អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការ​បរទេស​កម្ពុជា ៖ សេចក្តី​ថ្លែង​ការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា រំលោភ​អនុសញ្ញា​ស្តី​ពី​ទំនាក់​ទំនង​ការ​ទូត

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ០៤ ខែ​ឧសភា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​បាន​លើក​ឡើង​ពី​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ ដោយ​តុលាការ​កម្ពុជា។ កម្ពុជា​ចាត់​ទុក​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថា បាន​រំលោភ​បំពាន​លើ​អនុសញ្ញា​ទីក្រុង​វីយ៉ែន​ស្តីពី​ទំនាក់​ទំនង​កាទូត។

ក្រសួង​​ការ​​បរទេស​​កម្ពុជា ៖ សេចក្តី​​ថ្លែង​​ការណ៍​​របស់​​ប្រតិភូ​​សហភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា រំលោភ​​អនុសញ្ញា​​ស្តី​ពី​​ទំនាក់​​ទំនង​​ការ​ទូត​
ក្រសួង​​ការ​​បរទេស​​កម្ពុជា ៖ សេចក្តី​​ថ្លែង​​ការណ៍​​របស់​​ប្រតិភូ​​សហភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា រំលោភ​​អនុសញ្ញា​​ស្តី​ពី​​ទំនាក់​​ទំនង​​ការ​ទូត​
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​ឧសភា លើ​ចំណាត់​ការ​របស់​តុលាការ​កម្ពុជា​ក្នុង​ការ​ពន្យារ​ពេល​ឃុំ​ឃាំង ជន​ត្រូវ​ចោទ​ទាំង ៥​នាក់ ជា​មន្ត្រី និង​អតីត​មន្ត្រី ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​ហៅ ការ​សម្រេច​របស់​តុលាការ​ជុំវិញ​ករណី​របស់​មន្ត្រី​ទាំង ៥​រូប គឺ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​ទាំង​ស្រុង​របស់​កម្ពុជា។

ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ការ​ប្រារព្ធ​ខួប​លើក​ទី ២០ នៃ​ចំណង​មិត្តភាព​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា។ ក្នុង​ឱកាស​ខួប​លើក​ទី ២០​នេះ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា រំពឹង​ថា ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ភាគី​ទាំង​ពីរ នឹង​បន្ត​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​ដដែល ក៏​បាន​លើក​ឡើង​ថា «ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ក្នុង​ស្រុក​នេះ ជា​ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់​លើ​អនុសញ្ញា​ទីក្រុង​វីយ៉ែន​ស្តី​ពី​ទំនាក់​ទំនង​ការ​ទូត​មាត្រា ៤១ (១) ដែល​បាន​ចែង​ថា​រាល់​បេសកកម្ម​កាទូត​ទាំង​អស់​មាន​កាតព្វកិច្ច​គោរព​ច្បាប់ និង​បទ​បញ្ជា​នានា​របស់​រដ្ឋ ដែល​ខ្លួន​តាំង​នៅ ហើយ​ពួក​គេ​មាន​កាតព្វកិច្ច​មិន​លូក​ដៃ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​នោះ​ឡើយ។»

សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្តី​ពី​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​រូប។ សហភាព​អឺរ៉ុប​ក្នុង​ស្រុក​បាន​លើក​ឡើង​ថា​វា​មាន​សារៈ​សំខាន់​ណាស់​ដែល​សិទ្ធិ​របស់​បុគ្គល​ទាំង ៥​រូប​នេះ​ត្រូវ​បាន​គោរព​ដោយ​ពេញ​លេញ ហើយ​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​ណា​មួយ​របស់​ពួក​គេ​នៅ​ក្រោម​ច្បាប់​កម្ពុជា និង​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ ដែល​កម្ពុជា​ជា​ហត្ថលេខី ត្រូវ​ទទួល​បាន​ការ​ដោះ​ស្រាយ​ដោយ​សម​ស្រប។

សូម​ជម្រាប​ជូន​ថា​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា តុលាការ​កម្ពុជា​បាន​សម្រេច​បន្ត ឃុំ​ខ្លួន​សមាជិក ៤​រូប របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​រយៈ​ពេល ៦​ខែ បន្ត​ទៀត​ក្នុង​នោះ​រួម​មាន លោក​ស្រី​លឹម មុនី លោក​ណៃ វ៉ង់ដា លោកនី សុខា និងលោកយី សុខសាន្ត ព្រម​ទាំង​អតីត​សមាជិក​នៃ​សមាគម​អាដហុក លោក​នី ចរិយា​ដែរ។ នៅ​ក្នុង​ខែ​វិច្ឆកា ឆ្នាំ ២០១៦ ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ឃុំ​ឃាំង​តាម​អំពើ​ចិត្ត បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ​ជា​ការ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់។​

លោក ឡោ ជុនធី ជា​មេធាវី​ការពារ​ក្តី​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក​បាន​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយៗ កំពុង​រង​ចាំ​សវនាការ។ លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​តិច​តួច​លើ​ភាព​ជោគ​ជ័យ​ចំពោះ​ការ​ប្តឹង​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ