ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
កម្ពុជា

ក្រសួង​បរិស្ថាន​សរសើរ​ចំណាត់​ការ​របស់​សមត្ថកិច្ច ឃាត់​ខ្លួន​ជន​សង្ស័យ​៦​នាក់ បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃ​ឈើ

media  
ជន​សង្ស័យ​ម្នាក់ក្នុង​ចំនោម​ជន​សង្ស័យ​ផ្សេង​ទៀត ក្នុងករណី​បាញ់​សម្លាប់​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​៣​រូប កាល​ពី​សប្តាហ៍​មុន @Fresh news

ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ៥ កុម្ភៈ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​បាន​កើត​សរសើរ​ចំពោះ​ចំណាត់​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា ក្នុង​ប្រតិបត្តិការ​ស៊ើប​អង្កេត និង​ឈាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​៦​នាក់ ករណី​បាញ់​សម្លាប់​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​៣​រូប កាល​ពី​សប្តាហ៍​មុន។ បច្ចុប្បន្ន ជន​សង្ស័យ​ទាំង​៦​នាក់​ដែល​មាន​ម្នាក់ ​គឺ​ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ នៃ​វរការពារ​ព្រំដែន​លេខ ៦២១ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​ជា​ជន​ដៃ​ដល់​ផង កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាក​សួរ​របស់​តុលារការ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​បរិស្ថាន បាន​ធ្លាក់​មក​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កង​កម្លាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​៦​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ពួន​ស្ទាក់ និង​បាញ់​សម្លាប់​អ្នក​អភិរក្ស​ធន​ធាន​ធម្មជាតិ​៣​រូប កាល​ពី​ថ្ងៃ​ទី ៣០ មករា កន្លង​ទៅ។ តាម​តុល្យការ​ចុង​ក្រោយ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ល្មើស​ចំនួន​៦​រូប គឺ​ឈ្មោះ ផល ពេញ ជា​ជន​ដៃ​ដល់ និង​ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ នៃ​វរការពារ​ព្រំដែន​លេខ ៦២១ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​៥​នាក់​ទៀត​ជា​អ្នក​ចូល​រួម​ពាក់​ព័ន្ធ​រួម​មាន ឈ្មោះ កើត វេហា ឈាង វ៉ាននិត កើត វេត្តា ឡាយ សាវី និង ទន ធារ៉ា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន សាក​សួរ និង​បញ្ជូន​សំណុំ​រឿង​ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគីរី ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ។

គួរ​ជំរាប​ជូន​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ រួម​មាន៖ លោក តើន សុខណៃ មន្ដ្រី​ឧទ្យានុរក្ស​នៃ​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី មន្ដ្រី​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សេក វឌ្ឍនា និង​បុគ្គលិក​អង្គការ​សមាគម អភិរក្ស​សត្វ​ព្រៃ Wildlife Conservation Society (WCS) លោក ធុល ខ្នា ត្រូវ​បាន​ជន​សង្ស័យ​ទាំង​៦​នាក់ ពួន​ស្ទាក់​បាញ់​សម្លាប់ កាល​ពី​រសៀល ថ្ងៃ​ទី ៣០ ខែ​មករា​នៅ​ត្រង់ ចំណុច​ប៉ុស្ដិ៍​អូររលែ ឃុំ​សែន​មនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា គឺ​ដោយ​សារ​តែ​ការ​ទាស់​សំដី​គ្នា ករណី​បទ​ល្មើស​ព្រៃ​ឈើ ដោយ​សារ​តែ​ជន​ជាតិ​វៀតណាម បាន​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​​ថ្ងៃ​នេះ ក្រសួង​បរិស្ថាន បាន​សំដែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់​បង់​វរជន​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំង​បី​រូប និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​លះ​បង់​ដ៏​ថ្លៃ​ថ្លា​របស់​ពួក​គេ ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ហើយ​ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស ក្រសួង​បរិស្ថាន ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​បច្ឆា​មរណៈ ដល់​មន្រ្តី​អភិរក្ស​ធន​ធាន​ធម្មជាតិ​ទាំង​៣​រូប​ផង​ដែរ។

សូម​បញ្ជាក់​ថា នេះ​គឺ​​ជា​ករណី​លើក​ទី​១​ហើយ​សម្រាប់​ឆ្នាំ​២០១៨​នេះ ដែល​កើត​មាន​ករណី​បាញ់​ប្រហារ​ទៅ​លើ​អ្នក​ការពារ​និង​អភិរក្ស​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី អ្នក​កាពារ​ព្រៃ​ឈើ​ដ៏​សកម្ម​នៅ​ក្នុង​ខេត្ត​កោះ​កុង​កាល​ពី​ឆ្នាំ​២០១២៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ