មកដល់ពេលនេះក្រសួងអប់រំបានរៀបចំខ្លួនរួចស្រេចសម្រាប់សម័យប្រឡងបាក់ឌុបនាថ្ងៃទី២១ សីហាខាងមុខ
នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងចាប់ផ្តើម។នៅព្រឹកថ្ងៃទី១៨ សីហានេះ វិញ្ញាសាប្រឡងគ្រប់មុខវិជ្ជាបានដឹកជញ្ជូនទៅកាន់បណ្តាខេត្តនានារួចហើយ។រីឯក្រសួងអប់រំក៏វិញ បានត្រៀមខ្លួនជាស្រេចក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥២
អត្ថបទដោយ៖ ជក់ សុភា
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ បានប្រាប់វិទ្យុបារាំងថា ក្រសួងបានរៀបចំរួចរាល់ហើយសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២១ និង ២២ សីហាខាងមុខនេះ។ លោកបន្តថា ក្រសួងបានរៀបចំវិញ្ញាសា រៀបចំបញ្ជីឈ្មោះគណៈកម្មការមេប្រយោគ គណៈកម្មការអប្បមាទនិងអនុរក្សផ្សេងៗទៅតាមគ្រប់មណ្ឌលប្រឡងរួចហើយ ។
លោករដ្ឋមន្ដ្រីក្រសួងអប់រំ បញ្ជាក់ទៀតថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណនិង ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ។ទន្ទឹមនឹងនេះ លោកក៏អំពាវនាវឲ្យ លោកគ្រូ អ្នកគ្រូ មេត្ដាយកចិត្តទុកដាក់គោរពនូវបទបញ្ញាត្ដិ និងសូមជូនពរ លោកគ្រូ អ្នកគ្រូ ក៏ដូចជាបេក្ខជនទាំងអស់ សូមដំណើរការប្រឡង ទៅដោយរលូន ហើយក៏សុំឲ្យការបំពេញភារកិច្ច ក៏ដូចជាការប្រឡងថ្នាក់ទី១២នេះ ទទួលបាននូវជោគជ័យគ្រប់ៗគ្នា។
យ៉ាងណាមិញ នៅថ្ងៃនេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខែត្រ បានមកត្រួតពិនិត្យ ទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហិបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួនហើយ។
អមនឹងការដឹកជញ្ជូនហិបប្រធានវិញ្ញាសានេះដែរ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា នៅថ្ងៃនេះអង្គភាពបានបញ្ចេញអ្នកសង្កេតការណ៍ជាង ៤៥០០០នាក់ទៅកាន់រាជធានីខែត្ររបស់ពួកគាត់ រួមជាមួយការអមហិបវិញ្ញាសាប្រឡងនោះផងដែរ។
គួររឭកផងដែរថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២១ សីហា ២០១៧ មាន១៧៨មណ្ឌលសំណេរ ត្រូវជា ៤ ១៥៥បន្ទប់ ដែលមានបេក្ខជនសរុប១០៣ ១១២ នាក់ ស្រី៤៧ ៨៦១នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ក្រសួងក៏គ្រោងនឹងប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅបណ្តាល ខេត្តផ្សេងៗទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ