អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​មហាផ្ទៃ​គ្រោង​បង្កើត​គណៈកម្មាធិការ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​នៅ​កន្លែង​ឃុំ​ខ្លួន

ក្រសួង​មហា​ផ្ទៃ​នឹង​បង្កើត​គណៈកម្មាធិការ​ថ្នាក់​ជាតិ​មួយ​ ដើម្បី​ត្រួត​ពិនិត្យ​ការ​ធ្វើ​ទារុណកម្ម​នៅ​កន្លែង​ឃុំ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ខណៈ​ដែល​គេ​រក​ឃើញ​ថា នៅ​កន្លែង​ឃុំ​ខ្លួន​ខ្លះ មាន​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់​ឃុំ​ពិត​មែន។

រូបភាព​តំណាង៖ ពន្ធនាគារ
រូបភាព​តំណាង៖ ពន្ធនាគារ @សហការី
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ថ្មី​ត្រួត​ពិនិត្យ​ការ​ធ្វើ​ទារុណកម្ម​នេះ នឹង​ដឹក​នាំ​ដោយ ​លោក នុត សាអាន ដែល​ទើប​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

លោក នុត សាអាន បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​នេះ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​នៅ​កន្លែង​ឃុំ​ខ្លួន​មនុស្ស​ទាំង​អស់​ទូទាំង​ប្រទេស​ ពោល​មិន​មែន​តែ​នៅ​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ។ គណៈកម្មាធិការ​ថ្មី​នេះ អាច​ទៅ​ត្រួត​ពិនិត្យ ​ថា​តើ​នៅ​កន្លែង​ឃុំ​ខ្លួន​ទាំង​នោះ មាន​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់​ឃុំ​ឃាំង​ដែរ​ឬ​យ៉ាង​ណា។ បើ​តាម លោក នុត សាអាន ដដែល គណៈកម្មាធិការ​នេះ នឹង​ចុះ​ត្រួត​ពិនិត្យ​នៅ​កន្លែង​ឃុំ​ឃាំង​ទាំង​អស់ ដោយ​មិន​ចាំ​ទាល់​តែ​មាន​ពាក្យ​បណ្តឹង​ថា​ មាន​ការ​ធ្វើ​ទារុណកម្ម​ទើប​ចុះ​ត្រួត​ពិនិត្យ​នោះ​ទេ​។

សូម​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​ត្រួត​ពិនិត្យ​ការ​ធ្វើ​ទារុណកម្ម​នេះ ធ្វើ​ឡើង​ជាង​១០​ឆ្នាំ ​ក្រោយ​ពី​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​ទាក់​ទង​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម នៅ​ឆ្នាំ​២០០៧។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ស្វាគមន៍​ការ​បង្កើត​គណៈកម្មាធិការ​ថ្មី​នេះ ប៉ុន្តែ​លោក​មិន​ទាន់​អាច​វាយ​តម្លៃ​ស៊ី​ជម្រៅ​នៅ​ឡើយ ដោយ​រង់​ចាំមើល​ប្រសិទ្ធភាព​ការងារ​នៃ​ស្ថាប័ន​ជាតិ​មួយ​នេះ​សិន ​ថា​ធ្វើ​ការ​មាន​ប្រសិទ្ធភាព​កម្រិត​ណា។

បើ​តាម​លោក អំ សំអាត ​នៅ​តាម​កន្លែង​ឃុំ​ខ្លួន​មនុស្ស​មួយ​ចំនួន ពិត​ជា​មាន​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំ​មែន ​ជា​ពិសេស​នៅ​កន្លែង​នគរបាល​យុត្តិធម៌​តែ​ម្តង។ ការ​ធ្វើ​ទារុណកម្ម​នោះ គឺ​ដោយ​សារ​តែ​សមត្ថកិច្ច​ចង់​បាន​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ។​ នេះ​បើ​មន្រ្តី​សិទ្ធិ​មនុស្ស​ដដែល។​

យោង​តាម​របាយការណ៍​របស់​ពន្ធនាគារ កម្ពុជា​មាន​អ្នក​ជាប់​ឃុំ​ជាង​២៨០០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៧។ ចំនួន​នេះ​​កើន​ឡើង​ជិត​៣០​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ២០១៦​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ