អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​បង្ហាញ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ជា​ថ្មី ខណៈ​ពលករ​ខ្មែរ​កំពុង​សម្រុក​ទៅ​ធ្វើ

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​កំពុង​សម្រុក​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​នូវ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ជា​ថ្មី។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្ម​កាល​ពី​ម្សិល​មិញ ទើប​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ។

ការិយាល័យ​លិខិត​ឆ្លង​ដែន
ការិយាល័យ​លិខិត​ឆ្លង​ដែន
ផ្សាយពាណិជ្ជកម្ម

តាម​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ធម្មតា​មាន​បី​ប្រភេទ គឺ ទី១ សេវា​រយៈពេល​២០​ថ្ងៃ តម្លៃ​១​ក្បាល ១០០​ដុល្លារ​អាមេរិក ទី​២ សេវា​រយៈ​ពេល​១០​ថ្ងៃ តម្លៃ​១​ក្បាល ១៥០​ដុល្លារ​អាមេរិក និង ទី​៣ សេវា​រយៈ​ពេល​១​ថ្ងៃ តម្លៃ​១​ក្បាល​គឺ​ ២០០​ដុល្លារ​អាមេរិក។

ជាមួយ​នឹង​ការ​បង្ហាញ​នូវ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ជា​ថ្មី​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​និង​ពលករ​ខ្មែរ​ទាំង​អស់​ឲ្យ​មក​ទាក់​ទង​ដោយ​ផ្ទាល់​នៅ​នាយកដ្ឋាន​ធ្វើ​លិខិត​ឆ្លង​ដែន ដើម្បី​ជៀស​វាង​ការ​ឆ្លៀត​ឱកាស​យក​កម្រៃ​សេវា​លើស​ការ​កំណត់​ពី​សំណាក់​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ឬ​មេ​ខ្យល់​ឬ​ក៏​អ្នក​រត់​ការ​យក​កម្រៃ​ជើង​សារ។ នាយកដ្ឋាន​ធ្វើ​លិខិត​ឆ្លង​ដែន គឺ​មាន​ទីតាំង​នៅ​ក្នុង​ភូមិតាង៉ូវ សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។ ចំពោះ​ពលករ​ទៅ​បំពេញ​ការងារ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស​ដោយ​មាន​ការ​ទទួល​ស្គាល់​និង​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ការងារ​ក៏​អាច​មក​កាន់​នាយកដ្ឋាន​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ​ដោយ​ផ្ទាល់​នៅ​ភ្នំពេញ ឫ​ក៏​ទាក់​ទង​ទៅ​សាខា​ធ្វើ​លិខិត​ឆ្លង​ដែន​ពីរ​ទៀត​ក៏​បាន ដែល​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង។ រីឯ​សាខា​មួយ​ទៀត គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ជា​ការ​កត់​សម្គាល់ ការ​ប្រកាស​តម្លៃ​ជា​ថ្មី និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាក់​ទង​ដោយ​ផ្ទាល់​ទៅ​កាន់​នាយកដ្ឋាន​ធ្វើ​លិខិត​ឆ្លង​ដែន​នេះ គឺ​ស្រប​ពេល​ដែល​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ខុស​ច្បាប់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​កំពុង​តែ​សម្រុក​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន ដើម្បី​ឆាប់​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​ឡើង​វិញ។ ដោយ​ឡែក សម្រាប់​ពលករ​ទៅ​បំពេញ​ការងារ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នោះ នាយកដ្ឋាន​ធ្វើ​លិខិត​ឆ្លង​ដែន និង​សាខា​ពីរ​ទៀត នឹង​ផ្ដល់​លិខិត​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ