ក្រសួងបរិស្ថាន ទទួលស្គាល់បទល្មើសព្រៃឈើនៅតែបន្តកើតមាន និងស្នើប៉ូលិសអន្តរជាតិជួយបង្ក្រាប
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលស្គាល់ថា នាពេលបច្ចុប្បន្ននេះ បទល្មើសព្រៃឈើ និងការជួញដូរសត្វព្រៃឆ្លងដែនខុសច្បាប់នៅតែបន្តកើតមាន។ ចំណែក ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លើកឡើងថា បទល្មើសព្រៃឈើ មិនត្រឹមតែបន្តកើតមានប៉ុណ្ណោះទេ ថែមទាំងកើតមានយ៉ាងគគ្រឹកគគ្រេងទៀតផង។ ប្រឈមនឹងបញ្ហានេះ ក្រសួងបរិស្ថាន បានស្នើដល់ស្ថាប័នអន្តរជាតិនានា ជាពិសេសស្ថាប័ននគរបាលអន្តរជាតិ (Interpol) ឲ្យជួយកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងការនាំសត្វព្រៃគ្រប់ប្រភេទទៅក្រៅប្រទេសដោយខុសច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកត់សម្គាល់ថា បទល្មើសព្រៃឈើ និងការជួញដូរសត្វព្រៃឆ្លងដែនខុសច្បាប់នៅតែបន្តកើតមាន បើទោះបីមានការបង្ក្រាបច្រើនករណីក៏ដោយ។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី សន្តិសុខបរិស្ថានជាតិ «បទល្មើសព្រៃឈើ និងសត្វព្រៃ» នៅថ្ងៃទី២៧ ខែមីនា រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្ថែមថា ជនល្មើសបានប្រើគ្រប់កលល្បិចនិងគ្រប់រូបភាព ដើម្បីនាំចេញដោយខុសច្បាប់តាមរយៈការដាក់ក្នុងវ៉ាលីឬដាក់ក្នុងកប៉ាល់ជាដើម។
ប្រឈមនឹងបញ្ហានេះ ក្រសួងបរិស្ថានបានអំពាវនាវទៅស្ថាប័នជាតិនិងអន្តរជាតិ ឲ្យជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ។ សម្រាប់លោករដ្ឋមន្ដ្រី សាយ សំអាល់ ថនិកសត្វនិងប្រភេទឈើកម្រ កំពុងតែប្រឈមមុខនឹងការរត់ពន្ធខុសច្បាប់។ ហើយប្រសិនបើទប់ស្កាត់បញ្ហានេះមិនបាន វានឹងក្លាយជាបញ្ហាធំសម្រាប់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។ នេះបើតាមលោករដ្ឋមន្ដ្រី។
លោក អ៊ូច ឡេង សកម្មជនព្រៃឈើដែលទើបទទួលពានរង្វាន់ថ្នាក់ពិភពលោកកាលពីចុងឆ្នាំ២០១៧ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ត្រឹមតែរយៈពេលបីខែដើមឆ្នាំ២០១៨នេះ បទល្មើសព្រៃឈើហាក់កក្រើកឡើងវិញ ក្រោយពីបានស្ងប់ស្ងាត់មួយរយៈ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់ព្រំដែនប្រទេសវៀតណាម។
ដើម្បីដោះស្រាយ និងទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជា លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានសុំឲ្យសហគមន៍អឺរ៉ុបនៅឲ្យឆ្ងាយពីការរកស៊ីឈើជាមួយវៀតណាម។ លោកបន្ថែមថាបើសហគមន៍អឺរ៉ុបបន្តរកស៊ីឈើជាមួយវៀតណាម មានន័យថាសហគមន៍អឺរ៉ុបចូលរួមបំផ្លាញធនធានធម្មជាតិរបស់កម្ពុជាដែរ។
សូមរំឮកជូនដែរថា របាយការណ៍របស់ក្រសួងកសិកម្មប្រចាំឆ្នាំ២០១៧ បង្ហាញថាបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃមានការថយចុះប្រមាណ៦០ករណីប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៦ ដែលបានកើតឡើងប្រមាណជិត១៥០០ ករណី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ