អានតួអត្ថបទ
កម្ពុជា-អប់រំ

ក្រសួង​អប់​រំ​ ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ស្ថានភាព​ទឹក​ជំនន់ មុន​ពេល​ប្រឡង​បាក់​ឌុប​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​អះអាង​នៅ​ថ្ងៃ​ទី​៩​សីហា​នេះ​ថា ក្រសួង​អប់រំ​បាន​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ស្ថានភាព​ទឹក​ជំនន់​រួច​ហើយ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប នៅ​ថ្ងៃ​ទី​២០​សីហា​ខាង​មុខ។ បើ​តាម​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ដដែល គិត​ត្រឹម​ពេល​នេះ នៅ​មិន​ទាន់​មាន​មណ្ឌល​ប្រឡង​ណា​មួយ​ត្រូវ​ប្ដូរ​ទីតាំង​ដោយ​សារ​ទឹក​ជំនន់​នៅ​ឡើយ​ទេ។

លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី
ផ្សាយពាណិជ្ជកម្ម

គិត​មក​ដល់​ថ្ងៃ​ទី​៩​សីហា​នេះ មណ្ឌល​ប្រឡង​នៅ​ទូទាំង​ប្រទេស​ចំនួន​១៩៥​មណ្ឌល ដែល​ត្រៀម​ទទួល​បេក្ខជន​ថ្នាក់​ទី​១២ ចូល​ប្រឡង​នៅ​ថ្ងៃ​ទី​២០​សីហា នៅ​មិន​ទាន់​ទទួល​រង​ការ​ជន់​លិច​ដោយ​សារ​ស្ថានភាព​ទឹក​ជំនន់​នៅ​ឡើយ​ទេ។ គឺ​នៅ​​ក្នុង​ករណី​ដែល​ទឹក​ជំនន់​ជន់​លិច​ទី​រួម​ខេត្ត​ទាំង​មូល​ប៉ុណ្ណោះ ដែល​ក្រសួង​អប់រំ​នឹង​ផ្លាស់​ប្ដូរ​មណ្ឌល​ប្រឡង​បាក់ឌុប​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព​។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទោះ​បី​ជា​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ស្ថានភាព​ទឹក​ជំនន់​រួច​ហើយ​ក្ដី ក៏​លោក​រដ្ឋមន្ត្រី​នៅ​មាន​ក្ដី​ព្រួយ​បារម្ភ​ថា អាកាសធាតុ​ដែល​មាន​ភ្លៀង​បន្ត​ធ្លាក់​ជោគ​ជាំ​បែប​នេះ​អាច​ជន់​លិច​មណ្ឌល​ប្រឡង ហើយ​ក្រសួង​នឹង​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​មណ្ឌល​ប្រឡង យ៉ាង​ហោច​ណាស់​ចំនួន​២ ក្នុង​ចំណោម​មណ្ឌល​សរុប​១៩៥។ ក្នុង​ឆ្នាំ​កន្លង​មក ក្រសួង​អប់រំ​ធ្លាប់​មាន​បទ​ពិសោធ​ផ្លាស់​ប្ដូរ​មណ្ឌល​ប្រឡង​នៅ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ​រួច​ហើយ។

អ្នក​ស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​សម្ដែង​ស្វាគមន៍​ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ ត្រៀម​ទប់​ទល់​នឹង​ទឹក​ជំនន់​ដូច្នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ​ផ្ដល់​ការ​អនុគ្រោះ​ដល់​បេក្ខជន​ដែល​មក​យឺត​ក្នុង​ម៉ោង​ប្រឡង ក្នុង​ករណី​មេឃ​ភ្លៀង​នាំ​មក​នូវ​ទឹក​ជំនន់។ ការ​ឡើង​ថ្លៃ​អាហារ និង​កន្លែង​ស្នាក់​នៅ​ចំពោះ​សិស្ស​ដែល​ត្រូវ​ប្រឡង ក៏​ជា​បញ្ហា​ដែល​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រាប់​​ឲ្យ​ក្រសួង​អប់រំ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ផង​ដែរ។

ជា​ការ​កត់​សម្គាល់ ប្រឈម​នឹង​ក្ដី​ព្រួយ​បារម្ភ​នេះ ក្រសួង​អប់រំ​តែង​តែ​ក្រើន​រំឭក​ដល់​គ្រប់​អ្នក​ប្រកប​របរ​អាជីវកម្ម​កុំ​ឲ្យ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​សេវា​នានា​ក្នុង​អំឡុង​ក្រសួង​អប់រំ​កំពុង​រៀប​ចំ​ដំណើរ​ការ​ប្រឡង។

សូម​បញ្ជាក់​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ នឹង​មាន​បេក្ខជន​ចូល​រួម​ប្រឡង​ទាំង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​សង្គម ចំនួន​សរុប ១១៧ ០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥​មណ្ឌល ចែក​ចេញ​ជា ៤ ៧១៦​បន្ទប់ នៅ​ទូទាំង​២៥​រាជធានី-ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ