អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍន៍

ក្រសួង​សេដ្ឋកិច្ច ៖ ថវិកាបម្រុង​របស់រ​ដ្ឋ អាច​ធានា​សុវត្ថិភាព​ចំណាយ ២ឆ្នាំ​ទៅមុខទៀត

ថ្លែង​ក្នុង វេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ២០១៧ នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ហៅ ថវិកា​ឆ្នាំ​២០១៧ ថា​ជា ឆ្នាំ​វឌ្ឍនៈភាព​នៃ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​ជា​ឆ្នាំ​នៃ​សេដ្ឋកិច្ច​ឯករាជ្យ របស់​រដ្ឋាភិបាល​កម្ពុ​ជា។ ការហៅ​ដូច្នេះ ដោយហេតុ​ផល​ថា កម្ពុជា​រក្សាបាន​កំណើន​សេដ្ឋកិច្ច​ផលិតផល​ពិត​ក្នុងស្រុក​សរុប ៧% ក្នុង​មួយឆ្នាំ នា​រយៈពេល បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចំណូល​ថវិកាជាតិ​ក៏​កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​កម្ពុ​ជាមាន ថវិកាបម្រុង​របស់រ​ដ្ឋ ដែល​អាច​​ធានា​សុវត្ថិភាព​ចំណាយ បាន​រយះពេល ២ឆ្នាំ​ត​ទៅមុខទៀត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ @MoEF
ផ្សាយពាណិជ្ជកម្ម

រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ថ្លែង​ក្នុង​វេទិកា​សាធារ​ណៈមួយ នៅ​ថ្ងៃទី២៣ មករា នេះ ថា ច្បាប់​ថវិកាជាតិ ឆ្នាំ២០១៧ បាន​ផ្តួចផ្តើមឡើង​ដោយ​គិតគូ​ទៅលើ ទិដ្ឋភាព​បួន​សំខាន់ គឺ ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល បញ្ហា​បោះ​ឆ្នោត​ (នៅ​មូលដ្ឋាន ឆ្នាំ២០១៧ និង​បោះឆ្នោត​សកល ឆ្នាំ២០១៨) ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ហានិភ័យ​នៃ​បរិយាកាស​ខាងក្រៅ។

រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រូបនេះ​បាន​ហៅ ថវិកា​ឆ្នាំ២០១៧ ថា​ជា ឆ្នាំ​វឌ្ឍនៈភាព​នៃ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​ជា​ឆ្នាំ​នៃ​សេដ្ឋកិច្ច​ឯករាជ្យ របស់​រដ្ឋា​ភិបាល​​កម្ពុ​ជា។ តាមន័យ​នេះ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ផលិតផល​ពិត​ក្នុងស្រុក​សរុប ៧% ក្នុង​មួយឆ្នាំ ចំណូល​ពន្ធដា កើនឡើង ២០% ហើយ​ការ​ចំណាយ ការខ្ចី​បុល​បរទេស និង​ការ​សន្សំ​ប្រាក់​បម្រុង​ទុក មានការ​ប្រ​យ​ត្ន​ប្រយែង ដោយ​ផ្អែកលើ​គោលនយោបាយ និង​កម្មវិធី​ចំណាយ​របស់​ក្រសួង​និមួយ។ លោក​បញ្ជាក់ថា ក្នុង​ឆ្នាំ១៩៩៤ ប្រភព​ថវិកា​ចំណាយ​ថ្នាក់ជាតិ​ត្រូវការ ពីរភាគបី ថវិកា​មកពី​ក្រៅប្រទេស តែ​ក្នុង​ឆ្នាំ២០១៧ ប្រភព​ថវិកា​ពី​ខាងក្រៅ​ប្រទេស ត្រូវការ​តែ ២១% ប៉ុណ្ណោះ។ ម្យ៉ាង កម្ពុ​ជាមាន ថវិកាបម្រុង​របស់រ​ដ្ឋ ដែល​អាច​ធានា​សុវត្ថិភាព​ចំណាយ បាន​រយះពេល ២ឆ្នាំ​ត​ទៅមុខទៀត។ក្នុង​ន័យនេះ ការប្រើ​សម្ពាធ​អន្តរជាតិ​មកលើ​កម្ពុជា អាច​ពិបាក​បន្តិច។

បើតាម រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត ថវិកា​ឆ្នាំ២០១៧ គឺ គិត​ចំបង​អំពី មនុស្ស។ មានន័យថា រដ្ឋ​ភិ​បាល​បាល​កំពុង​គិតគូ​ពី​តម្លើង ប្រាក់​បៀរ​វត្ស​អ​ប្បរ​មា ដល់​មន្ត្រីរាជការ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ។ ក្នុងនោះ ចាប់ពី​ខែមករា ឆ្នាំ២០១៧ មន្ត្រីរាជការ​ស៊ីវិល នឹង​តម្លើង​ប្រាក់​បៀរ​វត្ស​អ​ប្បរមា ពី ៧០០៥០០រៀល ឆ្នាំ២០១៦ ដល់ ៧៥៣៥០០រៀល គ្រូបង្រៀន នឹង​ទទួលបាន ៨៥៣៥០០រៀល តម្លើង​ប្រាក់​ឧបត្ថម្ភ​​មេឃុំ ចៅសង្កាត់ ពី ៧៥ម៉ឺន​រៀល ដល់ ៨៨ម៉ឺន​រៀល មេភូមិ ទទួលបាន ២២៥០០០​រៀល​​ក្នុង​មួយខែ ជាដើម។

លោក វ​ង្សី វិស្សុត  រំពឹងថា មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សង្គម កំណើន​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដើរ​ទន្ទឹមគ្នា នឹង​រុញ​ឲ្យ​កម្ពុជា​ឈានដល់​គោលដៅ​ឆ្នាំ ២០៣០ ក្លាយជា ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ និង ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ឆ្នាំ២០៥។

គួរ​ជម្រាប​ថា ក្នុង​ឆ្នាំ២០១៧ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​សរុប​ប្រមាណ (ពីរម៉ឺន​មួយ​ពាន់​មួយរយ​ហាសិប​មួយ ប៊ី​លាន​រៀល) ២១.១៥១.៩៨៥ លាន​រៀល (5,287 លាន​ដុល្លារ​សហរដ្ឋ)  ធៀប​នឹង​ឆ្នាំ២០១៦ បាន​ចំណាយ​ប្រមាណ ១៨.២៨៣.៧១៩លាន​រៀល (4,570 លាន​ដុល្លារ) ដោយ​បែងចែក ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ច្រើនជាងគេ គឺ​ប្រមាណ ១២.៩៥% ក្រសួង​សា​ធា​រណា​ការ និង​ដឹកជញ្ជូន ១១.៤០% ក្រសួងការពារជាតិ ៨.៧៨% ចំណែក​ក្រសួង​ដែល​លើក​ចំណាយ​តិចជាងគេ គឺ ក្រសួងពាណិជ្ជកម្ម ប្រមាណ ០.៧១%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ