អានតួអត្ថបទ
កម្ពុជា

ច្បាប់​ទាំង​៤​ដែល​នឹង​អាច​មាន​ការ​បែងចែក​អាសនៈ​បក្ស​ប្រឆាំង​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខា​ដាក់​ឲ្យ​ប្រើ

ទី​បំផុត​ច្បាប់​ចំនួន​៤​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​បែងចែក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​ ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត ​ត្រូវបាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ថលេខា​នៅ​ថ្ងៃ​ទី​២៥​តុលា​នេះ​។ ​ការ​ឡាយ​ព្រះហស្ថលេខា​ទៅលើ​ច្បាប់​ទាំង​៤ ​ដែល​មិនមាន​ការ​ចូលរួម​អនុម័ត​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នា​ពេលនេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ពិនិត្យ​ពី​ធម្មនុញ្ញភាព​កាលពី​ថ្ងៃ​អង្គារ ​និង​បាន​សម្រេច​បិទផ្លូវ​តវ៉ា​។

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលទើបតែវិសោធនកម្មបន្ថែមមាត្រា១៣៨ស្ទួន
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលទើបតែវិសោធនកម្មបន្ថែមមាត្រា១៣៨ស្ទួន rfi
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ទាំង​៤ ​រួមមាន ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​។ ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ​ស្តីពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​និង​ ច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ​ក្រុម​ប្រឹក្សា​ខេត្ត-​ក្រុង-​ស្រុក-​ខណ្ឌ​។

បន្ទាប់​ពី​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខា​ហើយ ​មានន័យ​ថា​ច្បាប់​ទាំង​៤​នេះ ​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​។ ​ក្នុង​ចំណោម​ច្បាប់​ដែល​រដ្ឋសភា ​និង​ព្រឹទ្ធសភា ​អនុម័ត​និង​យល់ព្រម​នេះ ​ច្បាប់​ស្តីពី ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវបាន​ចាប់​អារម្មណ៍​ជាង​គេ​ពី​មជ្ឈដ្ឋាន​នានា​។ ​មាត្រា​១៣៨​-ស្ទួន ​នៃ​ច្បាប់​នេះ ​បាន​កំណត់ថា​៖​ «​ក្នុង​នីតិកាល​នៃ​រដ្ឋសភា ​ប្រសិនបើ​មាន​គណបក្ស​នយោបាយ ​ណាមួយ​ប្រកាស​បោះ​បង់ចោល​អាសនៈ ​ឬ​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ​ឬ​ត្រូវ​រំលាយ ​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន ​និង​តំណាងរាស្ត្រ​ទាំងអស់ ​នៃ​គណបក្សនយោបាយ​នោះ ​លែងមាន​សុពលភាព ​និង​លែងមាន​គុណសម្បត្តិ​ត​ទៅទៀត​ហើយ​។

ក្នុង​ករណី​ខាងលើនេះ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ត្រូវធ្វើ​ការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ​ក្នុង​រយៈពេល​យ៉ាង​យូរ​៧​ថ្ងៃ ​ទៅឱ្យ​គណបក្ស​នានា ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត ​ក្នុង​រាជធានី​-​ខេត្ត,​ ដោយ​មិន​គិត​បញ្ចូល​គណបក្ស ​នយោបាយ​ដែល​បោះបង់ចោល​អាសនៈ ​ឬ​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ដែល​ត្រូវ​រំលាយ ស្របតាម​ច្បាប់​ស្តីពី ​គណបក្ស​នយោបាយ ​និង​គណបក្ស​នយោបាយ ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល.​»​។ ​ខ្លឹមសារ​នៃ​ច្បាប់​៣​ផ្សេងទៀត ​ក៏​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​គ្នា​ដែរ​ គឺ​ទាក់ទង​ទៅនឹង​ការ​អស់​សុពលភាព​បញ្ជី​ឈ្មោះ​គណបក្ស ​ដែល​ត្រូវ​រំលាយ ​និង​ការ​បែងចែក​អាសនៈ​ថ្នាក់​មូលដ្ឋាន​ទៅ​ឲ្យ​គណបក្ស​ដទៃ​។ ​ពោល​គឺ គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​បាត់បង់​តំណែង​ទាំងអស់ ​ប្រសិនបើ​គណបក្ស​នេះ​ត្រូវ​គេ​រំលាយ​មែន​នោះ​។

ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ​យ៉ាង​ប្រ​ញ៉ាប់​ប្រញាល់​ដូច្នេះ ​អ្នក​តាមដាន​នយោបាយ​កម្ពុជា ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​សហគមន៍​អន្តរជាតិ ​បាន​សម្តែង​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង​ ដោយ​មាន​ការចោទ​ប្រកាន់​ថា​ការ​ធ្វើ​ច្បាប់​នេះ ​ក្នុង​គោលបំណង​ផ្តួល​គូរ​ប្រកួត​មុន​ការ​បោះឆ្នោត​។ ​ក៏​ប៉ុន្តែ ​សមាជិកសភា​ និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អះអាង​ថា ​គឺ​ជា​ភាព​ចាំបាច់​ដើម្បី​ស្ថិរភាព​នយោបាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ