អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួង​មហាផ្ទៃ​ប្ដឹង​រំលាយ​គណបក្ស​នយោបាយ​ចំនួន​៩

ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​ទី ២៩ ខែ សីហា នេះ បាន​ស្នើ​ទៅ​ប្រធាន​តុលាការ​កំពូល​​ សុំ​រំលាយ​គណបក្ស​នយោបាយ​ចំនួន​៩។ បើ​តាម​ក្រសួង​មហាផ្ទៃ គណបក្ស​នយោបាយ​ទាំង​៩​នោះ​មិន​បាន​ផ្ញើ​របាយការណ៍​សកម្មភាព​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ​ទៅ​ក្រសួង​មហាផ្ទៃ ដូច​ដែល​មាន​ចែង​ក្នុង​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។ ក្រៅ​ពី​នោះ​គណបក្ស​ទាំង​នេះ​ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​ក្នុង​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ផង​ដែរ។

ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

លោក​ ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​តុលាការ​កំពូល ស្នើ​សុំ​ប្ដឹង​រំលាយ​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្តិ​ខុស​បទ​បញ្ញតិ្ដ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។ ​គណបក្ស​នយោបាយ​ទាំង​នោះ​រួម​មាន៖ គណបក្ស​ប្រជាជាតិ​ខ្មែរ គណបក្ស​ពលរដ្ឋ​ខ្មែរ គណបក្ស​សង្គម​ខ្មែរ​និយម គណបក្ស​សង្គម​ថ្មី គណបក្ស​ខ្មែរ​ជាតិ​និយម គណបក្ស​នាង​នាគ​នារី​ខ្មែរ គណបក្ស​ពន្លឺ​សេរីភាព​លោក ថាច់ រើង គណបក្ស​ស្ដ្រី​សង្គ្រោះ​កម្ពុជា និងគណបក្ស​សេរី​បង្រួប​បង្រួម​ជាតិ។ ក្នុង​លិខិត​នេះ​បញ្ជាក់​ថា គណបក្ស​ទាំង​៩​នេះ ​មិន​បាន​ផ្ញើ​របាយការណ៍​ប្រចាំ​ឆ្នាំ តាម​ឆ្នាំ​នីមួយៗ ទៅ​ក្រសួង​មហាផ្ទៃ​ឡើយ។ ទង្វើ​របស់​គណបក្ស​ទាំង​នេះ គឺ​ជា​ការ​ល្មើស​នឹង​បទ​បញ្ញត្តិ​មាត្រា​៣១​ មាត្រា២៦ថ្មី និង​មាត្រា​៤៨ ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ។ នេះ​បើ​យោង​តាម​លោក ស ខេង។ លិខិត​នេះ​បន្ដ​ថា​ គណបក្ស​ទាំង​នេះ​ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។ ​

​លិខិត​នេះ​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ក្នុង​ចំណោម​គណបក្ស​៩​ខាង​លើ​ មាន​គណបក្ស​ចំនួន​៤ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​បណ្ដោះ​អាសន្ន។ គណបក្ស​ទាំង​បួន​រួម​មាន គណបក្ស​នាង​នាគ​នារី​ខ្មែរ គណបក្ស​ពន្លឺ​សេរីភាព​លោក ថាច់ រើង គណបក្ស​សេរី​បង្រួប​បង្រួម​ជាតិ និង​គណបក្ស​ស្ដ្រី​សង្គ្រោះ​កម្ពុជា។

ក្រៅ​ពី​ផ្ញើ​លិខិត​ទៅ​កាន់​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​ចំនួន​៩ នៅ​ថ្ងៃ​នេះ​ដែរ ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ផ្ញើ​លិខិត​ដោយ​ឡែក​ទៅ​គណបក្ស​នយោបាយ​ចំនួន​១១ ផ្សេង​ទៀត ដែល​ក្រសួង​យល់​ថា មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​តាម​បទ​បញ្ញត្ដិ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​នយោបាយ។ ក្នុង​លិខិត​នោះ​បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង​នោះ​មាន​រយៈ​ពេល​១៥​ថ្ងៃ​ដើម្បី​បំពេញ​បែប​បទ​តាម​សំណើ​របស់​ក្រសួង បើ​ខក​ខាន នោះ​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

សូម​ជម្រាប​ថា គិត​មក​ដល់​ដំណាច​ឆ្នាំ​២០១៦ គណបក្ស​នយោបាយ​មាន​ចំនួន​សរុប​៦៩​គណបក្ស ក្នុង​នោះ​គណបក្ស​បាន​បង្កើត តែ​មិន​ទាន់​បាន​ចុះ​បញ្ជី ២៥​គណបក្ស និង​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​៤៤​គណបក្ស។ ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ចុះ​បញ្ជី​គណបក្ស​នយោបាន​ចំនួន​៣ អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​នយោបាយ​ចំនួន​៦ និង​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ចំនួន​១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ