អានតួអត្ថបទ
កម្ពុជា

លោកស៊ុន ចាន់ថុល ប្រាប់ឲ្យ​​ក្រុមហ៊ុន​​ណែនាំ​​​​អ្នក​បើក​រថយន្ត​ដឹក​ជញ្ជូនកុំ​ឲ្យប្រើ​គ្រឿង​ញៀន

រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​ប្រធានក្រុមហ៊ុន​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ ឲ្យ​ណែនាំ​អ្នក​បើក​បរ​រថយន្ត​កុំ​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ លិខិត​ចុះ​ថ្ងៃ​ទី​២៩​កញ្ញា​របស់​លោក ស៊ុន ចាន់ថុល ក៏​ស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​បិទ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​តាម​រថយន្ត​ផង​ដែរ​។

រថយន្តដឹក​ជញ្ជូន​ធុន​ធ្ងន់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​កម្ពុជា​។
រថយន្តដឹក​ជញ្ជូន​ធុន​ធ្ងន់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​កម្ពុជា​។ រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​កម្រាស់​ពីរ​ទំព័រ លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​តែង​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ គឺ​ដោយ​សារ​តែ​អ្នក​បើក​បរ​ខ្លះ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ខ្លះ​ងងុយ​ដេក ខ្លះ​ធ្វេស​ប្រហែស​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ខ្លះ​ទៀត​គ្មាន​សីលធម៌​​ក្នុង​ការ​បើក​បរ​។

ដូច្នេះ​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន តម្រូវ​​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់ ណែនាំ​អ្នក​បើកបរ​របស់​ខ្លួន​បើក​បរ​ឲ្យ​មាន​សីលធម៌ ​​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​ និង​ជា​ពិសេស​គឺ​​កុំ​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​គ្រប់​ប្រភេទ​។ គ្រឿង​ញៀន​ខុស​ច្បាប់​ដែល​មាន​ដូច​ជា កញ្ឆា អាភៀន ហេរ៉ូអ៊ីន កាកូអ៊ីន ICE WY ប្រេង​ម្រះ​ព្រៅ​។ល​។ លើស​ពី​នេះ ក្រសួង​ក៏​បាន​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់ ឲ្យ​បិទ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​តាម​ជញ្ជាំង​រថយន្ត​របស់​ក្រុមហ៊ុន​ផង​ដែរ​។

បើ​តាម​ក្រសួង​សាធារណការ ក្រុម​ការងារ​ផ្សព្វផ្សាយ អប់រំ បង្ការ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​របស់​ក្រសួង នឹង​ចុះ​ទៅ​ពិនិត្យ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់ តាម​​កម្មវិធី​​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​២ របស់​រដ្ឋាភិបាល​។ ក្នុង​យុទ្ធនាការ​នេះ ក្រសួង​សង្ឃឹម​ថា ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​និង​អ្នក​បើក​បរ នឹង​សហការ​ល្អ​ជាមួយ​ក្រសួង ដែល​នឹង​ចុះ​ត្រួត​ពិនិត្យ​តាមក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់​នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ជូន​ថា គ្រឿង​ញៀន បាន​ក្លាយ​ទៅ​ជាបញ្ហា​​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​បាន​រាលដាល​តាំង​ពី​ទីក្រុង​ទៅ​ដល់​ជនបទ ក្នុង​នោះ សូម្បី​តែ​ក្នុង​ចំណោម​អ្នក​បើកបរ​រថយន្ត​ដឹក​ជញ្ជូន​ក៏​មាន​អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែរ​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែនការ​យុទ្ធនាការ​លើ​ក​ទី​១ រយៈ​ពេល​៦​ខែ កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ ដោយ​បង្ក្រាប​បាន​បទល្មើស​គ្រឿង​ញៀន​ប្រមាណ​៤​ពាន់​ករណី និង​ចាប់​បាន​ជន​សង្ស័យ​ជិត​១​ម៉ឺន​នាក់​។ ចំនួន​នេះ កើន​ឡើង​ប្រមាណ​ពាក់​កណ្ដាល​បើ​ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៦​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ