បាលម៉ាស៊ីន​បូមខ្សាច់​ណា​ដែល​អស់​សុពលភាព​ ហើយ​ត្រូវ​រង់ចាំ​រយៈពេល​ពី​៣​ ទៅ៦ខែ ​ដើម្បី​ឲ្យ​ក្រសួង​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​​​នានា​ជា​មុនសិន​ មុន​នឹង​សម្រេច​ឲ្យ​ដំណើរ​ការ​អាជីវកម្ម​ឡើង​វិញ។

ក៏ប៉ុន្តែ​លោកកៅ​ ប៊ុន ធឿន ​ម្ចាស់​ក្រុមហ៊ុន​ KPY ​មាន​ទីតាំង​នៅ​ម្តុំ​ព្រែកផ្នៅ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​និង​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ លោក​ចង់​ឲ្យ​ក្រសួង​ជួយ​ពន្លឿន​ការ​ផ្តល់​សុពលភាព​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ស្រាប់​ ព្រោះ​ថា​រយៈពេល​សិក្សា​ពី​៣ ទៅ៦ខែ​គឺ​យូរ​ណាស់​សម្រាប់​ពួកគាត់​ជា​ម្ចាស់​អាជីវកម្ម។ ​ក្រុមហ៊ុន​របស់​លោក​ត្រូវ​​បាន​ផ្អាក​ដំណើរ​ការ​ចាប់​តាំង​ពី​បុណ្យ​ចូលឆ្នាំ​ចិន​មក​ ហើយ​រាំងស្ទះ​ដល់ការ​ផ្គត់ផ្គត់​ទៅ​ឲ្យ​អតិថិជន​ និងផ្នែក​ហិរញ្ញវត្ថុ​ថែម​ទៀត​ផង ​ដោយ​លោក​បាន​បញ្ជាក់​ថា​ អាជីវករ​នីមួយៗ​ បាន​ខ្ចីលុយ​ពី​ធនាគាររាប់​ម៉ឺន​ដុល្លារ​ដើម្បី​ជួល​សាឡាង​វៀតណាម​យក​មក​បូមខ្សាច់​ និង​តម្លើង​គ្រឿង​ចក្រផ្សេង​ៗ​ទៀត។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​ខេត្ត​កណ្តាល ​មាន​ក្រុមហ៊ុន​ខ្សាច់​ចំនួន​ ១៩ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ឌ ​ធ្វើ​អាជីវកម្ម​ប៉ុន្តែ​ផុត​សុពលភាព ​ហើយ​មាន​តែ​មួយ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ដែល​កំពុង​មាន​សុពលភាព​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅ​កោះ​អន្លង់ចិន​ គឺ​ក្រុមហ៊ុន​សុខ ទៀត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ