អានតួអត្ថបទ
កម្ពុជា

អនុ​ប្រធានាធិបតី​ឥណ្ឌា​សន្យា​ជា​ថ្មី​ថា​មិន​ឱ្យ​មាន​ការ​ចម្លង​ប្រសាទ​អង្គរ​វត្ត​លើ​ទឹកដី​របស់​ឥណ្ឌា

លោក​អនុប្រធានា​ធិបតី Mohamad Hamid Ansari នៅ​ថ្ងៃ​ពុធ ទី​១៦​បាន​ផ្តើម​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន និង​លោក​ឧបនាយក​រដ្ឋមន្ត្រីសុខ អាន។ ក្នុង​ជំនួប​ជាមួយ​លោក​ហ៊ុន សែន លោក​អនុ​ប្រធានាធិបតី​បាន​សន្យា​ថា​ឥណ្ឌា​នឹង​មិន​ឱ្យ​មាន​ការ​កសាង​ប្រសាទ​អង្គវត្ត​នៅ​លើ​ទឹក​ដី​ឥណ្ឌានោះ​ទេ​។ ក្រៅ​ពី​នោះ កម្ពុជា​និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​២​ផង​ដែរ។

លោកអនុប្រធានាធិបតី Mohamad Hamid Ansari (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។
លោកអនុប្រធានាធិបតី Mohamad Hamid Ansari (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សារ​ជា​ថ្មី​ម្តង​ទៀត​អនុប្រធានាធិបតី​ឥណ្ឌា លោក Mohamad Hamid Ansari បាន​សន្យា​ចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ឥណ្ឌា​មិន​អនុញ្ញាតិ​ឱ្យ​មាន​ការ​សាងសង់​ប្រសាទ​ចម្លង​ដូច​ប្រសាទ​អង្គរ​វត្ត​នៅ​ប្រទេស​ឥណ្ឌា​នោះ​ទេ។ លោក អៀង សុលផ្លែត អ្នក​នាំពាក្យ​កិច្ច​ប្រជុំ​បាន​បន្ថែម​ថា​គម្រោង​នៃ​ការ​សាងសង់​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្អាក​ហើយ ព្រោះ​ថា​ឥណ្ឌា​ទទួល​ស្គាល់​ពី​តម្លៃ​អច្ឆរិយៈ​នៃ​ប្រាង្គ​ប្រសាទ​អង្គវត្ត ហើយ​ថា អង្គរវត្ត​គួរតែ​ជា​របស់​កម្ពុជា​តែ​មួយ​គត់។ សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​តវ៉ា​យ៉ាង​ខ្លាំង​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ខណៈ​ដែល​មាន​គម្រោង​ចង់​កសាង​ប្រសាទ​Virrat Ramayan Mandirដែល​មាន​ម៉ូត​ដូច​ប្រសាទ​អង្គរ​របស់​កម្ពុជា។

ក្រៅ​ពី​នេះ ឥណ្ឌា​និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​លើ​វិស័យ​ទេសចរណ៍ និង​កិច្ច​សហប្រតិបត្តិការ​មេគង្គ និងគង្គា។ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​ជា​ហត្ថលេខី​មួយ​ បាន​ឱ្យ​ដឹង​ថា​ឥណ្ឌា​និង​កម្ពុជា​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង សម្រួល​ការ​ធ្វើ​ដំណើរ​ និង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ រួម​ទាំង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជា​ដើម។ លោក​រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា ចំណុច​សំខាន់​នៃ​ការ​ចុះ​អនុស្សារណៈ​នេះ គឺ​ការ​ពង្រឹង​​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ព្រោះ​ថា​អ្នក​ទេសចរណ៍​របស់​ឥណ្ឌា​ប្រមាណ​ជា​២០​លាន​នាក់​ បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ជា​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​កម្ពុជា​ទើប​តែ​ស្រូប​ភ្ញៀវ​ទេសចរណ៍​ឥណ្ឌា​បាន​ប្រមាណ​៣​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ ខណៈ​ដែល​អាស៊ាន​ទាំង​មូល​ស្រូប​បាន​ចំនួន​៣​លាន​នាក់។

លោក​បាន​បន្ថែម​ថា តាម​រយៈ​ការ​ចុះ​អនុស្សារណៈ​នេះ​គឺ​នឹង​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ឥណ្ឌា​ដែល​កំពុង​មាន​កំណើន​អាច​មក​ទស្សនា​នៅ​កម្ពុជា​បាន​យ៉ាង​ច្រើន​ផង​ដែរ។ ដោយ​ឡែក​អត្ថន័យ​នៃ​អនុស្សារណៈ​ផ្នែក​កិច្ច​ការ​បរទេស មេគង្គ-គង្គា រដ្ឋាភិបាល​មិន​បាន​ទម្លាយ​ឱ្យ​ដឹង​នោះ​ទេ។ សូម​បញ្ជាក់​ថា លោក​ ម៉ូហាម៉ាត់ ហាមីដ អានសារី (Mohamad Hamid Ansari) បាន​មក​ដល់​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ។

ក្នុង​ដំណើរ​ទស្សនៈ​រយៈ​ពេល​៣​ថ្ងៃ​នៅ​កម្ពុជា និង​ជា​ដំណើរ​ទស្សនៈ​កិច្ច​លើក​ដំបូង​ផង លោក​អនុប្រធានាធិបតី​បាន​ទៅ​គោរព​ស្តូប​ព្រះ​បរមកោដ្ឋ​សម្តេច​ឪ និង​ស្តូប​របស់​ប្រទេស​ឥណ្ឌា​ផង​ដែរ។ លោក​ អានសារី បាន​ថ្លែង​ថា ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​គឺ​ជា​ការ​ពង្រឹង​សម្ព័ន្ធ​ភាព​ជាមួយ​កម្ពុជា ក៏​ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដើម្បី​រក្សា​ស្ថេរភាព​ក្នុង​តំបន់ ខណៈ​តំបន់​នេះ​គឺ​ជា​ទិស​ដៅ​នយោបាយ​ការ​បរទេស​របស់​ឥណ្ឌា​តាំង​ពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ។ ការ​សន្យា​ជា​ថ្មី​ម្តង​ទៀត​របស់​អនុប្រធានាធិបតី​ឥណ្ឌា​នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នេះ គឺ​ជា​ការ​សន្យា​ជា​លើក​ទី​ពីរ​ហើយ​បន្ទាប់​អគ្គរដ្ឋទូត​ ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ ធ្លាប់​បាន​បញ្ជាក់​បញ្ហា​នេះ ម្តង​រួច​មក​ហើយ។ ហើយ​ឥណ្ឌា​បាន​អះអាង​ថា​ខ្លួន​មិន​ចង់​មាន​ភាព​ល្អក​កករ​នៃ​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​ដោយសារ​តែ​គម្រោង​កសាង​ប្រសាទ​ ដែល​ចម្លង​ម៉ូត​ពី​កម្ពុជា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ