ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/08 12h00 GMT
កម្ពុជា

ក្រសួងអប់រំជំរុញឲ្យដាក់វិន័យគ្រូបង្រៀនដែលមិនគោរពម៉ោងការងារ

media  
ការបណ្តុះបណ្តាលគ្រូបង្រៀនស្តីពីវិធីសាស្រ្តនៃការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម © អ៊ឹម​ ណាវិន

ក្រសួង​​អប់រំ យុវជន និង កីឡា បាន​​ជំរុញ​​ឲ្យ​​ចាត់​វិធាន​​ការ​ពង្រឹង​​វិន័យ ​និង ការ​​គ្រប់​គ្រប់​បុគ្គលិក​​អប់រំ ឬ​​គ្រូបង្រៀន​ ​នៅ​គ្រប់​គ្រឹះ​ស្ថាន​​អប់រំ​​សាធារណៈ​​ទាំងអស់​។ ​វិធាន​ការ​នេះ​ត្រូវ​​បាន​​ដាក់​​ចេញ​​តាម​​រយៈ​​លិខិត​​ផ្លូវ​ការ​​មួយ​ចុះ​ថ្ងៃ​​ទី ១៨ ខែ មករា​នេះ ​ដែល​​ចុះ​​ហត្ថ​លេខា​​​ដោយ​​លោក ​ហង់ ជួន​ណារ៉ុន ​រដ្ឋមន្រ្តី​​ក្រសួង​​អប់រំ​ ផ្ញើ​ទៅ​​កាន់​​ប្រធាន​មន្ទីរ​​អប់រំ ​យុវជន និង​​កីឡា រាជធានី-ខេត្ត​ឲ្យ​​ចាត់​វិធាន ការ​ពង្រឹង​​នូវ​វិន័យ ​​និង ​ការ​គ្រប់​គ្រង​​នៅ​​គ្រឹះ​​ស្ថាន​​​សាធារណៈ​ឲ្យ​បាន​ល្អ​។​

ដោយ អ៊ឹង ប៊ុនថន

ការដែលក្រសួងអប់រំ ដាក់​ចេញ​វិធានការបែបនេះ ដោយ​សារ​ក្រសួងមួយនេះ បាន​ពិនិត្យឃើញថា មានបុគ្គលិកអប់រំ ឬគ្រូបង្រៀនខ្លះ ​នៅក្នុងគ្រឹះស្ថាន​អប់រំ​សាធារណៈមួយចំនួន នៅមិនទាន់អនុវត្ត ពេលវេលាបំពេញការងារ និង គោរពម៉ោង​បង្រៀ​ន​បានពេញលេញនៅឡើយ ។​ ការ​មិន​គោរពពេលវេលានេះ ជាហេតុ​ធ្វើឲ្យ​ប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និង​ការសិក្សារបស់សិស្ស ថែម​ទាំង​ជះ​ឥទ្ធិពល​មិន​ល្អដល់អ្នកដែលខិតខំ​បំពេញ​ការងារទៀតផង។ នេះជាការបញ្ជាក់​របស់​ក្រសួងអប់រំ។

បើតាមក្រសួងអប់រំ ដើម្បីពង្រឹងវិន័យ និង​ការអនុវត្តកាតព្វកិច្ចរបស់បុគ្គលិកអប់រំ ឲ្យបាន​ល្អ​ប្រសើរ មន្ទីរអប់រំ រាជធានី-​ខេត្ត ត្រូវពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យ វត្តមាន បុគ្គលិក​អប់រំនៅគ្រឹះស្ថានសាធារណៈឲ្យបាន​ហ្មត់ចត់។

ជាមួយគ្នានោះក្រសួងក៏ជំរុញឲ្យអនុវត្តវិន័យរដ្ឋបាល ឬវិន័យការងារ​ចំពោះ​​បុគ្គលិក​ដែលចូលយឺតហើយចេញមុនម៉ោង និង បុគ្គលិកដែលអនុវត្តកាតព្វកិច្ចដោយ​មិនមា​នការទទួលខុសត្រូវហើយប្រគល់ភារកិច្ចឲ្យអ្នកដទៃធ្វើជំនួស​ដោយខ្លួន​ឯង​ទៅ​បំពេញការងារ​ក្រៅខុសពីបទបញ្ជា ឬយកការងារក្រៅ​មកឡូកឡំក្នុងម៉ោង​បង្រៀន​ឬ​អវត្តមាន​ដោយពុំមាន​មូលហេតុច្បាស់លាស់​។​ បន្ថែមលើនោះក្រសួង​អប់រំក៏ជំរុញឲ្យ​គ្រូបង្រៀនមានការស្លៀកពាក់ឲ្យសមរម្យក្នុងពេលបំពេញការងារ ដូចជាហាម មូរដៃអាវ ជាដើម​។

លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូ​បង្រៀន​កម្ពុជាឯករាជ្យ បាន​សាទរ​ចំពោះ​ការ​ចេញ​វិធានការ​របស់​ក្រសួងអប់រំ​នេះ​ ប៉ុន្តែ​លោក​ស្រី​​ចង់ឃើញ​វិធានការ​នេះត្រូវ​បាន​អនុវត្ត​ចាប់​តាំងពី​ថ្នាក់​លើ​មក​ដល់​ក្រោម​ឲ្យ​ស្មើ​ភាពគ្នា។

​បើតាម​ប្រធានសមគមគ្រូ​បង្រៀន​រូបនេះ ការ​ដែល​គ្រូបង្រៀន​មួយ​ចំនួន​មិនសូវ​គោរព​ម៉ោង​ពេល​ទៀងទាត់​នោះ​ដោយសារតែ​ពួកគេ​មានការ​ងារ​ពីរ​ឬបី​កន្លែង។ ការធ្វើការ​ងារច្រើន​កន្លែង​មកពី​ពួកគេ​ត្រូវការ​រក​ចំណូល​បន្ថែម​ពីលើ​ប្រាក់​ខែ​ដែល​នៅមានចំនួនតិច ​មិន​អាច​ចំណាយ​ប្រចាំ​ថ្ងៃឲ្យមាន​តុល្យភាព​នឹង​ថ្លៃទំនិញ។​ នេះជាការ​គូសបញ្ជាក់​របស់​លោក​ស្រី អ៊ុក ឆាយាវី។

បើតាមលោក ស្រី អ៊ុក ឆាយាវី គ្រូបង្រៀនបច្ចុប្បន្ន មានជាង១០ម៉ឺននាក់ ពួកគេទទួលបានប្រា​ក់ខែចន្លោះ​ពី​៩០ម៉ឺន ទៅ១លានរៀល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ