ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

​OHCHR​៖ ក្នុង​រយៈ​ពេល​៨ឆ្នាំ មនុស្ស​ជិត​៦០​នាក់​ត្រូវ​បាន​សម្លាប់ ដោយ​តុលាការ​ប្រជាជន​

media  
អំពើហិង្សាដោយមហាជន គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ @UNHR

ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ប្រចាំ​នៅ​កម្ពុជា​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ធ្វើ​យុទ្ធនាការ​ជា​បន្ត​បន្ទាប់ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក (Facebook) របស់​ខ្លួន ស្តី​ពី​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​អំពើ​ហិង្សា ដែល​បង្ក​ឡើង​ដោយ​តុលាការ​ប្រជា​ជន​។ របាយ​ការណ៍ ចាប់​ពី​ឆ្នាំ២០១០​ដល់​ឆ្នាំ២០១៨ OHCHR បាន​រក​ឃើញ ៧៣ ករណី ថា​ជា​អំពើ​កើត​ចេញ​ពី​តុលាការ​ប្រជាជន ក្នុង​នោះ​មាន​មនុស្ស ៥៧ នាក់ ត្រូវ​បាន​សម្លាប់​។ 

«អ្នក​ដែល​បង្ហោះ ឬ​ចែក​រំលែក​រូប​ភាព និង​វីឌីអូ​អំពី​សកម្មភាព​តុលាការ​ប្រជាជន អាច​ទទួល​ខុសត្រូវ និង​ទទួល​ទោស​តាម​ច្បាប់​»។ នេះគឺ​ជា​សារ​រំលឹក​ក្នុង​ចំណោម​សារ​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ប្រចាំ​នៅ​កម្ពុជា នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​បុក (Facebook) ផ្លូវ​ការ​របស់​ខ្លួន​។ ជា​យុទ្ធនាការ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​តុលាការ​ប្រជាជន​។

បន្ថែម​លើ​នេះ តាម​រយៈ​យុទ្ធនា​ការ «បញ្ឈប់​អំពើ​ហិង្សា​ដោយ​មហាជន» OHCHR ក៏​បាន​បំផុស​សំណួរ​ជា​ច្រើន​ទៀត​ថា តើ​អ្នក​ដឹង​ទេ​ថា អំពើ​ហិង្សា​ដោយ​មហាជន អាច​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កុមារ​? បើ​តាម OHCHR នៅ​ពេល​ដែល​កុមារ​ទាំង​នោះ​ឃើញ​អំពើ​ហិង្សា​បែប​នេះ នៅ​ក្នុង​ជីវិត​ពិត ឬ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ពួក​គេ​នឹង​គិត​ថា អំពើ​ហិង្សា​គឺ​រឿង​ធម្មតា​។ ហើយ​នៅ​ពេល​ពួក​គេ​ឃើញ​ស្ថាន​ភាព​ស្រដៀង​គ្នា​នេះ​កើត​ឡើង ពួក​គេ​នឹង​មិន​រង់​ចាំ​មន្ត្រី​នគរ​បាល​មក​ដល់​ទេ ពួក​គេ​នឹង​ព្យាយាម​ដោះ​ស្រាយ​វា​តាម​រយៈ​អំពើ​ហិង្សា​។ តាម OHCHR អំពើ​ហិង្សា​ដោយ​មហាជន គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា សិទ្ធិ​រស់​រាន​មាន​ជីវិត, សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌ សិទ្ធិ​ទទួល​បាន​ការ​សន្មត់​ជា​មុន​ថា​គ្មាន​ទោស និង​សេរីភាព​រួច​ផុត​ពី​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​មិន​គប្បី​ជា​ដើម​។

គួរ​ជំរាប​ជូន​ថា ចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៨ ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) បាន​កំណត់​ករណី​ចំនួន ៧៣ ថា​ជា​អំពី​កើត​ចេញ​ពី​តុលាការ​ប្រជាជន​។ ហើយ​ក្នុង​នោះ មាន​មនុស្ស​ ៥៧ នាក់ ត្រូវ​បាន​សម្លាប់ និង​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​វាយដំ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មនុស្ស​សាមញ្ញ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ចោរកម្ម ឥរិយាបថ​ខុស​ឆ្គង​ក្នុង​សង្គម ឬ​អំពើ​អាប​ធ្មប់​ជា​ដើម​។ យ៉ាង​ណា​ក៏​ដោយ បើ​តាម OHCHR តួលេខ​នេះ អាច​នឹង​ស្ថិត​នៅ​ក្រោម​ឆ្ងាយ​ពី​តួលេខ​ជាក់​ស្តែង ដោយ​ករណី​ទាំង​នេះ​ជា​រឿយៗ​មិន​ត្រូវ​បាន​គេ​រាយ​ការណ៍​ឡើយ​។ ជា​សារ​ក្រើន​រំលឹក​ដល់​មហាជន OHCHR បាន​អំពាវ​នាវ​កុំ​ឲ្យ កុំ​ចូល​រួម ឬ​បង្ហោះ​រូប​ភាព ឬ​វីដេអូ​នៃ​អំពើ​ហិង្សា​នោះ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ប្រសិន​ជា​អ្នក​បាន​ឃើញ​នូវ​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​មហាជន​។

គួរ​ជំរាប​ជូន​ដែរ​ថា តុលាការ​ប្រជាជន គឺ​សំដៅ​ដល់​ប្រជាជន​អនុវត្ត​ច្បាប់​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​វាយ​ដំ ឬ​ការ​សម្លាប់​មនុស្ស​ដែល​ពួក​គាត់​គិត​ថា បាន​ប្រព្រឹត្ត​អំពើ​ល្មើស​។ ជាទូទៅ វា​ជា​ទង្វើ​ទុក្ខ​ទោស​ដែល​តប​ត​ទៅ​នឹង​ការ​លួច និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ចំពោះ​បុគ្គល​ដែល​គេ​ចោទ​ប្រកាន់​ពី​អំពើ​អាប​ធ្មប់​។ មនុស្ស​ជា​ច្រើន​បាន​រក​យុត្តិធម៌​ដោយ​ខ្លួន​ឯង តាម​រយៈ​តុលា​ការ​ប្រជាជន​នេះ ដោយ​សារ​តែ​ខ្វះ​ទំនុក​ចិត្ត​លើ​មន្ត្រី​នគរបាល និង​តុលា​ការ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​យក​ច្បាប់​ទៅ​អនុវត្ត​ដោយ​ខ្លួន​ឯង អាច​បណ្តាល​ឲ្យ​ជាប់​ពន្ធនាគារ​។ នេះ​បើ​តាម OHCHR​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត និង វ៉ា សំណព្វ

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ