អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ក្រសួង​បរិស្ថាន​ ទទួល​ស្គាល់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន និង​ស្នើ​ប៉ូលិស​អន្តរជាតិ​ជួយ​បង្ក្រាប​

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​ទទួល​ស្គាល់​ថា នា​ពេល​បច្ចុប្បន្ន​នេះ បទ​ល្មើស​ព្រៃ​ឈើ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន។ ​ចំណែក ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា បទ​ល្មើស​ព្រៃ​ឈើ មិន​ត្រឹម​តែ​បន្ត​កើត​មាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង​ទៀត​ផង។ ប្រឈម​នឹង​បញ្ហា​នេះ ក្រសួង​បរិស្ថាន បាន​ស្នើ​ដល់​ស្ថាប័ន​អន្តរជាតិ​នានា ជា​ពិសេស​ស្ថាប័ន​នគរបាល​អន្តរជាតិ (Interpol) ឲ្យ​ជួយ​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ការ​នាំ​សត្វព្រៃ​គ្រប់​ប្រភេទ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​។

លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន @Ministry of Environment
ផ្សាយពាណិជ្ជកម្ម

លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​កត់​សម្គាល់​ថា បទ​ល្មើស​ព្រៃ​ឈើ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន ​បើ​ទោះ​បី​មាន​ការ​បង្ក្រាប​ច្រើន​ករណី​ក៏​ដោយ។ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី សន្តិសុខ​បរិស្ថាន​ជាតិ «បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ» នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បន្ថែម​ថា ជន​ល្មើស​បាន​ប្រើ​​គ្រប់​កល​ល្បិច​និង​គ្រប់​រូបភាព ដើម្បី​នាំ​ចេញ​ដោយ​ខុស​ច្បាប់​តាម​រយៈ​ការ​ដាក់​ក្នុង​វ៉ាលី​ឬ​ដាក់​ក្នុង​កប៉ាល់​ជា​ដើម។​

ប្រឈម​នឹង​បញ្ហា​នេះ ក្រសួង​បរិស្ថាន​បាន​អំពាវនាវ​ទៅ​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ ឲ្យ​ជួយ​ទប់​ស្កាត់​បទ​ល្មើសធនធាន​ធម្មជាតិ​នេះ។ សម្រាប់​លោក​រដ្ឋ​មន្ដ្រី សាយ សំអាល់ ថនិកសត្វ​និង​ប្រភេទ​ឈើ​កម្រ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រត់​ពន្ធ​ខុស​ច្បាប់។ ហើយ​ប្រសិន​បើ​ទប់​ស្កាត់​បញ្ហា​នេះ​មិន​បាន វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ​សម្រាប់​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត។ នេះ​បើ​តាម​លោក​រដ្ឋ​មន្ដ្រី​។

លោក អ៊ូច ឡេង សកម្មជន​ព្រៃ​ឈើ​ដែល​ទើប​​ទទួល​ពាន​រង្វាន់​ថ្នាក់​ពិភព​លោក​កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ត្រឹម​តែ​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១៨​នេះ បទ​ល្មើស​ព្រៃ​ឈើ​ហាក់​កក្រើក​ឡើង​វិញ ក្រោយ​ពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

ដើម្បី​ដោះ​ស្រាយ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​រក​ស៊ី​ឈើ​ជាមួយ​វៀតណាម។ លោក​បន្ថែម​ថា​បើ​សហគមន៍​អឺរ៉ុប​បន្ត​រក​ស៊ី​ឈើ​ជាមួយ​វៀតណាម មាន​ន័យ​ថា​សហគមន៍​អឺរ៉ុប​ចូល​រួម​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ដែរ។

សូម​រំឮក​ជូន​ដែរ​ថា របាយការណ៍​របស់​ក្រសួង​កសិកម្ម​ប្រចាំ​ឆ្នាំ២០១៧ បង្ហាញ​ថា​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ ​និង​បទ​ល្មើស​កាប់រាន​ទន្ទ្រាន​ដី​ព្រៃ​មាន​ការ​ថយ​ចុះ​ប្រមាណ​៦០​ករណី​ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​បាន​កើត​ឡើង​ប្រមាណ​ជិត​១៥០០ ករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ