អានតួអត្ថបទ
កម្ពុជា

កម្ពុជា​លុប​អាជ្ញាបណ្ណក្រុមហ៊ុន​អ៊ិនធឺណិត៣ ខណៈ​អ្នក​ប្រើ​​អ៊ិនធឺណិត កើនឡើង​​ជិត​​៨លាន៥សែន​នាក់!​

នៅ​ដើម​ខែ​កក្កដា​នេះ រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លុបចោល​​អាជ្ញាបណ្ណក្រុមហ៊ុនប្រតិបត្តិ​ករ​ចំនួន​ ៣ ដែល​ផ្តល់​សេវា​កម្ម​​អ៊ិនធឺណិត។ ​​អ្នក​នាំពាក្យ​និយ័តករទូរគមនាគមន៍កម្ពុជា បញ្ជាក់​ប្រាប់វិទ្យុ​បារាំងថា ការសម្រេចលុប​​ចោលអាជ្ញាបណ្ណ​នេះ គឺគ្មាន​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​អ៊ិនធឺណិត​នោះទេ។

ទូរសព្ទ
ទូរសព្ទ Pixabay/kropekk_pl
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំងបី ដែលត្រូវ​លុប​អាជ្ញាបណ្ណ​នោះ គឺក្រុម​ហ៊ុន​ពីរ រក​ស៊ីទៅមុខ​ទៀតមិន​​រួច មាន​អតិថិជន​តិច​តួច​ស្តួច​ស្តើង​ពេក​ ក៏សម្រេច​ចិត្ត​​សុំ​ឈប់ដោយ​ខ្លួន​ឯង​ ហើយ​ក្រសួង​ចេញ​សេច​ក្តីសម្រេច​លុប​អាជ្ញាបណ្ណ​តែម្តង​ទៅ។ ចំណែក​ក្រុម​ហ៊ុនមួយទៀត ទទួល​បាន​អាជ្ញាបណ្ណជាង​១ឆ្នាំ​ហើយ តែ​មិនធ្វើ​ប្រតិបត្តិការផ្តល់​សេវា​ ក៏ក្រសួង​​សម្រេច​ចិត្ត​លុប​អាជ្ញាបណ្ណដែរ​​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ឹម វុត្ថា សមាជិក​​និយ័តករទូរគមនាគមន៍កម្ពុជា។

តាម​ប្រភព​ដដែល, ការសម្រេចលុប​​ចោលអាជ្ញាបណ្ណ​នេះ គ្មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​អ៊ិនធឺណិត​របស់​ពលរដ្ឋ​​នោះទេ។ ដ្បិត​ថា ក្រុម​ហ៊ុន​មួយ​ គ្មា​នផ្តល់​សេវា ហើយ​ក្រុមហ៊ុន​ពីរ​ទៀត​នោះ ផ្តល់​សេវា​តាម​រយៈ​ផ្កាយ​រណប​ ដែល​ពីមុន​មក មាន​តែ​ក្រុម​ខាង​ស្ថានទូត​ ស្ថាន​អគ្គកុង​ស៊ុល ទេ​ដែល​ប្រើ​សេវា​នេះ ហើយ​ក្នុង​នោះ ក្រុម​ហ៊ុន​ទាំងនេះ មាន​អតិថិជន​តិច​តួច​។ សូម​បញ្ជាក់ថា ក្រុម​ហ៊ុន​ទាំង​បីនោះ មាន​ឈ្មោះថា ក្រុមហ៊ុន Acumen Cambodia Co.,Ltd , ក្រុមហ៊ុន E-Cloud Co., Ltd., និង​ ​ក្រុមហ៊ុន G-Tell (Cambodia) Investment Group Co., Ltd. (MEGA)។

ជាការ​កត់​សម្គាល់ ការ​លុប​ចោល​​អាជ្ញាបណ្ណ របស់​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​​អ៊ិនធឺណិតនេះ គឺស្រប​ពេល​នឹង​ចំនួន​អ្នក​ប្រើប្រាស់​អ៊ិន​ធឺណិត​នៅ​ស្រុក​ខ្មែរ កំពុង​មាន​ចំនួន​កើន​ឡើង។ ពោល​គឺ​មាន​អ្នក​ប្រើ​អ៊ិន​ធឺណិតតាម​រយៈ​​ទូរសព្ទ​ដៃ​ ឬទូរសព្ទ​ចល័ត​ មាន​ដល់ទៅ​ជិត ​៨លាន​៥សែន​ឯណោះ គិត​ត្រឹម​ខែ​ពាក់​កណ្តាល​ឆ្នាំ២០១៧នេះ។​ គឺវា​កើនឡើង​ជិត​៥សែន​នាក់​បន្ថែមទៀត​ បើ​ធៀប​នឹង​ឆ្នាំមុន​។ ចំណែក​អ្នក​ប្រើ​អ៊ិនធឺណិត​មិន​ចល័ត​វិញ មាន​ជាង​២០ភាគ​រយ។

គួរ​ជ្រាប​ដែរថា ក្នុង​ចំណោម​ពលរដ្ឋ​ ជាង​១៥លាន​នាក់ គឺមាន​មនុស្ស​ប្រើ​ស៊ឹមកាត​ទូរសព្ទ​ចល័ត​ ដល់ជិត​២០លាន​ស៊ឹម​។ គឺ​ស៊ឹម​កាត​ចល័ត​នេះហើយ ដែល​អនុញ្ញាត​ឲ្យ​គេ​ប្រើ​អ៊ិតធឺណិត​លឿន តាម​ប្រព័ន្ធ 3G ឬ 4G ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ