អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ក្រសួង​បរិស្ថាន​ចាប់​ផ្តើម​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ចូល​រួម​បង់​ថ្លៃ​១​ដុល្លារ ការពារ​បរិស្ថាន

ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​២៣​ឧសភា​បាន​ដាក់​ឲ្យ​ដំណើរ​ការ​គំរូ​បង់​ថ្លៃ​សេវាកម្ម​អេកូឡូស៊ី​បរិស្ថាន​ធម្មជាតិ ជា​លើក​ដំបូង​នៅ​ក្រុង​កែប ខេត្ត​កែប។ សេវាកម្ម​អេកូឡូស៊ី​គឺ​ផ្ដោត​ទៅ​លើ​ការ​ការ​ពារ​បរិស្ថាន​ដែល​កើត​ចេញ​ពី​សកម្មភាព​រាល់​ថ្ងៃ​របស់​មនុស្ស។ ទន្ទឹម​នឹង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​គំរូ​ថ្មី​នេះ ក្រសួង​បរិស្ថាន​បាន​លើក​ទឹក​ចិត្ត​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ចូល​រួម​បង់​ថ្លៃ​១​ដុល្លារ ការពារ​បរិស្ថាន​ធម្មជាតិ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ទឹក​ចិត្ត​របស់​ក្រសួង​បរិស្ថាន​ចំពោះ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ឲ្យ​ចូល​រួម​បង់​ថ្លៃ​សេវាកម្ម​ការពារ​បរិស្ថាន​ឬ​ហៅ​ថា សេវាកម្ម​អេកូឡូស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​សណ្ឋាគារ និង​រីសត​មួយ​កន្លែង​នៅ​ទីក្រុង​កែប​ឈ្មោះ​វេរ៉ាន់ដា​(Veranda)​បាន​ចាប់​ផ្ដើម​មុន​គេ​ក្នុង​ការ​បង់​ថ្លៃ​សេវាកម្ម​១​ដុល្លារ​ក្នុង​មួយ​បន្ទប់ ដើម្បី​ចូល​រួម​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ នៅ​តំបន់​ឧទ្យាន​ជាតិ​កែប។ ហើយ​ការ​បង់​ទឹក​ប្រាក់​១​ដុល្លារ​នេះ​នឹង​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​មិថុនា​ត​ទៅ។ ​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​នៅ​ទី​២៣​ឧសភា។

លោក​សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៤​ឧសភា​នេះ​ថា​ ការណ៍​ដែល​សណ្ឋាគារ​ចេញ​មុខ​អនុវត្ត​គំរូ​បង់​ថ្លៃ​សេវាកម្ម​នេះ​មុន​គេ​ក៏​ដោយ​សារ​តែ​សកម្មភាព​ចេញ​ពី​សណ្ឋាគារ​មាន​ប្រតិបត្តិ​ការ​ធំ​ជាង​គេ​មាន​ដូច​ជា៖ ការ​បញ្ចេញ​កាក​សំណល់ រឹង​រាវ រួម​នឹង​ការ​ប្រើ​ប្រាស់​ថាមពល។

តែ​យ៉ាង​ណា​ក៏​ដោយ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ការងារ​នេះ នឹង​អនុវត្ត​គ្រប់​ម្ចាស់​អាជីវកម្ម​ដែល​ធ្វើ​ការងារ​ទាក់​ទង​បរិស្ថាន គឺ​មិន​ចំពោះ​តែ​សណ្ឋាគារ ឬ​ក៏​ផ្ទះ​សំណាក់​ឡើយ។ តែ​ជំហ៊ាន​ដំបូង​ការងារ​នេះ ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​មិន​ទាន់​ចេញ​ជា​បញ្ញត្តិ​ណា​មួយ​កំណត់​​ឲ្យ​អនុវត្ត​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​លោក សៅ សុភាព។

ទន្ទឹម​នឹង​នេះ​លោក​ស្រី ឆាយ សៀវលីន ប្រធាន​សមាគមន៍​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា យល់​ថា វា​ជា​រឿង​ល្អ​ដែល​ក្រសួង​បរិស្ថាន ឲ្យ​ដំណើរ​ការ​គំរូ​បង់​ថ្លៃ​សេវាកម្ម​ការពារ​បរិស្ថាន​ធម្មជាតិ​នេះ។ ទន្ទឹម​នឹង​ចំណុច​ល្អ លោក​ស្រី​ស្នើ​ឲ្យ​ប្រើ​ប្រាស់​ថវិកា​១​ដុល្លារ​ក្នុង​មួយ​បន្ទប់​នេះ អនុវត្ត​ឲ្យ​ចំ​គោល​ដៅ។ បើ​អនុវត្ត​ឲ្យ​ចំ​គោលដៅ​ទឹក​ប្រាក់​១​ដុល្លារ​នេះ​មិន​ចោទ​ជា​បញ្ហា​សម្រាប់​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ឡើយ។ នេះ​បើ​តាម លោក​ស្រី ឆាយ សៀវលីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ