អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​មហា​ផ្ទៃ ប្តឹង​មន្រ្តី​ប្រាំ​រូប​នៃ​ចលនា​សង្រ្គោះ​ជាតិ ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់

ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី ១៤ កុម្ភៈ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង មន្រ្តី​សំខាន់​ប្រាំ​រូប​នៃ​ចលនា​សង្រ្គោះ​ជាតិ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់។ យ៉ាង​ណា​ក៏​ដោយ លោក អេង ឆៃអ៊ាង ដែល​អះអាង​ថា​ជា​សហស្ថាបនិក​មួយ​រូប​នៃ​ចលនា​សង្រ្គោះ​ជាតិ ថា​លោក មិន​ខ្វាយ​ខ្វល់​ចំពោះ​ចំណាត់​ការ​នេះ​ឡើយ និង​ថា​ចលនា​សង្រ្គោះ​ជាតិ នឹង​នៅ​តែ​បន្ត​សកម្មភាព​តស៊ូ​ដោយ​អហិង្សា​ពី​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា។

លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ខៀវ សុភ័គ បាន​អះអាង​ថា ក្រសួង​មហា​ផ្ទៃ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ខាង​ក្រៅ​ប្រទេស​ ​ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ខុស​ច្បាប់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ឈ្មោះ​មន្រ្តី​សំខាន់ៗ​ទាំង​៥​រូប នៃ​ចលនា​សង្រ្គោះ​ជាតិ​នេះ មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ។

ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ចលនា​សង្រ្គោះ​ជាតិ​នា​ពេល​នេះ​ លោក អេង ឆៃអ៊ាង សហស្ថាបនិក​នៃ​ចលនា​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី ១៥ កុម្ភៈ នេះ​ថា លោក មិន​ចាប់​អារម្មណ៍​ចំពោះ​ចំណាត់​ការ​នេះ​ឡើយ មិន​ភ្ញាក់​ផ្អើល ហើយ​ក៏​មិន​ចាប់​អារម្មណ៍​ដែរ។ មិន​ចាប់​អារម្មណ៍ និង​មិន​ភ្ញាក់​ផ្អើល ព្រោះ​ថា​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​មក​លើ​អតីត​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក អេង ឆៃអ៊ាង។

លោក អេង ឆៃអ៊ាង បន្ថែម​ថា ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ ឆ្នាំ​ទៀត មិន​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​នៃ​បក្ស​នេះ ចំនួន ១១៨​នាក់ មក អ្នក​គាំទ្រ សមាជិក រួម​ទាំង​មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ក៏​តែង​តែ​ត្រូវ​រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់។

ជា​ការ​កត់​សម្គាល់ ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​តំណាង​រាស្ត្រ​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ ​បាន​រត់​ភៀស​ខ្លួន​ទៅ​បរទេស​ ​និងបាន​ចូល​រួម​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​មួយ​លោកសម រង្ស៊ី​ ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​រូប ​ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា​។ និង​ទាម​ទារ​ឲ្យ​អតីត​គណបក្ស​ប្រឆាំង​នេះ ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត ក្នុង​ឆ្នាំ​២០១៨ នេះ​ ប្រកប​ដោយ​សេរី ​ត្រឹម​ត្រូវ​ ​និង​យុត្តិធម៌។​

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្មីៗ​នេះ បាន​អះអាង​ថា​នឹង​ប្តឹង​ទៅ​តុលាការ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​នយោបាយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ដែល​ចូល​រួម​ចលនា​សង្រ្គោះ​ជាតិ។ ចលនា​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន លោក សម រង្ស៊ី ​បង្កើត​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា ពី​ទី​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ចលនា​ថ្មី​នេះ​ថា ជា​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់ ប៉ុន្តែ លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ មិន​ចាំ​បាច់​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហា​ផ្ទៃ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំលាយ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ