អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​ស្នើ​ឲ្យ​ក្រសួង​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ និង​ ចុះ​បញ្ជី​ដី​សហគមន៍​

តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃទី ០៨ សីហានេះ ដើម្បី​ស្នើ​ឲ្យ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគរ​រូប​នីយកម្ម និង​សំណង់​លោក ជា សុផារ៉ា និង​ភាគី​ពាក់​ព័ន្ធ ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​ប្រមេរ ជាមួយ​នឹង​ក្រុម​ហ៊ុន​ឡាន​ហ្វេង និង​រូយ​ហ្វេង និង​ជំរុញ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ដី​សមូ​ហភាព​តាម​តម្រូវ​ការ​របស់​សហគមន៍​ផង​ដែរ​។ សន្និសីទ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​សហគមន៍​ជន​ជាតិ​ភាគ​តិច​មក​ពី​ខេត្ត​ព្រះវិហារ​នេះ បាន​ឡើង​មក​ដាក់​ញត្តិ​ដល់​ភាគី​ពាក់​ព័ន្ធ​តាំង​ពីថ្ងៃទី ០៤ សីហា​មក​។ 

សន្និសីទកាសែត តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ
សន្និសីទកាសែត តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់​ពី​ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ មក​ពី​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ​នេះ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​៧ឆ្នាំ​មក​ហើយ​។ ពោល​គឺ​ចាប់​តាំង​ពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១២ ឆ្នាំ​ដែល​ក្រុម​ហ៊ុន​ចិន​ចំនួន​ពីរ គឺ​ក្រុម​ហ៊ុន​ឡាន​ហ្វេង និង​រូយ​ហ្វេង បាន​ចុះ​ទៅ​ឈួស​ឆាយ​ដីព្រៃ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ នៅ​ភូមិ​ចំនួន​៣ គឺ​ភូមិ​ប្រមេរ ភូមិ​ស្រែ​ព្រាង និង​ភូមិ​បុះ​ធំ ស្ថិត​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ ដើម្បី​ដាំ​អំពៅ​ផលិត​ជា​ស្ករ​ស​។

តំណាង​សហគមន៍​ម្នាក់​ក្នុង​ចំណោម​១៧​នាក់ គឺ​អ្នក​ស្រី ទេព ទឹម បាន​លើក​ឡើង​ថា ការ​ឈួស​ឆាយ​ដីព្រៃ​និង​ដី​សហគមន៍​របស់​ក្រុម​ហ៊ុន​ចិន​ទាំង​ពីរ​ខាង​លើ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ និង​ប្រកប​របរ​រក​ស៊ី​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ដូច​ជា ចំការ​វិល​ជុំ ព្រៃ​កប់​ខ្មោច និង​ប៉ះ​ពាល់​ដល់​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ​របស់​ពួក​គេ​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ ការ​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ចិន​ទាំង​ពីរ​ខាង​លើ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ដោយ​សារ​ថ្នាំ​គីមី ដែល​ចេញ​មក​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ​ផង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សន្និសីទ​កាសែត​នេះ តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ព្រះវិហារ​នេះ ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ដែន​ដី នគរ​រូប​នីយកម្ម និង​សំណង់ ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូ​ហភាព​សហគមន៍​ផង​ដែរ​។

គួរ​ជំរាប​ជូន​ថា សន្និសីទ​កាសែត​នេះ បាន​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់​១ ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់​ពី​ពួក​គេ​បាន​ឡើង​មក​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ជា​ច្រើន ឲ្យ​ជួយ​អន្តរាគមន៍​តាំង​ពីថ្ងៃទី ០៤ សីហា មក។ ក្នុង​នោះ​រួម​មាន លិខិត​សុំ​អន្តរាគមន៍​ពី​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី ស្ថាន​ទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រួម​ទាំង​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។ សូម​បញ្ជាក់​ដែរ​ថា នេះ​ក៏​មិន​មែន​ជា​លើក​ទី០១​ទេ ដែល​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​មក​ពី​ឃុំ​ប្រមេរ ក្នុង​ខេត្ត​ព្រះ​វិហារ​នេះ បាន​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ