អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការ​បរទេស​កម្ពុជា ច្រាន​ចោល​ព័ត៌មាន​ថា​អាល្លឺម៉ង់​ដាក់​សម្ពាធ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ មិន​បាន​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសអាល្លឺម៉ង់​នោះ​ទេ។ ការ​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​នេះ​ថា អាល្លឺម៉ង់​ ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​សមាជិក​រដ្ឋាភិបាល​កម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ផ្សាយពាណិជ្ជកម្ម

លោក ​ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពុំ​មាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ជុំវិញ​ការ​ព្យួរ​ទិដ្ឋាការ​ ចាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ភ្នំពេញ​ប៉ុស្តិ៍​នោះ​ទេ។ តាម​លោក ជុំ សុន្ទរី ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាល្លឺម៉ង់ ដូច​ជា​ពុំ​មាន​ភាព​ចម្រូង​ចម្រាស់​អ្វី​នោះ​ទេ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ហើយ​ក៏​ពុំ​មាន​ការ​ព្រមាន ឬ ការ​ដាក់​សម្ពាធ​ណា​មួយ ធ្វើ​ឡើង​តាម​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា មក​ដល់​ក្រសួង​ការ​បរទេស ឬ រដ្ឋាភិបាល​កម្ពុជា នោះ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​​គណបក្ស​កាន់​អំណាច លោក​ សុខ ឥសាន បាន​អះអាង​ដែរ​ថា ប្រសិន​បើ​មាន​ការ​ព្យួរ​ទិដ្ឋាការ​ មិន​ឲ្យ​សមាជិក​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​មែន​ ក៏​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ​ពី​ព្រោះ​ថា​គ្មាន​មន្ត្រី​ណា​ចង់​ទៅ​លេង​ប្រទេស ​ដែល​មាន​ស្ថានភាព​អាកាស​ធាតុ​មិន​សូវ​អំណោយ​ផល បូក​រួម​ទាំង​សន្តិសុខ​ក្នុង​តំបន់ មិន​សូវ​ប្រកប​ដោយ​សុវត្ថិភាព ហើយ​មាន​​រួម​រឹត​ដោយ​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​បែប​នោះ​ទេ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​អត្ថបទ​វែង​អន្លាយ​មួយ ដោយ​បញ្ជាក់​ថា​ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ចាត់​វិធានការ​មួយ​ចំនួន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ ដើម្បី​ដាក់​សម្ពាធ លើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​ដៅ​ជម្រុញ​ឲ្យ​កែ​លម្អ​បរិយាកាស​នយោបាយ ដែល​អាល្លឺម៉ង់ ចាត់​ទុក​ថា ជា​ការ​រំលាយ​របប​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា​ ការ​ផ្អាក​សកម្មភាព​នយោបាយ​របស់​មន្ត្រី​អតីត​បក្ស​ប្រឆាំង និង​ការ​រឹត​ត្បិត​សេរីភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មក​ដល់​ពេល​នេះ មាន​តែ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មួយ​គត់ ដែល​បាន​ចេញ​ប្រកាស​ជា​ផ្លូវ​ការ​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​បើ​តាម​លោក ជុំ សុន្ទរី ការ​ផ្អាក​ទិដ្ឋាការ​របស់​អាមេរិក អាច​នឹង​ត្រូវ​បញ្ឈប់​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ដែល​អនុស្សារណៈកិច្ច​សហការ ក្នុង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០​នាក់​ពី​សហរដ្ឋ​អាមេរិក មក​ប្រទេស​កម្ពុជា​វិញ ត្រូវ​បាន​បំពេញ​គ្រប់​សព្វ៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ