អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កែ​ប្រែ​ឥរិយាបថ​លើ​ដង​ផ្លូវ​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មិន​ថយ​ចុះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​បាន​កើន​ឡើង​ជា​លំដាប់ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ក្រៅ​ពី​ចំនួន​កើន​ឡើង លក្ខណៈ​នៃ​ការ​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ក៏​កាន់​តែ​សាហាវ​ឡើង​ៗ​ផង​ដែរ​។ ជាក់​ស្ដែង​ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង កាល​ពីម្សិលមិញ​​។ រថយន្ត​ក្រុង​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ បណ្ដាល​ឲ្យ​ស្លាប់​មនុស្សជិត​២០​​នាក់ និង​ច្រើន​នាក់​ផ្សេងទៀត​រង​របួស​។ នៅ​ក្នុង​បរិបទ​នេះ សំណួរ​ដដែល​ៗ​បាន​​ចោទ​ឡើង​ជា​ថ្មី​ម្ដង​ទៀត ថា​តើ​គេ​គួរ​ធ្វើ​អ្វី​ខ្លះ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព?​

គ្រោះថ្នាក់ចរាចរណ៍​​កើតមាន​ នាពេលកន្លងមក
គ្រោះថ្នាក់ចរាចរណ៍​​កើតមាន​ នាពេលកន្លងមក RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា មិន​មាន​ភាព​ធូរ​ស្រាល​សោះ​ឡើយ​។ ពោល គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​តែ​​ជា​​ក្ដី​​បារម្ភ​​ពី​​សំណាក់​​អ្នក​​ប្រើ​ប្រាស់​​ផ្លូវ​​ថ្នល់​​គ្រប់​​គ្នា​ និង​​គ្រប់​​ពេល​​ទាំង​​អស់​។ ជា​​រៀង​​រាល់​ថ្ងៃ​ មនុស្ស​​យ៉ាង​​ហោច​​ណាស់​​៦​នាក់​​ស្លាប់​​ដោយ​​សារ​​តែ​​គ្រោះ​ថ្នាក់​​ចរាចណ៍​​។ ហើយ​​ចំនួន​នេះ នៅ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ ដោយ​គ្មាន​ថយ​ចុះ​សោះ​ឡើយ​។ ផ្អែក​តាម​សភាពការណ៍​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចោទ​សំណួរ​ដោយ​ក្ដី​អស់​សង្ឃឹម​ថា តើ​កម្ពុជា​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ដែរ​ឬ​ទេ? ហើយ​ប្រសិន​បើ​បាន តើ​តាម​របៀប​ណា​?

ជា​បឋម មុន​នឹង​ឈាន​ទៅ​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ គេ​ត្រូវ​យល់​ឲ្យ​ច្បាស់​ជា​មុន​សិន​អំពី​មូលហេតុ​ចម្បង​ៗ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​។ បើ​តាម​របាយការណ៍​របស់​ក្រុម​ការងារ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគ​ច្រើន​បណ្ដាល​មក​ពី ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​។ ក្រៅពី​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​កើត​ឡើង​ផង​ដែរ ដោយ​សារ​​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ ការ​បើក​បរ​ក្នុង​ពេល​ស្រវឹង ករណី​យានយន្ត និង​កត្តា​ផ្លូវ​ថ្នល់​ជា​ដើម​។

និយាយ​ពី​ច្បាប់​ចរាចណ៍​ផ្លូវ​គោក​ថ្មី​។ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​រួច​ហើយ​កាល​ពី​ចុង​ឆ្នាំ​២០១៤ ដោយ​គ្រប់​ភាគី​ទាំង​អស់​សង្ឃឹម​ថា ច្បាប់​ថ្មី​នេះ នឹង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចណ៍​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​បាន​។ យ៉ាង​ណា​ក៏​ដោយ ច្បាប់​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ​។ មិន​ទាន់​អនុវត្ត ព្រោះ​ត្រូវ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជា​មុន​សិន​។

សម្រាប់​ច្បាប់​ចរាចណ៍​ផ្លូវ​គោក​ថ្មី​នេះ អ្នក​បើកបរ​ល្មើស​ច្បាប់​នឹង​ត្រូវ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ។ ដោយ​ក្នុង​នោះ ប្រសិន​បង្ក​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួស​ឬ​ស្លាប់ អ្នក​ប្រព្រឹត្ត​អាច​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​៥​ឆ្នាំ ចំណែក​ការ​ផាក​ពិន័យ​អាច​កើន​ឡើង​ដល់​២៥​លាន​រៀល​ឯ​ណោះ​។ ចំណែក​អ្នក​បើក​បរ​ដែល​បំពាន​ច្បាប់​ចរាចណ៍ បើក​បរ​បំពាន​បទ​បញ្ជា​របស់​សមត្ថកិច្ច បើក​បរ​ដោយ​ស្រវឹង និង​បើក​បរ​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ​ ក៏​នឹង​ត្រូវ​ទទួល​ទោស​ព្រម​ទាំង​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។ ទោស​ជាប់​ពន្ធនាគារ​និង​ការ​ផាក​ពិន័យ​ក៏​មាន​ផង​ដែរ​សម្រាប់​ភ្នាក់ងារ​នគរបាល​ដែល​បំពាន​ទៅ​លើ​អ្នក​បើក​បរ​។ ​

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​មាន​ច្បាប់​ថ្មី​ តើ​គ្រោះ​​ថ្នាក់​ចរាចរណ៍​ពិត​ជា​អាច​កាត់​បន្ថយ​បាន​មែន​ឬ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​មិន​គោរព​ច្បាប់ ហើយ​នៅ​តែមិន​កែ​ប្រែ​ឥរិយាបថ​ធ្វេស​ប្រហែស​របស់​ខ្លួន​ក្នុង​ពេល​បើក​បរ​នោះ​?

ឥរិយាបថ​ធ្វេស​ប្រហែស​របស់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​នៅ​កម្ពុជា កើត​ចេញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​មិន​ទទួល​ខុស​ត្រូវ ទាំង​បញ្ហា​បច្ចេកទេស​យានយន្ត និង​ទាំង​បញ្ហា​ការ​បើកបរ​នៅ​តាម​ដង​ផ្លូវ​។ ការ​ប្រើ​ប្រាស់​យានយន្ត​ដែល​គ្មាន​សុវត្ថិភាព​ ដោយ​មិន​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ គឺ​នៅ​តែ​ជា​បញ្ហា​នៅ​កម្ពុជា​។ ចំណែក​ឯ​ការ​បើកបរ​ដោយ​ភាព​ធ្វេស​ប្រហែស សរបង្ហាញ​តាម​រយៈ​បើក​បរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើក​បរ​ហួស​ល្បឿន​កំណត់ បើក​បរ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​ឬ​មិន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បើកបរ​ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព​ជា​ដើម​។

ទន្ទឹម​គ្នា​នេះ កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទទួល​បរាជ័យ​ផង​ដែរ​។

ជាក់​ស្ដែង អ្នក​បើកបរ​ខុស​ច្បាប់​តាម​ដង​ផ្លូវ អាច​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​បាន​ដោយ​សារ​ឥទ្ធិពល​នៃ​ទឹក​ប្រាក់​។ ចំណែក​បណ្ណ​បើក​បរ ក៏​ដូច​ជា​ការ​ត្រួត​ពិនិត្យ​យានយន្ត​ជា​ដើម ជា​រឿយ​ៗ គឺ​សុទ្ធ​តែ​អាច​ទទួល​បាន​ដោយ​ទឹក​ប្រាក់​ ដោយ​មិន​ចាំ​បាច់​រៀន​បើក​បរ មិន​បាច់​ចេះ​ច្បាប់​ចរាចរណ៍ និង​មិន​ចាំ​បាច់​យក​យានយន្ត​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ក៏​បាន​។ ការ​ដាក់​ស្លាក​សញ្ញា និង​គំនូស​នៅ​តាម​ដង​ផ្លូវ​ទូទាំង​ប្រទេស ក៏​នៅ​មាន​ការ​ខ្វះ​ខាត​ផង​ដែរ​។ ទាំង​អស់​នេះ គឺ​ជា​កត្តា​សំខាន់​ៗ ដែល​ជំរុញ​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​ឡើង និង​កើន​ឡើង​ជា​លំដាប់​នៅ​កម្ពុជា​។

មែន​ទែន​ទៅ គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​រឿង​អកុសល ដែល​មិន​មាន​នរណា​ចង់​ឲ្យ​កើត​មាន​នោះ​ទេ​។ ហើយ​ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​ការ​ពិត គឺ​វា​កើត​ឡើង​ដោយ​គ្មាន​នរណា​អាច​មើល​ឃើញ​បាន​មុន​នោះ​ឡើយ​។ បើ​ទោះ​បី​ជា​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​ចំណង​សម្លាប់​មុខ ពិបាក​នឹង​ស្រាយ​។

ប៉ុន្តែ​បើ​មើល​ឲ្យ​បាន​ជ្រៅ​​ទៅ​ក្នុង​បញ្ហា​នេះ គេ​អាច​សង្កេត​ឃើញ​ថា គ្រោះ​ថ្នាក់​ចរាចណ៍​ពិត​ជា​អាច​កាត់​បន្ថយ​បាន ដោយ​គ្រាន់​តែ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​គ្រប់​ៗ​គ្នា ​​កុំ​​ធ្វេស​ប្រហែស ព្រម​ទាំង​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ ព្រោះ​សូម​កុំ​ភ្លេច​ថា បើ​ពលរដ្ឋ​គ្រប់​គ្នា​នៅ​តែ​ធ្វេស​ប្រហែស និង​មិន​ព្រម​លះ​បង់​ចោល​ឥរិយាបទ​អាក្រក់​ៗ​របស់​ខ្លួន​នៅ​លើ​ដង​ផ្លូ​វ​ចោល​ទេ​នោះ បើ​ទោះ​បី​ជា​កម្ពុជា​មាន​ច្បាប់​ចរាចរណ៍​ថ្មី​១០​ឬ​២០​ដង​ទៀត ក៏​មិន​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ដែរ​។ ការ​គោរព​ច្បាប់​ចរាចណ៍ ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​កែ​ប្រែ​ឥរិយាបទ​​​របស់​មនុស្ស​ខ្មែរ​គ្រប់​គ្នា ទើប​សុវត្ថិភាព​លើ​ដង​ផ្លូវ​​ពិត​ប្រាកដ អាច​កើត​មាន​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ